Home ព័ត៌មានអន្តរជាតិ ការស៊ើបអង្កេត...

ការស៊ើបអង្កេតបង្ហាញថា ព្រះអង្គម្ចាស់សាល់ម៉ាន់ ជាប់ពាក់ព័ន្ធក្នុងការលួចចូលស្តាប់ទូរស័ព្ទ iPhone របស់លោកបេហ្សូស ដោយការផ្ញើសារមេរោគតាម WhatsApp

ទូរស័ព្ទរបស់ប្រធានក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស ទំនងជាឆ្លងមេរោគ Spyware ដែលលាក់ខ្លួននៅក្នុងសាររបស់ព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការវិភាគដែលបានចេញផ្សាយកាលពីថ្ងៃពុធទី២២មករាដោយជំរុញឱ្យមានការស៊ើបអង្កេតជាផ្លូវការ។

ការវិភាគផ្នែកកោសល្យវិច្ច័យដោយអ្នកជំនាញបច្ចេកទេសដែលរក្សាទុកដោយលោកបេហ្សូសបន្ទាប់ពីមានការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់គាត់នៅដើមឆ្នាំ ២០១៩ បានបង្ហាញថាទូរស័ព្ទរបស់លោកបេហ្សូសត្រូវបានចូលលុកលុយដោយ “ឧបករណ៍មេរោគ” ដែលចាត់ចែងដោយមនុស្សជិតស្និទ្ធម្នាក់របស់មេដឹកនាំអារ៉ាប៊ីសាអូឌីតអង្គនេះ។

ការលើកឡើងអំពីតួនាទីរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតក្នុងការលួចស្តាប់នេះបានជំរុញឱ្យមានការស៊ើបអង្កេតបន្ថែមទៀតដោយមន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលកំពុងស្រាវជ្រាវករណីសម្លាប់លោក ចាម៉ាល់ ខាសូកជី អ្នកកាសែតអារ៉ាប៊ីសាអូឌីតនិងជាអ្នកសរសេរព័ត៌មានជូនកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ដែលជាកាសែតរបស់លោកបេហ្សូស។

អ្នករាយការណ៍ពិសេសរបស់អ.ស.ប លោកស្រី អេកណេស ខាឡាម៉ាត និងលោក ដេវីត កាយ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងហ្សឺណែវថា “ការចោទប្រកាន់អំពីការលួចចូលលុកលុយក្នុងទូរស័ព្ទរបស់លោកបេហ្សូសនិងទូរស័ព្ទរបស់ដទៃទៀត គឺតម្រូវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ដោយសហរដ្ឋអាម៉េរិកនិងអាជ្ញាធរពាក់ព័ន្ធដទៃទៀត”។

ពួកគេបានបន្ថែមទៀតថា ការស៊ើបអង្កេតណាមួយក៏គួរតែមើលផងដែរទៅលើ “ការចូលរួមពាក់ព័ន្ធឥតឈប់ឈរជាច្រើនឆ្នាំដោយផ្ទាល់របស់ព្រះអង្គម្ចាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីដាក់គោលដៅទៅលើគូប្រជែងរបស់ទ្រង់”។

លោកស្រីខាឡាម៉ាត អ្នកជំនាញរបស់អ.ស.បអំពីការធ្វើទុក្ខបុកម្នេញនិងការសម្លាប់ក្រៅប្រព័ន្ធតុលាការ និង លោកកាយ៉េ អ្នកជំនាញស្តីពីសេរីភាពនៃការបញ្ចេញមតិ និយាយថា ការលាតត្រដាងចុងក្រោយនេះ “បង្ហាញថាអាចមានការជាប់ពាក់ព័ន្ធរបស់ព្រះអង្គម្ចាស់នៅក្នុងការស៊ើបការណ៍សម្ងាត់ទៅលើលោកបេហ្សូស ក្នុងកិច្ចប្រឹងប្រែងដើម្បីដាក់ឥទ្ធិពលលើកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលផ្សាយអំពីអារ៉ាប៊ីសាអូឌីត”។

របាយការណ៍នៅលើវេបសាយ FTI Consulting បានសរសរថា អ្នកជំនាញជួលដោយលោកបេហ្សូសបានសន្និដ្ឋានថា “ទូរស័ព្ទ iPhone របស់លោកបេហ្សូសត្រូវបានចូលលុកលុយដោយមេរោគផ្ញើពីគណនី WhatsApp របស់ព្រះអង្គម្ចាស់ម៉ូហាម៉ាត់ ប៊ីនសាល់ម៉ាន់”៕ ដោយ៖ កញ្ញាដាលីស

អ្នកជំនាញជួលដោយលោកបេហ្សូសបានសន្និដ្ឋានថា “ទូរស័ព្ទ iPhone របស់លោកបេហ្សូសត្រូវបានចូលលុកលុយដោយមេរោគផ្ញើពីគណនី WhatsApp របស់ព្រះអង្គម្ចាស់ម៉ូហាម៉ាត់ ប៊ីនសាល់ម៉ាន់”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular