មានការនាំចូលសត្វជ្រូក មាន់ទា​បន្តបន្ទាប់តាមច្រករបៀង

207
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មានការឃុបឃឹតរបស់កងកម្លាំងការពារព្រំដែនជាមួយឈ្មួញអោយលួចនាំចូលសត្វជ្រូរូក មាន់ទា និងផលិតផលប្ហូបអាហារជាបន្តបន្ទាប់តាមច្រករបៀង នៃព្រំដែន។

ឯមន្ត្រីជំនាញពេទ្យសត្វនិងនគរបាលប៉ុស្តីរដ្ឋបាលអាចឆ្មក់ស្ទាក់ទប់ស្កាត់ បង្ក្រាបបាននៅតែខាងក្នុងភូមិសាស្ត្រប៉ុណ្ណោះ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី២១ខែមករាថា៖ នៅភូមិ​សាស្ត្រខេត្តបន្ទាយមានជ័យមានច្រកបៀងនៃព្រំដែនកម្ពុជា ថៃរាប់សិបកន្លែងដែលសង្ស័យថា មានការឃុបឃឹតគ្នារវាងកងកម្លាំងការពារព្រំដែន និងឈ្មួញក្នុងការប្រព្រឹត្តបទល្មើសលួចនាំចូលបក្សី ផលិតផលពីបក្សីនិងសត្វជ្រូ គោក្របីមួយចំនួនជាបន្តបន្ទាប់។

លោកបន្តថា នៅតាមច្រករបៀងទាំងនោះ ពុំមានមន្ត្រីជំនាញផលិតកម្មនិងព្យាបាលឬពេទ្យសត្វប្រចាំការ ឬក៏ទទួលកិច្ចសហការិកងកម្លាំងការពារព្រំដែនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសទាំងនោះក៏ទេដែរ ។ ហេតុនេះហើយបានជាបទល្មើសលើអនុវិស័យផលិតកម្មនិងបសុព្យាបាលចេះតែបន្តកើតមាននៅពេលថ្ងៃនិងពេលយប់។

ដូចករណីមួយកាលពីម៉ោង១០យប់យប់ថ្ងៃទី១៨ខែ មករា ឆ្នាំ២០២០ កន្លងមកក្រុមអន្តរាគមន័នៃមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានធ្វើការស្ទាក់ឃាត់ចាប់បានរថយន្តដឹកជ្រូកចំនួន០២គ្រឿង ផ្ទុកជ្រូករស់សរុប ៤២ក្បាល នៅលើផ្លូវជាតិលេខ៥៨ក្នុងភូមិសាស្ត្រឃុំអូរបីជាន់។

រថយន្ត២គ្រឿងនោះ ដែល១គ្រឿងម៉ាកកូរ៉េ ក្បាលពណ៌ខៀវ ចង្កូតឆ្វេង សេរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ 3A:0131 ផ្ទុកជ្រូករស់ចំនួន ១៦ក្បាល និងរថយន្ត១គ្រឿងទៀតម៉ាកនីសសាន់ ពណ៌ខ្មៅទ្រុងស ចង្កូតស្តាំ សេរីឆ្នាំ១៩៩៥ គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ២៦ក្បាល ។

ប្រតិបត្តិការនេះ ជាការទទួលខុសត្រូវក្នុងតួនាទី ភារកិចកិច្ច ពិសេសក៏ជាការអនុវត្តតាមការណែនាំរបស់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ អគ្គនាយក អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យបាល ក៏ដូចជាអភិបាលខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផងដែរ ។

លោកហ៊ុយ ទូច និយាយបន្តថា៖ តាមការសាកសួរ គឺជ្រូរស់ទាំងនោះបានលួចនាំចូលពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀងណងចាន់ភូមិជោគជ័យឃុំអូរបីជាន់(ដែលឈរ​ជើងដោយកម្លាំងកងការពារព្រំដែន៥០៣ យោធភូមិភាគ៥)។ ឯសមត្ថកិច្ចជំនាញឆ្មក់ស្ទាក់ឃាត់ចាប់បានត្រង់ចំណុចជិតផ្សារអូរបីជាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឯណោះទេ ។

