ដោយ: ចាន់តូ / ភ្នំពេញ: ថ្លើមធំ កាន់តែហ៊ានជ្រុលពេកហើយ កាន់ដបទឹកសុទ្ធមានបង្កប់ថ្នាំញៀនចំនួន២កញ្ចប់ សុំកម្លាំងនគរបាលចូលយកទៅឲ្យសាច់ញាតិជាជនសង្ស័យកំពុងជាប់ឃុំនៅក្នុងផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវនគរបាលប្រចាំការត្រួតពិនិត្យឃើញ និងឃាត់ខ្លួនបានទាំង២នាក់តែម្តង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ។
ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ សេង ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់ថ្នាំញៀន ២កញ្ចប់។ ទី២ ឈ្មោះ សោម មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣។
តាមប្រភពព័ត៌មានពីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលកំពុងនៅជុំគ្នាក្នុងនោះ វត្តមានប្រចាំការរបស់លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកគ្រឿងញៀន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម្នាក់មួយគ្រឿង មានយួរទឹកសុទ្ធ២ដប ទឹកដូង២ដប ច្រកចងដៃយួរកាន់ទៅសុំនគរបាលដែលប្រចាំការ សុំយកទឹកសុទ្ធចូលឲ្យសាច់ញាតិ ដែលកម្លាំងនគរបាល ចាប់ខ្លួន៤នាក់ រឿងគ្រឿងញៀន ៦១កញ្ចប់ កាលពីម្សិលមិញនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង តែមន្ត្រីប្រចាំការ សុំធ្វើការត្រួតពិនិត្យ កញ្ចប់ថង់ដបទឹក ស្រាប់តែប្រទះឃើញមានថ្នាំញៀន១កញ្ចប់ ដែលជនសង្ស័យបង្កប់នៅដបទឹកសុទ្ធ និងមួយកញ្ចប់ទៀតបង្កប់ក្នុងមួករបស់ជនសង្ស័យឈ្មោះ សេង ជឿន ផ្ទុះឆោឡោ បម្រុងស្ទុះចេញ តែត្រូវកម្លាំងនគរបាលចាប់ជាប់ទាំង២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ សេង ជឿន បានឲ្យដឹងថា ពិតជាថ្នាំញៀនខ្លួនយកមកមែន គោលបំណងយកឲ្យក្មួយកំពុងជាប់ឃុំខាងក្នុងប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ល/Ha