អ្នកស្រាវជ្រាវនិយាយថា វីរុសវូហាននិងជំងឺសាគឺជាមេរោគខុសគ្នាប្រៀបបីដូចជាឆ្កែនិងឆ្មា

525
ចែករម្លែក

ក្រុមអ្នកស្រាវជ្រាវនៅសិង្ហបុរីបាននិយាយថា ទោះបីជាវីរុសវូហានមានលក្ខណៈស្រដៀងនឹងជំងឺសា និងចេញមកពីគ្រួសារមេរោគតែមួយក៏ដោយ ក៏ប៉ុន្តែវីរុសទាំងពីរមានភាពខុសគ្នា។

ពួកអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានជីវព័ត៌មានវិទ្យានៃប្រទេសសិង្ហបុរីបានពិនិត្យប្រូតេអ៊ីននៅផ្ទៃខាងលើដ៏សំខាន់របស់វីរុសវូហាន ដែលភ្ជាប់ទៅនឹងភ្នាក់ងារទទួលមួយ ដោយអនុញ្ញាតឱ្យវាឆ្លងទៅសត្វនិងជួនកាលទៅមនុស្ស។

ពួកគេបានរកឃើញថា វាមានហ្សែន ៧៦ ភាគរយដូចគ្នានឹងហ្សែនរបស់ជំងឺសានៅក្នុងប្រូតេអ៊ីននេះ។

ប៉ុន្តែលោកវេជ្ជបណ្ឌិត សេបាស្ទាន មូរ៉័រស្ត្រូ (Sebastian Maurer-Stroh) អនុប្រធានស្រាវជ្រាវនៃវិទ្យាស្ថាននេះ ដែលស្ថិតក្រោមចំណុះទីភ្នាក់ងារវិទ្យាសាស្ត្របច្ចេកវិជ្ជានិងស្រាវជ្រាវ (A*Star) បាននិយាយថា នេះហើយគឺជាភាពខុសគ្នា។

លោកវេជ្ជបណ្ឌិត មូរ៉័រស្ត្រូ ដែលជាប្រធានកម្មវិធីជំងឺឆ្លងរបស់មនុស្សនៅវិទ្យាស្ថាននេះដែរនោះ បាននិយាយថា “វាប្រៀបបីដូចជាការប្រៀបធៀបសត្វឆ្កែនិងឆ្មាយ៉ាងអ៊ីចឹង។ ទោះតាមមធ្យោបាយណាក៏ដោយ វាមិនទាក់ទងគ្នាខ្លាំងនោះទេ ដូច្នេះវាមិនដូចជំងឺសាទេ”។

ពួកអ្នកស្រាវជ្រាវក្នុងសិង្ហបុរីត្រូវបានស្នើឱ្យធ្វើការវិភាគដោយអង្គការ GISAID ដែលលើកកម្ពស់ការចែករំលែកជាអន្តរជាតិនូវរាល់ផលវិបាកនៃវីរុសផ្តាសាយទាំងឡាយ។ ការងារនេះគឺផ្អែកលើព័ត៌មានពីមន្ទីរពិសោធន៍នៅប្រទេសចិនជប៉ុននិងថៃដែលបានចែករំលែកព័ត៌មានអំពីផលវិបាកនៃវីរុសវូហានតាមរយៈវេទិការបស់ GISAID។

ដូចជំងឺសានិងវីរុសរលាកសួតដទៃទៀតដែរ វីរុសវូហានទំនងជាមានដើមកំណើតចេញពីសត្វប្រចៀវ ប៉ុន្តែគេមិនទាន់ច្បាស់ទេថាតើអាចមានសត្វណាមួយផ្សេងទៀតទេ មុនពេលវាឆ្លងមកមនុស្ស។

ឧទាហរណ៍ជាក់ស្តែង ចំពោះជំងឺសា សត្វប្រចៀវត្រូវបានគេរកឃើញថាជាអាងស្តុកឬជាអ្នកផ្ទុកវីរុស ដែលបន្ទាប់មកឆ្លងទៅឆ្មា មុនពេលវារាលដាលដល់មនុស្សនៅក្នុងផ្សារលក់សាច់ឆ្មា។

ទោះបីប្រចៀវអាចពង្រាយភ្នាក់ងារបង្ករោគយ៉ាងរហ័ស ដែលអាចសម្លាប់មនុស្សបានក៏ដោយ ក៏ប៉ុន្តែមិនដឹងយ៉ាងម៉េចទេ ពួកវាហាក់មិនប៉ះពាល់ដោយវីរុសដូចជា អេបូឡា សា និង នីប៉ានោះទេ។ ពួកវាហាក់រឹងមាំជាង និង រស់នៅយូរជាង ៣ ទៅ ១០ ដងធៀបនឹងសមភាគីគ្មានស្លាបរបស់វាដែលមានទំហំប្រហាក់ប្រហែលគ្នា ដូចជា កណ្តុរ ជាដើម។

លោកវេជ្ជបណ្ឌិត សេបាស្ទាន មូរ៉័រស្ត្រូ កត់សម្គាល់ថា ការវិភាគចុងក្រោយរកឃើញថា វីរុសវូហានគឺពាក់ព័ន្ធខ្លាំងជាមួយវីរុសរលាកសួត ដែលរកឃើញក្នុងប្រចៀវជាជាងជំងឺសា។

លោកបានប្រាប់កាសែត The Straits Times ថា “ប៉ុន្តែយើងមិនអាចដកចេញនូវលទ្ធភាពដែលថា មានសត្វមួយផ្សេងទៀតស្ថិតក្នុងចន្លោះសត្វប្រចៀវនិងកណ្តុរនោះទេ”។

មន្ទីរពិសោធន៍របស់គាត់ឥឡូវកំពុងពិនិត្យមើលទិន្នន័យលម្អិតជាងនេះដើម្បីស្វែងរកពូជរបស់វីរុសវូហាន៕ ដោយ៖ កញ្ញាដាលីស

អ្នកស្រាវជ្រាវសិង្ហបុរីថាវីរុសវូហាននិងជំងឺសាមិនមែនជាមេរោគដូចគ្នាទេ