បន្ទាប់មកសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងខាងលើមកបង្ខាំងទុកនៅកន្លែងចត្តា​ឡីស័កនៃការិយាល័យ ស្ថិតក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ​មានជ័យ ដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត​កម្មសត្វ ដើម្បីរងចាំអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត ។

ទាក់ទិននឹងភាពមិនប្រក្រតីនៃបទល្មើសដែលនៅតែកើតមានឡើងតាមច្រករបៀង ហើយច្រករបៀងនៅតែបើកបែបនេះ មន្ត្រីអាជ្ញាធរដែនដីឃុំ ស្រុកបានប្រាប់នៅថ្ងទី២១ ខែមករាថា គណៈ បញ្ជាការកងឯកភាពខេត្តនិងស្រុកក្រុង៥ជាប់ព្រំដែនកម្ពុជា ថៃតែងលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាព ក៏ដូចកិច្ចប្រជុុក្រុមប្រឹក្សាអំពីការអនុវត្តបទបញ្ជានិងអនុសាសន៍របស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបញ្ជាអោយទប់ស្កាត់ បង្ក្រាបបទល្មើសរត់ពន្ធ បទល្មើសសេដ្ឋកិច្ច បទល្មើសពេទ្យសត្វជាដើម ពិសេសគឺបិទច្រករបៀងទាំងអស់ ។

ជាបន្ថែមទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតលេខ៧៦១/១៩សជណចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជម្រាបមកមេបញ្ជាការ ស្នងការ អភិបាលស្រុកក្រុង៥ នៃភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា ថៃឲ្យចាត់វិធានការទប់ស្កាត់ បង្ក្រាបជាបន្ទាន់ការនាំចូលមាន់រស់ដោយខុសច្បាប់់ពីប្រទេសថៃតាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

លិខិតបន្តថា ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត ហើយច្រករបៀងនៅតែបើកគឺជាការអនុវត្តផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯក​ភាព​រដ្ឋបាលខេត្ត ។

មន្ត្រីពេទ្យបន្តថា មន្ត្រីជំនាញទទួលបានកិច្ចសហការ ហើយមានប្រចាំការតែតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃច្រកតំបន់បឹងត្រកួនស្រុកថ្មពួក ហើយក៏ទប់ស្កាត់ បង្ក្រាបបានបទល្មើសលើអនុវិស័យនេះបន្តបន្ទាប់។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែមករា ក្រុមអន្តរាគមការិយាល័យ សហការជាមួយអនុប្រធានការិយាល័យកសិកម្មក្រុងប៉ោយប៉ែត ធ្វើការត្រួតពិនិត្យជាក់ស្តែងត្រង់ចំណុចភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លើរទេះសណ្តោង ដែលមានស្លាកលេខ 2b:1070 ពណ៌ខៀវ ដែលមានឈ្មោះ ខាង រដ្ឋា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត (ជាម្ចាស់រទេះ) ផ្ទុកផលិតផលចម្រុះជ្រូករួមមាន (ត្រចៀក, ច្រមុះ, អណ្តាត និងក្រពះ ) ចំនួន ៦កេស ស្មើនឹង ៣០០គីឡូក្រាម (ក្នុង១កេស ស្មើនឹង ៥០ គីឡូក្រាម) ។

ផលិតផលទាំងមានក្លិនស្អុយ និងប្រែប្រួលសភាពដើមទៅហើយ។ បន្ទាប់មកនៅវេលារសៀលថ្ងៃដដែល មន្រ្តីជំនាញបានសម្រេចដុតកម្ទេចចោលតាមវិធានបសុពេទ្យ៕B/