ក្រសួងសុខាភិបាលថៃបានអះអាងកាលពីថ្ងៃពុធទី២២មករាថា ស្ត្រីថៃអាយុ៧៣ឆ្នាំ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ត នគរ ផាថូម ចំពោះជម្ងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី ។
មន្ត្រីសុខាភិបាលថៃបាននិយាយថា ស្ត្រីរូបនេះបានធ្លាក់ខ្លួនឈឺបន្ទាប់ពីវិលមកពីទីក្រុងវូហានប្រទេសចិនកាលពីចុងឆ្នាំមុន និងការធ្វើតេស្តបង្ហាញថាគាត់ឆ្លងកូរ៉ូណាវីរុស ដែលកំពុងចម្លងយ៉ាងឆាប់រហ័សនៅចិននាពេលបច្ចុប្បន្ន។
នៅថៃឥឡូវគេរកឃើញករឃើញអ្នកឆ្លងវីរុសនេះ៤ករណី ដោយ៣នាក់ជាអ្នកទេសចរចិន និងម្នាក់ជាជនជាតិថៃ។អ្នកទេសចរចិនទី២ដែលរកឃើញថាមានវីរុសនេះត្រូវបានព្យាបាលជាទាំងស្រុងនិងវិលទៅស្រុកវិញ។
វេជ្ជបណ្ឌិត សូផុន អៀមស៊ីរីថាវ៉ន នាយកនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺ បាននិយាយថាស្ត្រីចិនអាយុ៧៤ឆ្នាំដែលបានមកដល់ថៃកាលពីថ្ងៃ១៣មករាត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថានជម្ងឺឆ្លងនៅខេត្តណុនថាប៊ូរីក្រោយការធ្វើតេស្តបង្ហាញថាគាត់ឆ្លងវីរុស2019-nCoV ។គាត់បានចេញទៅចិនវិញកាលពីថ្ងៃអង្គារ នៅពេលពិនិត្យទៅលែងឃើញវីរុសតទៅទៀត៕ដោយ៖វាសនា

សមត្ថកិច្ចថៃពិនិត្យអ្នកដំណើរនៅអាកាសយានដ្ឋាន