សវនាការ​សំណុំរឿង​លោក កឹម សុខា កំពុង​បន្ត​នៅ​ព្រឹក​នេះ

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា នេះ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាមួយគ្នានេះ គេ​សង្កេតឃើញថា មាន​កងកម្លាំង​ចម្រុះ​បានដាក់​ពង្រាយ​ជាធម្មតា មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​អ្នកដំណើរ និង មិនមាន​បាតុភាព​ណាមួយ​កើតមានឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ពោលគឺ ដំណើរការ​នីតិវិធី ដើរ​ដោយ​រលូន គ្មាន​ការរារាំង ឬ រាំងស្ទះ​អ្វី​នោះទេ​។​

​ក្រឡេក​មក​មើល​ក្រុម​អ្នកសារព័ត៌មាន​វិញ មាន​ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅតែ​បន្ត​តាមដាន​សំណុំរឿង​ដ៏​ក្តៅគគុក​របស់លោក កឹម សុខា នេះ និង រង់ចាំ​យក​ព័ត៌មាន​យ៉ាង​ចិត្ត​ទុកដាក់​ផងដែរ​។

​ក្រោយ​តំណាង​មេធាវី​លោក កឹម សុខា បង្ហាញ​វី​ឌី​អូ ភស្តុតាង​ថ្មី ដែលមាន​រយៈពេល​ជាង​មួយ​ម៉ោង នៅក្នុង​សវនាការ​កាល​ម្សិលមិញ​នេះ , លោក គី តិច មេធាវី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ការជឿជាក់​ទៅលើ​រឿងក្តី​នេះ​កាន់​ខ្លាំង​ឡើង ដោយ​លោក​សង្កត់​យ៉ាង​ធ្ងន់​ថា “​កឹម សុខា មិនអាច​ដោះ​បន្ទុក​រួចខ្លួន​នោះទេ​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គី តិច ដល់​ក្រុម​អ្ន​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​។

​ចំណែក លោកស្រី ម៉េង សុភា​រី មេធាវី​ការពារ​ក្តី លោក កឹម សុខា វិញ អះអាងថា នេះ​គឺជា​សវនាការ​ពិនិត្យ ដេញដោល​រវាង​វីដេអូ​រយៈពេល​២​នាទី​ដែល​យកមក​ដាក់បន្ទុក និង ភស្តុតាង​ដោះ​បន្ទុក​របស់លោក កឹម សុខា ដែលមាន​ខ្លឹមសារ​ពេញ​រយៈពេល​១​ម៉ោង​៣​នាទី​។

​ក្រុម​មេធាវី រកឃើញថា ភស្តុតាង​ដាក់បន្ទុក​ជា​ភស្តុតាង​ក្លែងក្លាយ ដោយសារ​មានការ​កាត់​វីដេអូរ​ជា​កង់ៗ ហើយ​យកមក ត ភ្ជាប់​គ្នា ធ្វើ​ឲ្យ​ប្រាស់ចាក និង​មិន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ​នៃ​សន្ទរកថា​។​

​សូមជម្រាបថា សវនាការ​រឿងក្តី​ដ៏​ក្តៅគគុក​នេះ នឹង​អាច​ពន្យា​ពេល​ជាច្រើន​ថ្ងៃ​បន្តទៀត ដោយសារ​តែមាន​អ្នកពាក់ព័ន្ធ​ជាច្រើន ដែល​នឹងត្រូវ​ផ្តល់​សក្ខីកម្ម​ជូន​ដល់​តុលាការ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...