ភ្នំពេញៈ បច្ចុប្បន្ន ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ត្រូវបានធ្វើ យ៉ាងផុលផុស នៅក្នុងសង្គមខ្មែរ ( បើទោះជាមិនបានត្រឹមត្រូវគត់មត់តាមក្បួន ប្រពៃណីទំនៀមទម្លាប់របស់ ជនជាតិចិន ក៏ដោយ ) ជាពិសេសនៅទីប្រជុំជន ដូចជារាជធានីភ្នំពេញជាដើម ហើយលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានប្រាប់សារព័ត៌មានរដ្ឋ ចិន ស៊ីនហួ ថា ប្រជាជនកម្ពុជា ប្រមាណជា ៦០ ភាគរយប្រារព្ធពិធីចូលឆ្នាំ ចិន ។
ការលើកឡើងរបស់លោក ថៃ នរៈសត្យា បែបនេះ ថ្វីដ្បិតតែគ្មានការសិក្សាឱ្យបានជាក់លាក់ ពោលគឺធ្វើឡើង តាមរយៈការប៉ាន់ប្រមាណផ្ទាល់ខ្លួនរបស់លោកក្តី ក៏ត្រូវបានទទួលស្គាល់ថា តួលេខនោះ មិនឃ្លាតឆ្ងាយពីភាពជាក់ស្តែងប៉ុន្មានទេ ដែលទិដ្ឋភាពបែបនេះ ធ្វើឱ្យអ្នកខ្លះ លើកជាសំណូរជាហូរហែថា តើពិធីបុណ្យចូលឆ្នាំចិន ត្រូវបានធ្វើនៅស្រុកខ្មែរតាំងពីពេលណា ? ជំនាន់មុនៗ ធ្លាប់មានការរៀបចំចូលឆ្នាំចិន នៅស្រុកខ្មែរបែបនេះទេ ជាដើម ។
អត្ថបទនេះ មានគោលបំណង ឆ្លើយទៅនឹងសំណួរទាំងនោះ ហើយដើម្បីអាចឆ្លើយទៅនឹង សំណួរទាំងនោះបាន ចាំបាច់ ត្រូវសិក្សាទៅក្នុងប្រវត្តិសាស្ត្រ ឱ្យបានវែងឆ្ងាយតាមតែអាច ព្រោះការប្រតិបត្តិប្រពៃណី វប្បធម៌របស់ជនជាតិមួយ នៅលើទឹកដីប្រទេសផ្សេង គឺពិតជា មិនងាយទៅរួចទេ ហើយប្រហែលជាត្រូវការពេលវេលាយ៉ាងយូរ និងការព្យាយាមយ៉ាងខ្លាំង ទៀតផង។ ម្យ៉ាងដោយសារខ្មែរ និងចិន មានទំនាក់ទំនងនឹងគ្នា រាប់ពាន់ឆ្នាំមកហើយផង ដូច្នេះ យើងចាំបាច់ត្រូវសិក្សា ទៅក្នុងប្រវត្តិសាស្ត្រ អំពីទំនាក់ទំនង នៃ ជាតិសាសន៍ទាំង ២ នេះ ទើបអាចអះអាងចម្លើយ ចំពោះសំណួរទាំងនោះបាន ។
ប្រវត្តិសាស្ត្រ-ទំនាក់ទំនងខ្មែរ និង ចិន
បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ និង ចិន មានទំនាក់ទំនងនឹងគ្នាទាំងផ្នែកការទូត និង ពាណិជ្ជកម្ម តាំងពីសតវត្សរ៍ទី១ នៃគ្រិស្តសករាជ មកម្ល៉េះ ។ ទោះយ៉ាងណា ពុំមានជនជាតិ ចិន តាំងលំនៅអចិន្ត្រៃយ៍ នៅក្នុងប្រទេសកម្ពុជាទេ ដែលប្រការនេះ បានសេចក្តីថាក៏ពុំមាន ការរៀប ចំពិធីបុណ្យចូលឆ្នាំចិន នៅស្រុកខ្មែរទេ ។
