ដោយ: សុផល / ភ្នំពេញៈរដ្ឋាភិបាលជប៉ុនបាន ផ្តល់ជំនួយជិត១៨ម៉ឺនដុល្លារ សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ នៅខេត្តកំពង់ចាមនិងគម្រោងពង្រឹងសហគមកសិកម្ម នៅខេត្តត្បូងឃ្មុំ។
កិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងទាំងពីរត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយចំនួនពីរ គឺលោក អ៊ុម វិបុលប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា៖ គម្រោងសម្រាប់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា៨៩,៥០៨ ដុល្លារអាម៉េរិកសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គម្រោងនេះនឹងធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព សម្រាប់វាលស្រែនិងពង្រីកដីកសិកម្មស្រោចស្រព។ យើងរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង ៥,០០០ នាក់ ដោយបង្កើនផលិតកម្មដំណាំស្រូវ តាមរយៈស្តារឡើងវិញនូវទំនប់ទឹកដោយប្រើប្រាស់ជាផ្លូវដើម្បីដឹកជញ្ជូន ដំណាំកសិកម្មឲ្យមានភាពងាយស្រួល។ លោកសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើង។
ចំពោះគម្រោងសម្រាប់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ ៨៩,៨០០ ដុល្លារអាម៉េរិក សម្រាប់ពង្រឹងសហគមន៍កសិកម្មតាមរយៈការសាងសង់ឃ្លាំងស្តុក ដំឡើងម៉ាស៊ីនសម្ងួតម្រេច និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងសហគមន៍កសិកម្មចំនួន២ នៅស្រុកមេមត់ និងមួយទៀតនៅស្រុកតំបែរខេត្តត្បូងឃ្មុំ។ យើងរំពឹងថា ប្រជាកសិករប្រមាណ ៤៥០នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណភាពផលិតផលកសិកម្មរបស់ពួកគេ និងបន្ថែមខ្សែសង្វាក់តម្លៃឲ្យកាន់តែស៊ីជម្រៅក្នុងអាជីវកម្មរបស់សហគមន៍កសិកម្ម។
សូមជម្រាបថា៖រដ្ឋាភិបាលជប៉ុនបានអនុវត្តកម្មវិធីKUSANONEនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១មក ។ រហូតមកដល់ពេលនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានផ្តល់ជំនួយច្រើន ជាង ៦០០គម្រោង តាមរយៈជំនួយ KUSANONE។ ទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពនៅកម្រិតមូលដ្ឋានក្នុងប្រទេសកម្ពុជា៕ ល