កាសែតរដ្ឋPeople’s Dailyបាននិយាយថា មិនមាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីទីក្រុងវូហាន ចាប់ពីម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍នេះទៅ នៅពេលសេវាគមនាគមន៍ត្រូវបិទ ក្នុងពេលអាជ្ញាធរព្យាយាមប្រយុទ្ធនឹងការឆ្លងរាលដាលវីរុសបង្កជំងឺរលាកសួតស្រដៀងគ្នានឹងជំងឺសាដែលបានផ្ទុះនៅចិនកាលពី១៧ឆ្នាំមុន។
ទីក្រុងដែលជាប្រភពចម្លងវីរុសផ្តាច់ជីវិត ឥឡូវស្ថិតក្រោមការដាក់នៅដាច់ដោយឡែកពីគេ ដោយជើងហោះហើរចេញ និងសេវារថភ្លើងត្រូវផ្អាក រថភ្លើងក្រោមដីត្រូវបញ្ឈប់និងព្រឹត្តិការណ៍សាធារណៈធំៗត្រូវបានលុបចោល នៅពេលពួកគ្រូពេទ្យស្លៀកពាក់សម្លៀកបំពាក់ការពារពេញមួយតួខ្លួនក្នុងពេលព្យាបាលអ្នកជំងឺ។
កូរ៉ូណាវីរុសដែលចាប់ផ្តើមចម្លងនៅទីក្រុងវូហាន ឥឡូវចម្លងទៅពាសពេញប្រទេសចិននិងហួសពីព្រំដែនចិន ដោយវាបានសម្លាប់មនុស្ស១៧នាក់និងជាង៥០០នាក់ឆ្លង។ករណីស្លាប់និងឆ្លងភាគច្រើនបំផុតស្ថិតនៅទីក្រុងវូហានដែលមានប្រជាពលរដ្ឋ១១លាននាក់ ។
អាជ្ញាធរបានប្រកាសថា ជើងហោះហើរនិងរថភ្លើងចេញពីទីក្រុងនេះនឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃព្រហស្បតិ៍ទី២៣មករា ហើយរថយន្តក្រុង រថភ្លើងក្រោមដីនិងរថយន្តក្រុងចម្ងាយឆ្ងាយក៏ត្រូវបានបញ្ឈប់សេវារហូតដល់មានការជូនដំណឹងជាថ្មី។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ចំណាត់ការទាំងនេះមានគោលបំណងកាត់ផ្តាច់ការចម្លងរាលដាលវីរុស ទប់ស្កាត់ការផ្ទុះជំងឺនិងធានាសុវត្ថិភាពនិងសុខភាពរបស់ប្រជាជន»។
ការសម្រេចចិត្តនេះកើតឡើងចំពេលប្រជាជនចិនរាប់លាននាក់កំពុងធ្វើដំណើរទូទាំងប្រទេសចិនក្នុងអំឡុងពេលចូលឆ្នាំចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៤មករា។នាយកដ្ឋានទេសចរណ៍និងវប្បធម៌របស់ទីក្រុងបានលុបចោលដំណើរទេសចរណ៍ជាក្រុមរហូតដល់ថ្ងៃ០៨កុម្ភៈ។
ការសម្តែងពិព័រណ៍ និងការប្រកួតកីឡា ក្នុងទីក្រុងនេះត្រូវបានលុបចោល ហើយសារមន្ទីរ៤ក្នុងក្រុងវូហាន ត្រូវបិទផងដែរ៕ប្រែសម្រួល៖វាសនា/Ha

ជើងហោះហើរចេញនិងរថភ្លើងចេញពីក្រុងវូហានត្រូវផ្អាករហូតដល់មានការជូនដំណឹងថ្មី