ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ បានង្ហាញនូវជំនឿចិត្តថា គេនឹងឆ្លងផុតវគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍ TV5 Boxing Knkck-Out Serie by K-Cemant ក្នុងការប្រកួត នាយប់ថ្ងៃទី២៥ មករា ខាងមុខនេះ ។
ដារ័ត្ន ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ អេលីត ភក្ដី ក្លិបប៉ែនកាក់គុនខ្មែរ ។ ព្រឹត្តិកាណ៍នេះ អ្នកចាញ់ គឺហាលអាវ ឯអ្នកឈ្នះ ត្រូវឡើងទៅប្រកួតបន្ត នាវគ្គជម្រុះជុំទី២ ទៀត ។ ដារ័ត្ន គេទើបតែប្រកួតឈ្នះ អ្នកប្រដាល់វ័យចំណាស់ថៃ ប្រា វីត (Pra Vit) កាលពីចុងសប្ដាហ៍មុននេះ ។ គេជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃធ្ងន់ និងវ៉ៃច្បាស់ ជាទីបំផុត គេតែងតែប្រើកណ្ដាប់ដៃ យកឈ្នះគូប្រកួត ។
ទោះជាយ៉ាងណា ក៏ជង្គង់ កែង និងស្នៀត ទាត់របស់គេ មិនស្រួលទប់ទល់ដែរ ។ អ្នកប្រដាល់រូបនេះ វ៉ៃឆេវឆាវបន្តិច ហើយគេចូលចិត្ត លួចវាយបន្ថែម លើគូប្រកួតណាស់ ។
ចំពោះ អេលីត ភក្តី វិញ គេជាអ្នកប្រដាល់ ស្រករក្រោយទេ តែគេឆាប់ទទួលបាន នូវភាពល្បីល្បាញ ដោយសារតែគេ មានការប្រកួតច្រើន។ អ្នកប្រដាល់ រូបនេះ មានផ្លែវ៉ៃល្អ ហើយគេចាប់ផ្ដើមវ៉ៃ តាំងពីទឹកទី១ ទៅតែម្ដង ។ បទពិសោធន៍នៅលើ សង្វៀនរបស់គេ ខ្ចីជាង ដារ័ត្ន ឆ្ងាយណាស់ ។ យ៉ុន ដារ័ត្ន អាចប្រជែងដណ្ដើមកៅអី សម្រាប់វគ្គជម្រុះជុំទី២ បានឬទេ ? សូមបញ្ជាក់ថា អេលីត ភក្ដី ក៏គេតាំងចិត្តប្រជែងយកកៅអី សម្រាប់ជុំទី២ ឲ្យបានដែរ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ ឡុង បេនលឿន ក្លិបសាលវ័ន្ដកីឡា ជួបជាមួយអ្នកប្រដាល់ សឿន ឆ្នើម របស់ក្លិបទ័ពឆ័ត្រយោង៩១១ ។ សឿន ឆ្នើម គេមិនសូវលេចមុខ លេចមាត់ ប៉ុន្មានឡើយ តែគេជាអ្នកប្រដាល់ ដែលមានភាពអំណត់ខ្ពស់ កម្លាំងរបស់គេ អស្ចារ្យណាស់ ទោះបីកលល្បិចរបស់គេ មិនសូវអស្ចារ្យ ក៏ពិតមែន តែគេជាអ្នកប្រដាល់ ដែលហ៊ានប្ដូរកែង កណ្ដាប់ដៃ និង ជង្គង់ ជាមួយគូប្រកួត ដោយគ្មានញញើត ។
ចំពោះបេនលឿន វិញ គេជាអ្នកប្រដាល់ ដែលវ៉ៃ ដោយអាងកម្លាំងបាយ គេមិនមានស្នៀតអ្វី ពិសេស ដើម្បីផ្ដួលគូប្រកួតឡើយ។ រវាងឡុង បេនលឿន និង សឿន ឆ្នើម មិនដឹងថា នរណា ឆ្លងផុតវគ្គជម្រុះជុំទី១ នេះឡើយ ។ តាមពិត ពួកគេមានឱកាសដើម្បីឈ្នះដូចគ្នា ។
ជំនួបជាមិត្តភាពរវាង អ្នកប្រដាល់កម្ពុជា និង ថៃ វិញនោះ អ្នកប្រដាល់ជើងខ្លាំង ឡុង សំណាង ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយ អ្នកប្រដាល់ថៃ យុគ ភីត (Yuk Phit) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះ នរណា ក៏មានជំនឿចិត្តថា សំណាង នឹងឈ្នះ ជាមិនខានឡើយ ទោះបី យុគ ភីត ជាអ្នកប្រដាល់ឆ្លងដែន ដែលមានប្រវត្តិវ៉ៃ មិនអន់ក៏ដោយ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ធន អៀងឡេង ក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយ សេង សាយ ក្លិបពន្លឺវិបុលដារិទ្ធ ខ័ណ្ឌពោធិ៍សែនជ័យ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ ញឹម វណ្ណឆៃ ក្លិបកុលបុត្រគុនខ្មែរ ប្រកួតជាមួយ ឈុំ ឈៀង ក្លិបអារុណរះកីឡា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v