ដោយៈសុផល/ភ្នំពេញៈគម្រោងសហភាពអឺរ៉ុបFoodSTEMសម្រាប់រយៈពេល៣ឆ្នាំលើការបណ្តុះបណ្តាលសហគ្រិនជំនាន់ថ្មីក្នុងវិស័យកសិកម្មប្រកបដោយចិរភាពនិងការកែច្នៃចំណីអាហារបានត្រូវប្រកាសបើកដំណើរការកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២០នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។FoodSTEM។គឺជាគម្រោងថ្មីមួយសំដៅពង្រឹងសមត្ថភាពរបស់សាកលវិទ្យាល័យកម្ពុជាចំនួនបួនក្នុងការបង្កើតមេរៀននិងផ្តល់ជំនួយបច្ចេកទេសថ្មីៗសម្រាប់បំពេញតម្រូវការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍវិស័យកសិកម្មនិងឧស្សាហកម្មចំណីអាហារប្រកបដោយចីរភាពនៅកម្ពុជា។

លោកបណ្ឌិតអ៊ុមរម្យណីអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានថ្លែងថា៖តាមការពិតទីផ្សារកសិកម្មកម្ពុជាពឹងផ្អែកមួយភាគធំលើផលិតផលនាំចូលពីប្រទេសជិតខាង។នៅក្នុងស្រុកការកែច្នៃចំណីអាហារធ្វើឡើងដោយក្រុមហ៊ុនក្រៅប្រព័ន្ធលក្ខណៈគ្រួសារតូចៗដែលខ្វះខាតសមត្ថភាពខាងសហគ្រិនភាពនិងលទ្ធភាពផ្នែកហិរញ្ញវត្ថុបូករួមទាំងហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយនិងការយកចិត្តទុកដាក់មានកម្រិតលើគុណភាពសុវត្ថិភាពនិងការគោរពបរិស្ថាន។

ដូច្នេះចាំបាច់ត្រូវធ្វើការពង្រឹងការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាតាមកម្រិតផ្សេងៗចាប់ពីកម្រិតបច្ចេកទេសរហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ដើម្បីផលិតបានធនធានសហគ្រិនជំនាន់ថ្មីប្រកបដោយគុណវុឌ្ឍខ្ពស់។FoodSTEMប្រើប្រាស់គោលវិធីចម្រុះមុខវិជ្ជានិងប្រកបដោយនវានុវត្តន៍ទាំងផ្នែកខ្លឹមសារ ក៏ដូចជាវិធីសាស្ត្របង្រៀននិងរៀន៖ សិក្សាតាមបណ្តាញអ៊ីនធឺណែត, សិក្ខាសាលាអនុវត្តន៍សម្រាប់និស្សិត និងវិធីសាស្ត្រមួយចំនួនទៀត។

លោកអគ្គនាយកបានឱ្យដឹងថា៖គម្រោងFoodSTEMមានសាកលវិទ្យាល័យរបស់កម្ពុជាចំនួន៤ចូលរួមគឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ម្ចាស់គម្រោង អ្នកដឹកនាំគម្រោង ។ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចូលរួមចំណែកក្នុងការផ្តល់ចំណេះដឹងទាក់ទងកសិកម្មការកែច្នៃ។សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើរតួនាទីផ្តល់ចំណេះដឹងអំពីច្បាប់ និងសាកលវិទ្យាល័យបាត់ដំបង ។

ចំណែកខាងអឺរ៉ុបមានគ្រឹះស្ថានឧត្តមសិក្សាបារាំង(វិទ្យាស្ថានជាតិពហុបច្ចេកទេសទូលូស៍,ម៉ុងប៉ឺលីយេស៊ុពែក្ស))និងសាកលវិទ្យាល័យលីយេស៍របស់ប្រទេសប៊ែលហ្សិក។ការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណែតនឹងត្រូវបង្កើតឡើង ផ្សារភ្ជាប់ជាមួយកម្មវិធីសិក្សារបស់សាកលវិទ្យាល័យកម្ពុជាទាំងបួន។

ការសិក្សាពិសេសលើជំនាញសហគ្រិនភាព,អភិវឌ្ឍន៍ផលិតផល,ការបង្កើតអង្គភាពផលិតកម្មប្រកបដោយចីរភាព,ការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ជាដើម។នៅតាមសាកលវិទ្យាល័យកម្ពុជាចំនួនបី(វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,សាកលវិទ្យាល័យភូមិន្ទកសិកម្ម,សាកលវិទ្យាល័យបាត់ដំបង)ការប្រកួតប្រជែងសម្រាប់និស្សិតនិងយុវសហគ្រិននឹងត្រូវរៀបចំឡើងដោយសហការជាមួយវិស័យឯកជន។

ក្រុមជ័យលាភីនឹងទទួលបានការគាំទ្របច្ចេកទេសនៅក្នុងសិក្ខាសាលាឯកទេស(FoodLabs)អំពីបច្ចេកវិទ្យា,ក្រោយការប្រមូលផល,ការកែច្នៃនិងការរក្សាចំណីអាហាររួមទាំងវគ្គបណ្តុះបណ្តាលផ្នែកសហគ្រិនភាពក្នុងកម្មវិធីត្រៀមចូលទីផ្សារ។លោកអគ្គនាយកបានបន្តថាក្នុងរយៈពេលអនុវត្តន៍គម្រោងនេះយើងរំពឹងចង់បានការចូលរួមពីភាគីផ្សេងៗរួមមានស្ថាប័នសាធារណៈ,ក្រុមហ៊ុន,សហគ្រាស,អង្គការមិនមែនរដ្ឋាភិបាល,និស្សិតសហគ្រិន៕S/




