ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ដោយសារតែមានការស៊ីឡាកខ្លះៗ ពីអ្នកប្រដាល់ ក្នុងការវាយបន្ថែមគូប្រកួត ឬគូប្រកួតបន្លំធ្វើជាសន្លប់ បន្ទាប់ពីមានការវាយបន្ថែមនោះ សហព័ន្ធប្រដាល់គុនខ្មែរ សម្រេចចិត្តធ្វើការកែលម្អ លើបទបញ្ជាប្រកួតរបស់ខ្លួន ។
លោកឩត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា យើងមិនអាចបំពាក់ខ្សែក្រវាត់ ឲ្យអ្នកដែលសន្លប់បានទេ ហើយក៏យើងមិនអាច បំពាក់ខ្សែក្រវាត់ ឲ្យអ្នកដែលវាយ បន្ថែមគេបានដែរ ។ ការប្រកួត ត្រូវតែស្ថិតលើគោលការណ៍ Fair-Play គឺអ្នកឈ្នះ ត្រូវតែសក្តិសម ជាអ្នកឈ្នះ ឯអ្នកចាញ់ គឺត្រូវតែទទួកយកការពិត ។
ប្រមុខប្រដាល់គុនខ្មែរ រូបនេះ បានបន្តថា សហព័ន្ធ ធ្វើការកែសម្រួល តែបន្តិចបន្តួចប៉ុណ្ណោះ ។ ប្រសិនបើ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ មានករណីវាយបន្ថែម លើគូប្រកួតនោះ ការប្រកួតនេះ ត្រូវតែទុកជាមោឃៈ ដោយមិនមានការប្រកាស លទ្ធផលឡើយ ។ គណៈកម្មការរៀបចំការប្រកួត នឹងលើកគូនេះ ទៅប្រកួត នៅពេលក្រោយ ដើម្បីរកលទ្ធផលមួយ ដែលសក្តិសម និងមានភាពយុត្តិធម៌ និយាយឲ្យចំ សហព័ន្ធ មិនអាចបំពាក់ខ្សែក្រវាត់ ឲ្យអ្នកសន្លប់ ហើយក៏មិនអាចបំពាក់ខ្សែក្រវាត់ ឲ្យដល់អ្នកដែលបំពានគេបានដែរ ៕v