ក្លិប បាសេឡូណា(Barcelona) ចង់នាំយកខ្សែប្រយុទ្ធ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) មកកាន់ពហុកីឡដ្ឋាន Nou Camp នៅខែមករា ខណៈពេលពួកគេ ចង់ស្វែងរកកីឡាករមកជំនួសខ្សែប្រយុទ្ធ ល្វីស ស្វារ៉េស (Luis Suarez) ។
ក្លឹបយក្សអេស្ប៉ាញនេះគ្រោងនឹងអវត្តមានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ ស្វារ៉េស យ៉ាងហោចណាស់ប្រាំមួយសប្តាហ៍ បន្ទាប់ពីកីឡាកររូបនេះធ្វើការវះកាត់របួសក្បាលជង្គង់ ហើយក្លិប Barcelona ត្រៀមពង្រឹងជម្រើសប្រយុទ្ធរបស់ខ្លួន។
ក្រុម Barcelona មានជម្រើសខ្សែប្រយុទ្ធមានកំណត់ ហើយ លីអូណេល ម៉េសស៊ី (Lionel Messi) ឬ អែនត័ញ គ្រីស្មាន់ (Antoine Griezmann) ជាជម្រើសប្រយុទ្ធតែពីនាក់ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍នេះ។
ក្លិប Barcelona អន្ទះសាចង់ចុះកិច្ចព្រមព្រៀងផ្ទេរ អូបាម៉េយ៉ាំងដែលរកបាន១៦គ្រាប់ក្នុងការបង្ហាញមុខ២៦លើកនៅរដូវកាលនេះ ហើយមើលឃើញថា អូបាម៉េយ៉ាំងអាចជាជម្រើសម្នាក់។
ក្រុម Barcelona ដឹងច្បាស់ថា វាពិតជាមានការពិបាកក្នុងការបញ្ចុះបញ្ចូលឲ្យក្លឹបកាំភ្លើងធំ Arsenal ចែកផ្លូវពីខ្សែប្រយុទ្ធសំខាន់រូបនេះនៅពាក់កណ្តាលរដូវ កាលនេះ ប៉ុន្តែ Barcelona សង្ឃឹមថា អាចនឹងសម្រេចកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល: ពិសិដ្ឋ