គិតត្រឹមឆ្នាំ៧០៦ នៃ គ.ស នគរចេនឡា (អតីតនគរភ្នំ ឬ វ្នំ ឬ ហ្វ៊ូណន ) បែកបាក់ទៅជា ២ នគរ គឺ នគរចេនឡាគោក និងនគរចេនឡាទឹក ហើយក្រោយមក នគរចេនឡា ទាំង ២មានសង្គ្រាម ប្រឆាំងគ្នាយ៉ាងអូសបន្លាយ ។ លុះដល់ឆ្នាំ៧៥៤ នៃ គ.ស ព្រះបុត្រា ព្រះនាម វេនកាន នៃនគរចេនឡាគោក បានទៅពឹងអធិរាជ្យចិន ដើម្បីស្នើសុំកងទ័ពមកជួយធ្វើសង្គ្រាមបង្ក្រាប ចេនឡាទឹក ហើយអធិរាជ្យចិន ក៏បានបញ្ជូនកងទ័ព តាមការស្នើសុំរបស់ ចេនឡាគោក ។
កងទ័ពចិនទាំងនោះ មិនបានជួយធ្វើសង្គ្រាម រហូតដល់ចប់ចុងចប់ដើម ក៏ត្រឡប់ទៅវិញ ហើយទីបំផុត នគរចេនឡា ត្រូវបានបង្រួបបង្រួម នៅឆ្នាំ៨០២ នៃ គ.សនៅក្នុងរជ្ជកាលព្រះ បាទជ័យវរ្ម័នទី២ គឺបន្ទាប់ពីបែកបាក់គ្នា អស់រយៈពេល ៩៦ ឆ្នាំ ។ ប្រការនេះ បានសេចក្តីថា រហូតដល់ឆ្នាំ៨០២ នោះ ក៏មិនទាន់មានជនជាតិចិន តាំងលំនៅអចិន្ត្រៃយ៍ នៅស្រុកខ្មែរទេ ហើយក៏ប្រាកដជាគ្មានការចូលឆ្នាំចិន នៅស្រុកខ្មែរ ដែរ ។
ការលេចឡើងចក្រភពអង្គរ
សង្គ្រាមរវាងចេនឡា ទាំង ២ ធ្វើឱ្យកំពង់ផែ អូកែវ (កម្ពុជាក្រោម) ដែលធ្លាប់តែមមាញឹកទៅ ដោយសកម្មភាពពាណិជ្ជកម្ម ជាពិសេសពាណិជ្ជករចិន និង ឥណ្ឌា ក៏ប្រែជាស្ងាត់ជ្រងុំ ដ្បិតពួកពាណិជ្ជករទាំងនោះ ប្តូរទិសដៅទៅដោះដូរជំនួញរបស់ពួកគេ នៅកំពង់ផែលើកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី ។
ដូច្នេះបន្ទាប់ពីបង្រួមបង្រួមខ្មែរ នៅឆ្នាំ៨០២ រួចមក ក្នុងគោលបំណងបង្កើតវិបុលភាពឡើងវិញ ព្រះបាទជ័យវរ្ម័នទី២ បានប្តូររាជធានីពី វ្យាធបុរៈ ដែលស្ថិតនៅស្រុកអង្គរបុរី ខេត្ត តាកែវ បច្ចុប្បន្នេះ ទៅតាំងនៅលើកំពូលភ្នំគូលែន ខេត្តសៀមរាប ហើយនោះគឺជាការចាប់ផ្តើម នៃចក្រភពអង្គរដ៏រុងរឿង ។ ចាប់ពីពេលនោះ ក៏មានសកម្មភាពពាណិជ្ជកម្មឡើងវិញ រវាងខ្មែរ និង បរទេស ដោយរួមទាំងពាណិជ្ជករចិន ផង ។
