ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងរាស្ត្ររបស់សហរដ្ឋអាម៉េរិកនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំនៅទីស្តីការក្រសួងការបរទេស។ គណៈប្រតិភូសភានេះ ដឹកនាំដោយលោក ម័រតុនសមាជិកសភាមកពីគណប្រជាធិបតេយ្យ។ សមាជិកសភាអាមេរិកក៏បានពិភាក្សាអំពីដំណើរការកាត់ក្តីរបស់លោកកឹម សុខា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅភាគីសហរដ្ឋអាម៉េរិកថា ការប្រព្រឹត្តទៅនៃសវនាការកាត់ក្តីលោកកឹម សុខា ដោយមានតម្លាភាពច្បាស់ ដោយមានការចូលរួមពីតំណាងស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល សារព័ត៌មាន និងគណបក្សនយោបាយ ចូលរួមស្តាប់សវនាការ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិលោកកុយ គួង បានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍នៅដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្ត្ររបស់សហរដ្ឋអាម៉េរិកមកកម្ពុជា ស្របពេលដែលកម្ពុជា និងសហរដ្ឋអាម៉េរិកប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ខាងភាគីសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា កន្លងមកនេះ រដ្ឋាភិបាល និងរដ្ឋាភិបាល ធ្វើការជាមួយគ្នា ពេលនេះប្រតិភូតំណាងរាស្ត្រសហរដ្ឋអាម៉េរិកដែលមកកម្ពុជាក៏បញ្ជាក់ថា មិនត្រឹមតែរដ្ឋាភិបាលទេគឺទាំងសភាអាម៉េរិកក៏មានចេតនាយ៉ាងខ្លាំងក្នុងការលើកស្ទួយទំនាក់ទទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក៕សរន