ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រេចចិត្តឬចុះប្រកបការងារអ្វីមួយពីព្រោះថាតែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោក,ផ្លូវទឹក,ផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការដំណើរការងារទាក់ទងបញ្ហាប្រាក់កាសនិងបញ្ហាកិច្ចការសំខាន់អ្វីមួយពីព្រោះថាតែងផ្តល់ផលល្អមកវិញជានិច្ច។ ចំពោះការ ប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឱកាសប្រពៃបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើចង់ពឹងពាក់អ្នកដទៃឃើញថាមិនឆ្លើយតបដូចបំណងឡើយហើយពិសេសងាយកើតបញ្ហាថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទៅណាមកណាឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយីបន្តិចទើបប្រសើរ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាណាស់គប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបនូវ បញ្ហារឿងចំណូលតិចឯការចាយ វាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។ការធ្វើដំណើរឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះទោះធ្វើអ្វីឬទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវជានិច្ច។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងការងារពីព្រោះថាផលល្អនោះមានចំពោះមុខច្រើន។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀមទើបប្រសើរពីព្រោះថាបញ្ហានានាងាយរត់ចូលទាំងការងារនិងពាក្យសម្តីផង។ការរស់នៅលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយបើពុំនោះទេនឹងអាចកើតរឿងរ៉ាវមិនល្អណាមួយឡើងជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបផ្លែផ្កាដូចគាប់បំណងទេពិសេសងាយមានបញ្ហានាពេលក្រោយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរពិតមែន ប៉ុន្តែទោះធ្វើអ្វី ក៏ដោយលោកអ្នកតោងតែគិតគូរនិងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទោះទីជិតឆ្ងាយមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរសម។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃណាស់ផង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ប្រកបកិច្ចការងារអ្វីមួយតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរផង។ក្រៅពីនេះចំពោះការងារនិងបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់គួរសមឡើងវិញខ្លះៗគ្រាន់ស្រួលផ្លូវចិត្ត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយតប់ប្រម៉ល់ពិសេសងាយកើតបញ្ហានាពេលក្រោយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរ៉ាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយ ក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក្នុងផ្ទះសម្បែងងាយ កើតរឿងរាវចម្រូងចម្រាសផងដែរលោកអ្នកគប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