អ្នក​ស្រី ថា សារឿន​ណា និង​កូនតូច​របស់គាត់​(​រូបថត អុក​ស្វា​ម​)

ដោយៈ Mariana Anton អ្នកសម្របសម្រួល​គោលនយោបាយ​ថ្នាក់​តំបន់ កម្មវិធី​កិច្ច​គាំពារ​សង្គម នៃ​អង្គការ​អុក​ស្វា​ម
​ភ្នំពេញៈ​អ្នកស្រី ថា សារឿន​ណា គឺជា​ម្តាយ​ម្នាក់​ដែលមាន​កូនតូច​ប្រាំ​នាក់​ក្នុងបន្ទុក​។ ការងារ​ពេលយប់ គឺជា​ជម្រើស​តែមួយគត់​សម្រាប់​អ្នកស្រី សារឿន​ណា ដើម្បី​ធានាថា គ្រួសារ​គាត់​មាន​ចំណីអាហារ​គ្រប់គ្រាន់ ហើយ​កូនៗ​របស់គាត់​អាច​ទៅ​សាលារៀន​បាន​។ ប្តី​របស់គាត់​គឺជា​កម្មករសំណង់ ហើយ​ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​អាច​រកចំណូលបាន​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយខែ​។ ក្រៅ​អំពី​ការមើល​ថែទាំ​កូនៗ អ្នកស្រី ក៏ត្រូវ​បំពេញ​កិច្ចការ​ក្នុង​គ្រួសារ​ដទៃទៀត ដូចជា សម្អាតផ្ទះ លាងចាន បោកគក់ ចម្អិន​អាហារ ហើយ នៅពេល​ពួកគេ​មិនអាច​រកចំណូលបាន​គ្រប់គ្រាន់ អ្នកស្រី​លក់​បន្លែ​ដែល​គាត់​បាន​ដាំ​ផ្ទាល់ នៅ​ផ្សារ​ក្នុងភូមិ​គាត់​។ ដោយសារ​មាន​ពេលវេលា​តិចតួច​បំផុត​សម្រាប់​ខ្លួន​គាត់ នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​នីមួយៗ គាត់​តែងតែមាន​ភាព​ខ្សោះ​អស់កម្លាំង ប៉ុន្តែ​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ ក្រៅតែពី​ការខិតខំ​ប្រឹងប្រែង​បន្តទៀត​។ “​ខ្ញុំ​ចង់​ផ្លាស់ប្តូរ​ការងារ​របស់​ខ្ញុំ ធ្វើការ​ពេលយប់​មក​ថ្ងៃ​វិញ ប៉ុន្តែ​ខ្ញុំ​មានកូន​តូច​ដល់​ទៅ ៦​នាក់ (…) ខ្ញុំ​ត្រូវ​មើលថែ​ពួកគេ​នៅពេល​ថ្ងៃ​”​។​


​រឿងរ៉ាវ​របស់​អ្នកស្រី សារឿន​ណា គឺជា​ដូចគ្នា​នឹង​រឿងរ៉ាវ​របស់​ស្ត្រី​រាប់លាន​នាក់ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ដូចជា​ស្ត្រី​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​។ ស្ត្រី​ដូច​អ្នកស្រី សារឿន​ណា មិន​ត្រឹមតែ​ទទួលបន្ទុក​ដ៏​ធ្ងន់ធ្ងរ​នៃ​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​រ៉ាប់រង​ផងដែរ​នូវ​ការងារ​ផ្ទះ មើលថែ​កូន អ្នកជំងឺ និង​ចាស់ជរា​ក្នុង​គ្រួសារ​ទៀង​ផង​។ ប្រពន្ធ ម្តាយ ជីដូន បងប្អូន​ស្រី និង​កូនស្រី​របស់​យើង គឺជា​អ្នក​ដែល​ផ្តល់​សេវា​ជា​សារ​វ័​ន្ត​ដល់​សហគមន៍​របស់​យើង ដោយ​ធានា​សុខុមាលភាព​របស់​បុគ្គ​ល និង​គ្រួសារ​ទាំងមូល ប៉ុន្តែ​តើ​ការងារ​ទាំងនេះ​ត្រូវបាន​សង្គម​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​ប៉ុណ្ណា​? ស្ត្រី​បាន​ចំណាយពេល​ច្រើន​ទៅលើ​ការងារ​ផ្ទះ និង​ការ​មើលថែ​ក្នុង​គ្រួសារ​ច្រើនជាង​បុរស​។ យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្នុង​ឆ្នាំ​២០១៨ ស្តីពី​ការងារ​ថែទាំ​និង​បីបាច់​ក្នុង​គ្រួសារ​នៅក្នុង​ទ្វីបអាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹងថា ស្ត្រី​ធ្វើការ​ងារ​ដែល​គ្មាន​កម្រៃ​ច្រើនជាង​បុរស​ដល់​ទៅ​បួន​ដង​។ តួលេខ​នេះ គឺ​រឹតតែ​ខ្ពស់​ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បុរស​ចំណាយពេល​ត្រឹមតែ ១៨​នាទី​ប៉ុណ្ណោះ​ក្នុង​ការងារ​មើលថែ និង​ការងារ​ផ្ទះ​ក្នុង​មួយថ្ងៃ ធៀប​នឹង​ស្ត្រី​ដែល​ចំណាយពេល​ដល់​ទៅ ១៨៨ នាទី​ក្នុង​មួយថ្ងៃ​។ ដោយសារតែ​តួនាទី​យេនឌ័រ​ដែល​ចាក់ឫស​យ៉ាងជ្រៅ និង​ត្រូវបាន​គេ​ទទួលយក​ជា​វប្បធម៌ និង​បទដ្ឋាន​សង្គម ដែល​បាន​កំណត់ថា “​ការងារ​មើលថែ​និង​ការងារ​ផ្ទះ​” គឺជា​ការងារ​របស់​ស្ត្រី ស្ត្រី​នៅ​ទូទាំង​ពិភពលោក ចំណាយពេល​វេលា​របស់​ខ្លួន​យ៉ាងច្រើន​ដើម្បី​បំពេញ​តាម​ការរំពឹងទុក​ទាក់​ទង​នឹង​ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ និង​ការ​បង្កើតកូន​។​


​តើ​ការងារ​នេះ​ផលប៉ះពាល់​ស្ត្រី​ដូចម្តេចខ្លះ​? ប្រសិនបើ​អ្នកជា​ស្ត្រី ខ្ញុំ​មិនចាំបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​អ្នកដឹង​រួចទៅហើយ​។ ការងារ​នេះ ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ស្ត្រី ទាំង​ផ្លូវកាយ ផ្លូវចិត្ត ការចូលរួម​ផ្នែក​សេដ្ឋកិច្ច និង ផ្នែក​នយោបាយ​។ ការងារ​គ្រួសារ​ជាប្រចាំ និង​ការមើល​ថែកូន ប្តី និង​មនុស្ស​ចាស់​ក្នុង​គ្រួសារ ប៉ះពាល់​ដល់​សុខភាព និង​សុខមាលភាព​ជារួម​រប​ស់​ស្ត្រី​។ ដោយសារតែ​ទំនួល​ខុសត្រូវ​មើលថែ​កូន​គ្រួសារ និង​ការងារ​ផ្ទះ ការចូលរួម​របស់​ស្ត្រី​ក្នុង​កម្លាំង​ការងារ​ក៏ត្រូវ​ប៉ះពាល់​ជា​អវិជ្ជមាន​ផងដែរ​។ ដោយសារ​ពេលវេលា​មាន​កម្រិត​ក្នុងការ​បង្កើន​ជំនាញ​របស់ខ្លួន​និង​លទ្ធភាព​ស្វែងរក​ការងារ​ដែល​ប្រសើរ ដែល​បាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​នោះ ស្ត្រី​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដែលជា​វិស័យ​មាន​ភាព​ប្រថុយប្រថាន និង​ងាយ​រងគ្រោះ ។ នៅពេល​ស្ថិតនៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្ត្រី​ជារួម​ពុំ​មានឱកាស​ទទួលបាន​ការងារ​សមរម្យ និង​ការទទួលបាន​រប​បស​ន្តិ​សុខ​សង្គម ហើយ​ជារួម​ធ្វើ​ឲ្យ​ពួកគេ​បន្ត​ជាប់គាំង​ក្នុង​ភាពក្រីក្រ​។ បន្ថែម​ពីលើ​នេះ ប្រសិនបើ​សង្គម​រំពឹងថា ស្ត្រី​ត្រូវធ្វើ​ការងារ​ទាំងអស់នេះ វា​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ថា​ហេតុ​បានជា​មាន​ស្ត្រី​តិច​ម្ល៉េះ ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​ទទួល​តួនាទី​ជា​អ្នកដឹកនាំ និង​ធ្វើ​សេចក្តីសម្រេច​។ ការងារ​មើលថែ​គ្រួសារ​ដែល​គ្មាន​ប្រាក់កម្រៃ គឺជា​ឧបសគ្គ​មួយ​យ៉ង​ចម្បង​ចំពោះ​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។ ប្រសិនបើ​គ្មាន​ការទទួលស្គាល់ និង​គ្មាន​ការដោះស្រាយ​បញ្ហា​នេះ​ទេ វិថី​ឆ្ពោះទៅរក​សមភាព​យេនឌ័រ នឹងមាន​ចម្ងាយ​ដ៏​វែងឆ្ងាយ និង​លំបាក​។


