ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លោកនាយឩត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ មានកោតសរសើរថា វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមកីឡា វាយកូនឃ្លីលើតុ មានរយៈពេលខ្លី តែត្រឹម ៥ ថ្ងៃមែន តែជាវគ្គមួយ ប្រកបដោយគុណភាពល្អ ។
លោកថ្លែងបែបនេះ នាថ្ងៃទី២២ មករា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋាន ដែលវគ្គនេះ បានដំណើរការ រយៈពេល ៥ ថ្ងៃ ពីថ្ងៃទី១៨ ដល់ ២២ មករា ២០២០ ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងជាអ្នកគ្រប់គ្រងវគ្គផ្ទាល់នោះ បាឲ្យដឹងថា វគ្គនេះ មានសិក្ខាកាម ចូលរួម ចំនួន ២៥ រូប ដែលក្នុងនោះ ១៤ រូប ជាមន្ត្រី មន្ត្រីរបស់សហព័ន្ធ និង ១១ រូប ជាមន្ត្រី មកពីនាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត ។
វគ្គបណ្តុះបណ្តាល បច្ចេកទេស អាជ្ញាកណ្តាលកីឡា វាយកូនឃ្លីលើតុ សហព័ន្ធមានគោលបំណង ២ ធំៗគឺ សហព័ន្ធចង់ពង្រឹងសមត្ថភាព អាជ្ញាកណ្តាលថ្នាក់ជាតិ ឲ្យបានរឹងមាំ អាជ្ញាកណ្តាលពិតប្រាកដ ថ្នាក់ជាតិសិន បន្ទាប់មក យើងនឹងជំរុញពួកគាត់ ឲ្យក្លាយជា អាជ្ញាកណ្តាល កម្រិតអន្តរជាតិ។
លោកបានបន្តថា ការជំរុញឲ្យក្លាយជា អាជ្ញាកណ្តាលកម្រិតអន្តរជាតិនេះ ដើម្បីត្រៀមខ្លួនរបស់សហព័ន្ធ សម្រាប់ព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ការប្រកួតនោះ ក្នុងការប្រើប្រាស់អាជ្ញាកណ្តាល កម្រិតអន្តរជាតិរបស់កម្ពុជា ឲ្យអស់សមត្ថភាព កុំឲ្យយើងពឹងពាក់អន្តរជាតិ ច្រើនពេក។
វគ្គនេះ សិក្សាដោយទទួលបាន លទ្ធផលល្អជាង ៨០ ភាគរយ ។ លោកបានពន្យល់ថា មូលហេតុដែលការសិក្សានេះ បានទទួលនូវផ្លែផ្កាល្អ ដោយសារតែសិក្ខាកាម ស្ទើរតែទាំងអស់ ជាមន្ត្រីចាស់ ដែលធ្លាប់បម្រើការងារ ជាអាជ្ញាកណ្ដាល ចៅក្រម ពីមុនមក គ្រាន់តែរយៈកាលកន្លងមក មិនមានគេប្រើប៉ុណ្ណោះ ។
វគ្គនេះ ឩទ្ទេសនាមដោយ លោក ស៊ុន រតនា ដែលជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិរបស់កម្ពុជា ហើយលោកបានប្រឡងជាប់ កីឡាវាយកូនឃ្លីលើតុ កាលពីឆ្នាំ២០១០ ដោយទទួលស្គាល់ពី សហព័ន្ធកីឡា វាយកូនឃ្លីលើតុអន្តរជាតិ ” ITTF ” ដែលមានសិក្ខាកាមចូលរួម ចំនួន ២៥ នាក់ ក្រោមការឧប្ថម្ភគាំទ្រថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា ៕v