មានបុគ្គលពីររូបកំពុងឈូសរានព្រៃ​ ក្បែរព្រលានយន្តហោះអន្តរជាតិ​សៀមរាប បំរ៉ុងបង្កើតភោជនីយ​ដ្ឋាន

ដោយ:អង្គរតូច/សៀមរាប ៖ បុគ្គលពីររូបដែលមួយរូបជាអនុប្រធានភូមិ និងមួយរូបទៀតជាថៅថែហាងដ៍ធំក្នុងតំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា បានកំពុងឈូសព្រៃ​រានយកដីក្នុងដែនគ្រប់គ្រងអាជ្ញាធរអប្សរា បំរ៉ុងបង្កើតភោជនីយដ្ឋាន និងពុះឡូត៍លក់ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប។ ករណីនេះថ្នាក់ដឹក នាំអាជ្ញាធរអប្សរាបញ្ជាក់​ថា ចាំបាច់ត្រូវទប់ស្កាត់មិនអោយបុគ្គណាម្នាក់ ទៅបម្រែពីដីស្រែទៅជាដីភូមិ ពីដីភូមិទៅជាភោជនីយដ្ឋាននោះឡើយ។

ទីតាំងដីដែលបុគ្គលពីរូបខាងលើឈូសឆាយ ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង​សៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិ ជាតំបន់បេតិកភណ្ឌដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។

នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី២២ខែមករានេះ លោក កុក ឃន ម្ចាស់ដីដែលកំពុងបង្កើតភោជនីយ ដ្ឋានឈ្មោះថា (មាន់ដុតប៉ោតស្រែ១០០)បានប្រាប់ថា ដីរបស់គាត់មាន​ទំហំជាងពីរហិកតា រូបគាត់បានកាន់កាប់ធ្វើស្រែយូឆ្នាំមកហើយ។ ពេលនេះរូបគាត់មានបំណងដាំដើមឈើខ្លះ និងដំណាំហូបផ្លែខ្លះ និងបង្កើតជាកន្លែងលក់ដូរ ដើម្បីជីវភាពគ្រួសារ។

លោកបន្តថា ការដែលមកបង្កើតការដាំដុះនិងកន្លែងលក់ដូរ គឺបានសុំមេភូមិដោយផ្ទាល់មាត់។តែមិនបានស្នើសុំទៅខាងអាជ្ញាធរអប្សរានោះទេ ពីព្រោះថា ត្រឹមដាំដុះមិនខុសច្បាប់អ្វីទេ។

ក្រោយពីទទួលស្គាល់ថា ធ្វើដោយមិនបានសុំច្បាប់ហើយគ្រប់យ៉ាងវាខុសច្បាប់លោក កុក ឃន បញ្ជាក់ថា រូបលោកយល់ព្រមសហការ អោយអាជ្ញាធរអប្សរាដកដើមឈើប្រភេទ​(ធ្នង់)ចេញពីដីខាងលើនេះចុះ។ប៉ុន្តែដំណាំផ្សេង ព្រមទាំងរោងនិងគ្រែសុំរក្សាទុក ពី ព្រោះវាជាមុខរបរសម្រាប់លក់ដូរ។

ចំណែកលោកហែម ហាន អនុប្រធានភូមិបន្ទាយឈើ ក៍បានបញ្ជាក់នៅទីតាំងដីដែរថា ដីរបស់គាត់មានទំហ៊ុជាង១ហិកតា ពីមុនគាត់ធ្វើស្រែ តែពេលនេះរូបគាត់ពិតជាបាន​ឈូសពង្រាបដាំដើមស្វាយមែន។លោកបន្តថា ការឈូសដាំស្វាយនេះ មិនបានសុំច្បាប់ពីអប្សរាមែន ព្រោះគិតថាមិនខុសច្បាប់។

លោកអនុភូមិបានបដិសេធថា មិនមានគម្រោងពុះជាឡូត៍សម្រាប់លក់ ដូចការលើកឡើងរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ ប៉ុន្តែដំណាំដែលបានដាំរួច ហើយ ដាច់ខាតមិនអោយដកចោលនោះឡើយ។

ក្នុងពេលជាមួយគ្នានោះ មន្ត្រីអាជ្ញាធរអប្សរាដែលចុះផ្ទាល់ បានបង្ហាញថា កាលពីថ្ងៃទី​២១មករា ម្សិល មិញក្នុងខណ:ក្រុមការងារចុះទៅហាមឃាត់ លោកហែម ហាន អនុប្រធាន​ភូមិបន្ទាយឈើ បានប្រមូលពលរដ្ឋ និងប្រជាការពារភូមិ មកឈរត្រៀបត្រាពេញទីតាំងដី បំណងរារាំងនិងប្រើហឹង្សាទៅលើក្រុមមន្ត្រី។ ក្នុងនោះ អ្នកខ្លះជោគជាំដោយភាពស្រវឹង ឯខ្លះទៀតដៃកាន់ដបស្រាមកជាមួយ។នេះបង្ហាញថា លោកហែមហាន មានចេតនា ចង់បង្កហឹង្សាមកលើមន្ត្រីពេលកំពុងបំពេញភារកិច្ច។ ប៉ុន្តែលោកអនុភូមិ បដិ សេធថា គ្រាន់តែហៅពួកគាត់មកស្តាប់ការពន្យល់របស់អប្សរាប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ លោកឡុង កុសល ប្រ ធាននាយកដ្ឋានសណ្តាប់ធ្នាប់សហប្រត្តិបត្តិការ និងជាអ្នកនាំពាក្យអង្គភាពអាជ្ញាធរអប្សរា បានថ្លែងថា តំបន់បេតិកភណ្ឌ មិនអនុញាតិអោយបុគ្គលណាម្នាក់ទៅបម្រែដីនោះឡើយ។ ការឈូសអោយប្រែក្លាយពីដីស្រែ ទៅជាដីចំការឬដីភូមិនៅក្នុងតំបន់បេតិកភណ្ឌគឺជាអំពើខុសច្បាប់។

លោកបន្តថាអាជ្ញាធរអប្សរាចាំបាច់ត្រូវទប់ស្កាត់ ព្រោះថាដំបូងធ្វើស្រែ ក្រោយមកធ្វើចំការ ប៉ុន្តែថ្ងៃក្រោយប្រាកដជាកើតភូមិ និងឈានដល់ភោជនីយដ្ឋានជាក់ជាមិនខាន។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ខាងលោកនិងព្យាយាមសហការជាមួយម្ចាស់ខាងលើ ដកកូនឈើទាំងនោះចេញ។ ប៉ុន្តែបើសិនជាពួកគាត់មិនសហការ យើងនិងសុំគោលការច្បាប់ដើម្បីអនុវត្តវិធានការ ត្បិតបើមិនដូច្នេះទេ ព្រៃក្នុងតំបន់បេតិកភណ្ឌ អាចក្លាយជាវាលរហោឋាន ដោយសាតែផ្តើមចេញពីការបម្រែដី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...