កំណត់ហេតុរបស់លោក ជីវ តាក្វាន់ បេសកទូតចិន ដែលបានមកស្នាក់នៅចក្រភព អង្គរ ពីឆ្នាំ១២៩២ ដល់ឆ្នាំ១២៩៧ ( កាលបរិច្ឆេទ នៃការមកដល់របស់លោក ជីវ តាក្វាន់ នេះ មិនចុះសម្រុងគ្នាទេ ដោយឯកសារខ្លះថា គាត់មកដល់ស្រុកខ្មែរ នៅឆ្នាំ១៣២៦ នៃ គ.ស គឺជាឆ្នាំដែល នាយចាយ ឬ នាយ ត្រសក់ផ្អែម ឡើងសោយរាជ្យបន្ទាប់ពីបានជ្រែករាជ្យនៅឆ្នាំ ១៣២៣ ) បានរៀបរាប់អំពីឥរិយាបថ របស់ប្រជាជនខ្មែរ ចំពោះជនជាតិចិនដែលរស់នៅ ក្នុងសង្គមខ្មែរ ដោយប្រការផ្សេងៗ ដែលប្រការនេះ បានសេចក្តីថា មានជនជាតិចិន រស់នៅស្រុកខ្មែរ តាំងពីក្នុងសម័យមហានគរ មុនការមកដល់របស់លោក ជីវ តាក្វាន់ ។ ទោះយ៉ាងណា កំណត់ហេតុរបស់លោក ជីវ តាក្វាន់ មិនមានសរសេរថា មានចូលឆ្នាំចិន នៅស្រុកខ្មែរឡើយ ។
បន្ទាប់ពី នាយចាយ ឬ ត្រសក់ផ្អែម ដណ្តើមរាជ្យ នៅឆ្នាំ ១៣២៣នាំឱ្យធ្លាក់ចុះឥទ្ធិពលចក្រភព អង្គរ ហើយទីបំផុត ត្រូវកងទ័ពសៀម វាយបែកក្រុងអង្គរ នៅឆ្នាំ១៣៥៣ មក សង្គ្រាមកើត ឡើងជាបន្តបន្ទាប់ នៅលើទឹកដីខ្មែរ វាសនារបស់ជនជាតិចិន រស់នៅលើទឹកដីខ្មែរទៅជា យ៉ាងណា គ្មានអ្នកណាដឹងឡើយ ។
បន្ទាប់ពីនោះ ប៉ុន្មានរយឆ្នាំមកទៀត ឯកសារមហាបុរសខ្មែរ កត់ត្រាថានៅក្នុងរជ្ជកាលរបស់ ព្រះរាជសម្ភារ គឺអំឡុងទសវត្សរ៍ ឆ្នាំ១៦៣០ បន្ទាប់ពីទទួលស្គាល់ថា កាលពីជាតិមុនទ្រង់ធ្លាប់ កើតជា សុនខ ឈ្មោះ អាម៉ៅ របស់សម្តេចសង្ឃខ្មែរមក ស្តេចសាមន្ត រដ្ឋចិនមួយអង្គបាន បញ្ជូនពល ១០០ នាក់ ឱ្យមកនៅចាំធ្វើបុណ្យ ដុតក្រដាស អុជទៀន ធូប រក្សាផ្នូរសពអាម៉ៅ នៅស្រុកខ្មែរ ។ ទោះយ៉ាងណា នោះក៏នៅតែមិនមែនជាការចូលឆ្នាំចិន នៅស្រុកខ្មែរដែរ គឺគ្រាន់តែជាការសែនព្រេន ផ្នូរសពតាមកាលប៉ុណ្ណោះ ។
ឯកសារ បារាំង អះអាងថា គិតត្រឹមឆ្នាំ១៩៣៦ ទីក្រុងភ្នំពេញ មានមនុស្សរស់នៅ ១០ ម៉ឺននាក់ ក្នុងនោះ ជនជាតិចិន ២១.៣០០ នាក់ ។ ប៉ុន្តែឯកសារទាំងនោះ មិនមានសរសេរថាមាន ចូលឆ្នាំចិន នៅស្រុកខ្មែរទេ ។ ក្នុងន័យនេះ បានសេចក្តីថា គិតត្រឹមឆ្នាំ១៩៣៦ នោះមិនទាន់ មានចូលឆ្នាំចិន នៅស្រុកខ្មែរឡើយ ។