​ការងារ​ផ្ទះ និង​ការងារ​ថែទាំ​របស់​ស្ត្រី​នៅក្នុង​គ្រួសារ ត្រូវបាន​គេ​មើលរំលង​ជា​យូរ​មកហើយ​។ ការងារ​ទាំងនេះ ជាការ​ងារ​ដែល​មិនត្រូវ​បាន​គេ​ផ្តល់​តម្លៃ និង​មើលមិនឃើញ ទោះបីជា​ការងារ​ទាំងនោះ​រួមចំណែក​យ៉ាង​ធំធេង​ដល់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ក្តី​។ យោងតាម​របាយការណ៍​ថ្មីៗ​មួយ​ដែល​បញ្ចេញ​ដោយ​អង្គការ អុក​ស្វា​ម នៅ​មុនពេល​ចាប់ផ្តើម​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស បាន​ឲ្យ​ដឹងថា ការងារ​ថែទាំ​បីបាច់​គ្រួសារ​ដែល​គ្មាន​ប្រាក់កម្រៃ​ដែល​អនុវត្ត​ដោយ​ស្ត្រី តំណាងឱ្យ​ប្រមាណ ១០,៨ កោដិ​ដុល្លារ​អាមេរិក​។ សេដ្ឋកិច្ច​មូលធននិយម បង្កើតបាន​ទ្រព្យធន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ក៏បាន​បង្កើត​នូវ​វិសមភាព​ដ៏​ធំធេង​ផងដែរ ដែល​ភាគច្រើន​ប៉ះពាល់​ខ្លាំង​ដល់​ស្ត្រី​។ របាយការណ៍​នេះ ក៏បាន​បង្ហាញ​ផងដែរ​ថា នៅ​ទូទាំង​ពិភពលោក បុរស​គឺជា​អ្នកកាន់កាប់​ទ្រព្យសម្បត្តិ​ច្រើនជាង​ស្ត្រី ដល់​ទៅ​៥០%​។ មិនតែប៉ុណ្ណោះ បុរស​ក៏​កាន់កាប់​ច្រើន​លើ​អំណាច​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ ដោយ​ក្នុងនោះ មានតែ ១៨% នៃ​រដ្ឋមន្ត្រី និង ២៤%​នៃ​សមាជិកសភា​ទូទាំង​សកលលោក​ប៉ុណ្ណោះ គឺជា​ស្ត្រី​។ របាយការណ៍​ដដែល​នេះ បាន​រំលេច​ពី​ការកើនឡើង​នូវ​វិសមភាព​នៅ​ទូទាំង​ពិភពលោក ដោយមាន​មហាសេដ្ឋី​ដែលមាន​ប្រាក់​ពាន់​លាន​ដុល្លារ​ចំនួន​តែ ២.១៥៣​នាក់​ប៉ុណ្ណោះ ដែលមាន​ទ្រព្យសម្បត្តិ​រួមគ្នា​ច្រើនជាង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​សរុប ៤,៦ ពាន់​លាន​នាក់ ទៅទៀត​។​
​កម្ពុជា​ក៏មាន​និន្នាការ​បែ​បប​នេះ​ដូច​សកលលោក​ផងដែរ​។ ជាមួយនឹង​កំណើន ផសស ក្នុង​កម្រិត ៧​ភាគរយ​ក្នុង​មួយឆ្នាំ កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នានា​ដែលមាន​កំណើនសេដ្ឋកិច្ច​រហ័ស​បំផុត​នៅក្នុង​តំបន់​។ វឌ្ឍនភាព​ដែល​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ គឺជា​អ្វីដែល​មិនអាច​ប្រកែក​បាន​។ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះ ការ​គ្របដណ្តប់​នៃ​សេវា​សុខភាព​បាន​កើនឡើង កម្រិត​ប្រាក់ចំណូល​កំពុងតែ​កើនឡើង គុណភាព​នៃ​ជីវិត​កំពុង​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ ទោះជា​យ៉ាងណាក៏ដោយ កំណើន​នេះ​ត្រូវបាន​រារាំង​ដោយសារ​ការកើនឡើង​នូវ​កម្រិត​នៃ​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ​។ ប្រទេស​កម្ពុជា នៅតែមាន​ការខ្វះខាត​សេវាកម្ម​សាធារណៈ​ជា​សារ​វ័​ន្ត ដូចជា​សេវា​ថែទាំ​សុខភាព ការថែទាំ​កុមារ និង​ការអប់រំ ដែល​ស្ត្រី ដូចជា​អ្នកស្រី សារឿន​ណា និង​កូន​របស់គាត់ អាច​ទៅ​ទទួល និង​ប្រើប្រាស់​ដោយ​ពេញលេញ​។


​ដូច្នេះ សំណួរ​គឺ​តើ​រដ្ឋាភិបាល​កម្ពុជា​អាចធ្វើ​អ្វី​ខ្លះទៀត ដើម្បី​ដោះស្រាយ​វិសមភាព​សេដ្ឋកិច្ច និង​តម្រូវការ​យ៉ាង​ចាំបាច់​នៃ​ការថែទាំ​ដែល​កំពុងតែ​កើនឡើង​?
​ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ឆន្ទៈ​នយោបាយ អង្គការ អុក​ស្វា​ម មានជំនឿថា សេដ្ឋកិច្ច​ដែល​គិតគូរ​ដល់​មនុស្សជាតិ​ជា​ចម្បង​នឹងមាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​ទទួលបាន​ការងារ​ជាប់លាប់ និង​ការងារ​សមរម្យ ហើយ​ស្ត្រី និង​កុមារ​គ្រប់រូប មានឱកាស​បំពេញ​សក្តានុពល​របស់​ពួកគេ​បាន​ពេញលេញ​។ ការបង្កើន​ការចំណាយ​លើ​គោលនយោបាយ​គាំពារ​សង្គម ការធានា​ការទទួលបាន​កិច្ចការពារ​មាតុភាព និង​ការគាំទ្រ​ប្រាក់ចំណូល​សម្រាប់​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ក្រោយពេល​សម្រាល គឺជា​ជំហាន​ដ៏​សំខាន់បំផុត​។ ការវិនិយោគ​លើ​សេវា​ថែទាំ​កុមារ​ជា​សាធារណៈ និង​ការគាំទ្រ​កុមារ អាចជួយ​សម្រាល​បន្ទុក​ពេលវេលា​របស់​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទទួល​បានកា​រងារ​ក្នុង​ប្រព័ន្ធ និង​បង្កើត​ការងារ​ថ្មីៗ​នៅក្នុង​ឧស្សាហកម្ម​ថែទាំ​។ តាមរយៈ​ប្រព័ន្ធ​ពន្ធដារ​ដែលមាន​សមធ​ម៌ និង​គ្រប់​ជ្រុងជ្រោយ​ជាង​មុន គេ​អាច​កែលម្អ​គុណភាព​នៃ​សេវា​សារ​វ័​ន្ត​នានា ដូចជា ការថែទាំ​សុខភាព និង​ការអប់រំ​។ បន្ថែម​ពីលើ​នេះ ការឈប់​សម្រាក​មាតុភាព​ដែលមាន​ប្រាក់​ឈ្នួល​សម្រាប់​ស្ត្រី​ទាំងអស់ ទាំង​នៅក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ក៏ដូចជា ការបង្កើន​ការឈប់​សម្រាក​បិតុភាព​ដែលមាន​ប្រាក់​ឈ្នួល អាចជួយ​លើកកម្ពស់​ការទទួលខុសត្រូវ​រួមគ្នា​ក្នុង​ការងារ​ថែទាំ​បីបាច់​គ្រួសារ​រវាង​ស្ត្រី និង​បុរស​។ រដ្ឋាភិបាល គឺមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចាត់វិធានការ​ដើម្បី​ផ្លាស់ប្តូរ​បទដ្ឋាន​សង្គម និង​ដោះស្រាយ​បញ្ហា​ផ្នត់គំនិត​ដែល​រឹតត្បិត​ស្ត្រី​ឲ្យ​ស្ថិតនៅក្នុង​ការងារ​មើលថែ​ផ្ទះសម្បែង និង​គ្រួសារ​ជា “​តួនាទី​ចម្បង​” របស់​ពួកគេ​នោះ​។​


​ប្រហែលជា​នៅពេលនោះ សង្គម​មួយ​ដែលមាន​សមភាព​កាន់តែច្រើន ដែល​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​នឹង​កើតមាន ដែល​ក្នុងនោះ​តម្រូវការ​របស់​ស្ត្រី ដូចជា​ករណី​អ្នកស្រី សារឿន​ណា ត្រូវបាន​បំពេញ ហើយ​សុ​បិ​ន្ត​របស់​ស្ត្រី​ពួកគេ​ក្នុងការ​ទទួលបាន​ជីវិត​កាន់តែ​ប្រសើរ អាច​ក្លាយជា​ការពិត​៕សរន