ចិនកាលពីថ្ងៃពុធ បានព្រមានថា វីរុសស្រដៀងនឹងវីរុសបង្កជំងឺSarsអាចវិវត្តផ្លាស់ប្តូរនិងចម្លងរាលដាលកាន់តែខ្លាំងនៅពេលចំនួនមនុស្សស្លាប់និងឆ្លងកាន់តែកើនឡើង។
គិតមកត្រឹមព្រឹកថ្ងៃពុធទី២២មករា មនុស្សសរុប៤៤០នាក់បានឆ្លងកូរ៉ូណាវីរុសដែលបង្កជំងឺផ្លូវដង្ហើមនិង៩នាក់បានស្លាប់នៅទូទាំងប្រទេសចិន នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការសុខាភិបាលជាតិចិន។
អនុប្រធានគណៈកម្មាធិការលោក លី ប៊ីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស៩នាក់បានស្លាប់ពីការផ្ទុះជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសនិងខេត្តក្រុងរបស់ចិនចំនួន១៣បានរកឃើញថាមានអ្នកឆ្លងវា។
មុននេះ អាជ្ញាធរចិនបានប្រកាសថា អ្នកឆ្លងកូរ៉ូណាវីរុសនេះមានចំនួន៣២៤នាក់និងស្លាប់៦នាក់។
គណៈកម្មាធិការនេះក៏បានប្រកាសដាក់ចេញវិធានការដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស នៅពេលប្រជាជនចិនរាប់រយលាននាក់កំពុងធ្វើដំណើរទៅស្រុកដើម្បីអបអរបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ។វិធានការរួមមាន ការសម្លាប់មេរោគ និងដាក់ឧបករណ៍តាមដានសុខភាពអ្នកដំណើរតាមអាកាសយានដ្ឋាន ស្ថានីយរថភ្លើងនិងនៅផ្សារលក់ដូរ។
លោកលីក៏បានស្នើអោយប្រជាជនក្រុងវូហាន ដែលជាប្រភពផ្ទុះជំងឺនេះស្ថិតតែនៅក្នុងទីក្រុងនេះ និងថាសត្វរស់មិនអនុញ្ញាឲ្យចេញចូលក្នុងទីក្រុងនេះទេ។
មានរបាយការណ៍ថា អាជ្ញាធរចរាចរណ៍នៅក្រុងវូហាន ឆែកឆេររថយន្តឯកជនដោយចោះៗ ដើម្បីស្វែងរកសត្វ និងការធ្វើដំណើរកម្សាន្តជាក្រុមក៏ត្រូវហាមឃាត់។
ដោយសង្ស័យថា សត្វជាប្រភពចម្លងវីរុសនៅផ្សារមួយនៅវូហាន រថយន្តចូលនិងចេញពីទីក្រុងត្រូវបានឆែករកមើលសត្វរស់ ជាពិសេសសត្វស្លាបនិងសត្វព្រៃ។អ្នកដំណើរចេញពីក្រុងក៏ត្រូវបានពិនិត្យសុខភាព គឺកម្ដៅខ្លួនមុននឹងត្រូវបានអនុញ្ញាតឲ្យចាកចេញ៕ប្រែសម្រួល៖វាសនា/Ha
លោកលី ប៊ីន ធ្វើសន្និសីទកាសែតកាលពីថ្ងៃពុធនៅក្រុងប៉េកាំងដើម្បីបង្ហាញតួលេខចុងក្រោយនិងវិធានការ
ការផ្ទុះកូរ៉ូណាវីរុសនៅចិននេះកើតឡើងចំពេលប្រជាជនចិនរាប់រយលាននាក់ធ្វើដំណើរចេញទៅកម្សាន្តនៅបរទេសនិងទៅស្រុកក្នុងអំឡុងពេលចូលឆ្នាំថ្មី