ដោយ: ស៊ា ថាំង / ភ្នំពេញ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រសួងនឹងរៀបចំវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងថវិកាឆ្នាំ២០២០ ដូចរាល់ឆ្នាំកន្លងមក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករាឆ្នាំ២០២០ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅបានស្វែងយល់លំអិតអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ បន្ថែមទៀត។
វេទិកាសាធារណៈនេះគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ប្រមាណជាង ២០០នាក់។
គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឬច្បាប់ថវិកាឆ្នាំ២០២០ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័តកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៩៕ ល