វត្តមានពិធីបុណ្យចូលឆ្នាំ ចិន នៅស្រុកខ្មែរ
រហូតដល់សម័យសង្គមរាស្ត្រនិយម ពោលគឺមុនរដ្ឋប្រហារ ១៩៧០ ទើបមានចូលឆ្នាំ ចិន នៅលើទឹកដីខ្មែរខ្លះៗ គឺតាមរយៈការកត់សម្គាល់ ទៅលើឯកសារនានា និងការរៀបរាប់របស់ មនុស្ស ដែលនៅរស់ពីសម័យនោះ គេអាចសន្និដ្ឋានបានថា ពិធីចូលឆ្នាំចិនត្រូវបានធ្វើជា លក្ខណៈតិចតួច នៅក្នុងសម័យសង្គមរាស្ត្រនិយម គឺមានជនជាតិចិនខ្លះធ្វើពិធីសែនព្រេន ជាលក្ខណៈគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ ហើយក៏មិនមែនគ្រួសារជនជាតិចិនទាំងអស់ រៀបចំពិធីចូលឆ្នាំថ្មីរបស់ពួកគេ នៅក្នុងសង្គមខ្មែរដែរ ។
រហូតដល់សម័យរាជាណាចក្រទី២ គឺក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ជាពិសេស ប្រមាណជា ១០ ឆ្នាំមុននេះ ទើបគេឃើញមានពិធីបុណ្យចូលឆ្នាំចិន ត្រូវបានធ្វើច្រើនគួរឱ្យកត់សម្គាល់ ហើយ ៥ ទៅ ៦ ឆ្នាំចុងក្រោយនេះ ពិធីចូលឆ្នាំចិនត្រូវបានធ្វើនៅក្នុងសង្គមខ្មែរយ៉ាងទូលំ ទូលាយ ជាពិសេសនៅតាមទីប្រជុំជន ដូចជារាជធានីភ្នំពេញជាដើម។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាន់ណារ៉ា បណ្ឌិតប្រវត្តិសាស្ត្រខ្មែរ មានទស្សនៈថា ភាពស្គុះស្គាយ នៃប្រពៃណី វប្បធម៌ចិន នៅក្នុងសង្គមខ្មែរនេះ មិននាំមកនូវផលអវិជ្ជមាន ដល់ប្រពៃណី វប្បធម៌ខ្មែរទេ។ មិនប៉ះពាល់ដល់ប្រពៃណី វប្បធម៌ខ្មែរ ដោយហេតុថា ប្រពៃណីវប្បធម៌ទាំង ២ មិនមានចំណុចបដិបក្ខនឹងគ្នា គួរឱ្យកត់សម្គាល់ឡើយ ហើយបើទោះបីជាមានភាពស្រដៀងគ្នា ក្នុងអត្ថន័យក្តី ក៏រូបភាព នៃប្រពៃណី វប្បធម៌ទាំង ២ នេះ មិនច្រឡំគ្នាដែរពោលគឺគេអាចមើល ស្គាល់ និងបែងចែកដាច់ពីគ្នា បានដោយងាយ ។
មិនតែប៉ុណ្ណោះ លោកបណ្ឌិតសាស្ត្រាចារ្យ សំបូរ ម៉ាន់ណារ៉ា ពន្យល់ថា ភាពស្រដៀង គ្នា នៃវប្បធម៌ខ្មែរ និង ចិន នេះ បង្កើតបានជាគុណតម្លៃដួងព្រលឹង និងភាពសុខដុមនីយកម្មនឹងគ្នាបានយ៉ាងល្អ ហើយក៏ថែមទាំងអាចជួយលម្អពង្រឹងខ្លឹមសារ និងអត្ថន័យដល់គ្នាទៅវិញទៅមកទៀតផង ៕ ដោយៈ មេសា