ដោយ:សុខុម/ស្ទឹងត្រែង:អ្នកមានអំណាចមានប្រាក់ចាយមិនខ្វះហើយពលរដ្ឋដាក់ងារជាជំទាវម្នាក់បានយកគ្រឿងចក្រឈួសឆាយដីព្រៃរាប់សិបហិកតាយកធ្វើជាកម្មសិទ្ធិ។ករណីនេះកើតនៅចំណុចអូរស្វាយឃុំស្រែឬស្សីជាប់ព្រំប្រទល់ឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។សកម្មភាពនោះអាជ្ញាធរនិងជំនាញពាក់ព័ន្ធមិនបានចាត់វិធានការចុះទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេ។បែបនេះសង្ស័យថាជំទាវដ៏មានឥទ្ធិពលដែលគេដឹងថាមិនមែនអ្នកស្ទឹងត្រែងនោះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថាជំទាវម្នាក់ឈ្មោះឃីមទំនងជាអ្នកភ្នំពេញបានមកកាន់កាប់ដីតំបន់អូរស្វាយដោយប្រើកម្លាំងយោធានិងគ្រឿងចក្រឈួសព្រៃ។មានការលើកឡើងថាពីមុនដីនេះគឺមានតែព្រៃសុទ្ធគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ប្រជាពលរដ្ឋខ្លះបានកាន់កាប់ជាលក្ខណៈគ្រួសារ។តែក្រោយមកអ្នកមានលុយនិងខ្លះបម្រើការងាររដ្ឋមួយចំនួនទៅទិញដីព្រៃពីពលរដ្ឋដែលហ៊ុំព័ទ្ធដីព្រៃរដ្ឋដោយខុសច្បាប់ឃុបឃិតគ្នាលក់ដីព្រៃក្នុងតម្លៃចាប់ពី៣០០ដល់៧០០ដុល្លារក្នុងមួយហិកតា។
ពីមុនដីព្រៃតែឥឡូវក្លាយជាដីរបស់ជំទាវនិងអ្នកមានអំណាចមួយចំនួនក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងអស់ទៅហើយ។ហេតុនេះហើយទើបការគ្រប់គ្រងដីព្រៃរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់មានភាពអាណាធិបតេយ្យ។ដូចជាពាក្យគេនិយាយថាអ្នកមានលុយមានអំណាចគឺបានដី។គ្មានអ្នកណាគេចាប់ឬចងនោះឡើយ។តើរំពឹងអីទៀតបើអ្នកអនុវត្តច្បាប់ស៊ុមគ្រលុំគ្នាយកដីរដ្ឋអស់ទៅហើយនោះ។ពលរដ្ឋថាដីនៅតំបន់នោះសុទ្ធតែគ្មានប្លង់កម្មសិទ្ធិចេញដោយសុរិយោដីខេត្តទេ។ក៏ប៉ុន្តែបើដីមានប្លង់កាន់កាប់ដោយស្របច្បាប់មែននោះទើបចម្លែក។

យោងតាមច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២មាត្រា៩៧បានចែងថាត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំបើពាក់ព័ន្ធត្រង់ចំណុចទី៦កាប់រានព្រៃឈួសឆាយដីព្រៃហ៊ំព័ទ្ធកាន់កាប់ដីព្រៃ។ករណីនេះត្រូវប្រឈមទៅនឹងជាប់ពន្ធនាគារបើសិនជារកឃើញមុខអ្នកកាន់កាប់ដីនៅត្រង់ចំណុចអូរស្វាយដោយខុសច្បាប់មែន។
លោកសនសារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថាដីនៅតំបន់ឃុំស្រែឬស្សីខ្លះមានប្លង់កម្មសិទ្ធិរួចទៅហើយ។បើមានការលើកឡើងថាមានជំទាវយកកម្លាំងយោធាប្រើគ្រឿងចក្រហ៊ុំព័ទ្ធយកដីព្រៃគឺមិនអាចទៅរួចទេ។ប៉ុន្តែបើមានមែនលោកថាខុសច្បាប់ហើយ។រឿងនេះលោកនឹងចាត់ទៅអាជ្ញាធរឃុំចុះស៊ើបអង្កេតសិន៕S/
