ដោយៈមេសា/លោកម៉មប៊ុនហេងរដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងក្រើនរំឭកដល់សាធារណជនសាជាថ្មីឱ្យប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតប្រភេទថ្មីថា”ខ្ញុំសូមប្រកាសក្រើនរំលឹកជូនដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួត។បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលអាចកើតមានជាយថាហេតុ។
ដូច្នេះត្រូវនៅឱ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់កុំទៅផ្សារលក់គ្រឿងសមុទ្រហួណានឬទីផ្សារឬកសិដ្ឋានដែលមានសត្វរស់ឬសត្វព្រៃឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរនិងកុំទៅក្បែរឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថាមានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត”។
លោករដ្ឋមន្ត្រីម៉មប៊ុនហេងក្រើនរំឭកបែបនេះនាឱកាសចុះពិនិត្យផ្ទាល់នូវសកម្មភាពបង្ការជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២០នេះដែលការចុះពិនិត្យផ្ទាល់។ការក្រើនរំឭកនេះដោយសារពិធីចូលឆ្នាំចិនកៀកនឹងចូលមកដល់ដែលគេជឿថានឹងមានប្រជាជនចិនធ្វើដំណើរចេញចូលទៅស្រុកកំណើតនិងត្រឡប់មកវិញច្រើនជាពេលធម្មតា ។
តាមពិតទៅ បន្ទាប់ពីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ( nCoV2019) ត្រូវបានរកឃើញ និងនៅតែបន្តរាតត្បាតនៅប្រទេសចិនមកជាបន្តបន្ទាប់ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់សាធារណជននិងជាពិសេសអ្នកដំណើរដែលមានគម្រោងទៅកាន់ឬត្រឡប់មកពីខេត្តដែលកំពុងកើតជំងឺនេះនៅប្រទេសចិនត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ។
គិត្រឹមថ្ងៃទី ២២ ខែ មករា ជំងឺនេះ បានបណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់នៅក្នុងទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី ប្រទេសចិន ជាកន្លែងដែលជំងឺនេះត្រូវបានរកឃើញដំបូង កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយពេលនេះត្រូវបានរាយការណ៍ជាបន្តបន្ទាប់ថា វាបានកំពុងបន្តផ្ទុះឡើងនៅទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី នោះផង កំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង និង ម៉ាកាវ ផងដែរ។ជាបន្តបន្ទាប់ក្រសួងសុខាភិបាលបានអះអាងថា មិនមានករណីជំងឺខាងលើកើតឡើងកម្ពុជានៅឡើយ ហើយខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលត្រូវអនុវត្តដើម្បីបង្កាជំងឺនេះ ៖
បើគ្មានភារកិច្ចចាំបាច់គប្បីចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វឬប៉ះពាល់ផ្ទាល់លើសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាតឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វបសុបក្សីឬសត្វដទៃទៀតព្រោះជំងឺនេះមិនទាន់រកឃើញថាបានឆ្លងពីមនុស្សទៅមនុស្សទេ គឺវាឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែគេមិនទាន់បានដឹងច្បាស់នៅឡើយទេ ជាសត្វអ្វី ។
ចៀសវាងប៉ះពាល់ជិតស្និទ្ធឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណានឬទីផ្សារឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតបន្ទាប់ពីការប៉ះពាល់សត្វឬវត្ថុផ្សេងៗ។ដែលអាចជាប្រភពចម្លងរោគព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ព្រោះមិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អ។
ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ដោយកន្សែងក្រម៉ាឬក្រដាស។បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
លោកវេជ្ជបណ្ឌិតលីសូវ៉ាន់អ្នកពាក្យក្រសួងសុខាភិបាលធ្លាប់បានក្រើនរំឭកជាហូរហែមកថាប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីដោយមានគ្រុនក្តៅ៣៨អង្សាសេនិងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោមក្អកហូរសំបោរឈឺបំពង់កដង្ហើមខ្លីនិងពិបាកដកដង្ហើមនិងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិនត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ។
ក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនស្កេនកំដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញខេត្តព្រះសីហនុ និងសៀមរាបបាវិតប៉ោយប៉ែតព្រែកចាកជាអ្វីដែលលោកវេជ្ជបណ្ឌិតលីសូវ៉ាន់ហៅថាជាការត្រួតពិនិត្យតាមដានទាំងជើងគោកជើងទឹកនិងជើងអាកាសនិងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័កនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។
ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមន្ទីរពេទ្យខេត្តព្រះសីហនុនិងមន្ទីរពេទ្យខេត្តសៀមរាបត្រៀមសម្ភារៈបរិក្ខារពេទ្យនិងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ។មន្ទីរពិសោធន៍ជាតិត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះហើយមានក្រុមជំនាញសុខាភិបាលជាង២.០០០នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ ៕S/

រូបៈ មេសា


