ដោយ: បាយ័ន / សៀមរាប: នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារអប់រំបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក បានបើកកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់ឆ្នាំសិក្សាថ្មី នៅសាលាបឋមសិក្សាក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលមានការអញ្ជើញចូលរួមពីលោកនាយក នាយករង គ្រូបន្ទុកថ្នាក់ ក្រុមការងារអប់រំបេតិកភណ្ឌចំនួន៤រូប និងសិស្សានុសិស្សចំនួន២២០រូប។អាជ្ញាធរជាតិអប្សរាបញ្ជាក់ឱ្យដឹងនៅព្រលប់ថ្ងៃទី២២ ខែមករានេះ។
លោក អ៊ុន មណីនីតា តំណាងក្រុមការងារអប់រំបេតិកភណ្ឌ បានពន្យល់ណែនាំពីគោលការណ៍គម្រោង តម្រូវការគម្រោងនិងសកម្មភាពគម្រោងឱ្យលោកគ្រូ អ្នកគ្រូ បានស្វែងយល់ជាមុន ដើម្បីងាយស្រួលដឹកនាំនិងជំរុញដល់សិស្សសម្រាប់ការអនុវត្តកម្មវិធីនេះ។ លោកបានបន្តថា ក្នុងកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់ឆ្នាំសិក្សាថ្មី លោកស្នើសុំបង្រៀនរយៈពេល៨ខែ ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២០ ដោយបែងចែកការបង្រៀនជា២ផ្នែក គឺបង្រៀនក្នុងថ្នាក់ឱ្យយល់ដឹងពីមូលដ្ឋាននៃបេតិកភណ្ឌវប្បធម៌ និងបង្រៀនក្រៅថ្នាក់ គឺនាំសិស្សទៅសិក្សាស្ថានភាពជាក់ស្តែងនៅតាមរមណីយដ្ឋានវប្បធម៌នានាក្នុងតំបន់អង្គរ។
គោលបំណងនៃកម្មវិធីនេះបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យកុមារដែលកើតនិងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ យល់ដឹងពីកេរមរតកវប្បធម៌របស់ខ្លួននិងបណ្ដុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធម៌ ជាពិសេស ពួកគេអាចធ្វើជាអ្នកស្នងមរតកវប្បធម៌នៅសហគមន៍របស់ខ្លួនលើវិស័យថែរក្សាការពារ គ្រប់គ្រងកេរមរតកវប្បធម៌នាពេល អនាគតបានយ៉ាងល្អ៕ ល