ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានទទួលស្គាល់ថាទាហានអាម៉េរិកច្រើននាក់ បានរងរបួសក្នុងការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់របស់អ៊ីរ៉ង់ដើម្បីជាការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូលម្នាក់របស់ខ្លួន តែថាអ្នករងរបួសទាំងនោះគឺមិនធ្ងន់ធ្ងរទេ។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ២២ខែមករា នៅសន្និសីទកាសែតមួយនៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសថា” ខ្ញុំបានដឹងថា ពួកគេ(ទាហានអាម៉េរិក)មានការឈឺក្បាល” ។ ខ្ញុំអាចរាយការណ៍បានថា ” វាមិនធ្ងន់ធ្ងរទេ”។
លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដឹងអំពីការរងរបួសក្នុងចំណោមទាហានអាម៉េរិកប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយឆ្មក់ដោយអ៊ីរ៉ង់ប្រឆាំងនឹងមូលដ្ឋានអាម៉េរិកនៅអ៊ីរ៉ាក់ដើម្បីជាការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍កាសេម សូឡេម៉ានីកាលពីថ្ងៃទី៣ ខែមករាដែលបានបង្កភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងរដ្ឋាភិបាលក្រុងតេអេរ៉ង់។
ការអះអាងរបស់ លោក ដូណាល់ ត្រាំ ជាការឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតដែលបានធ្វើឡើង បន្ទាប់ពីមានជំនួបទ្វេភាគីកាលពីព្រឹកថ្ងៃពុធជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក ប៉ាហាម សាលី នៅខក្រៅកិច្ចប្រជុំកំពូលនេះ។
ស្ថានភាពតានតឹងក្នុងតំបន់នោះ មិនត្រូវបានលើកមកនិយាយទេ ក្នុងកំឡុងមានជំនួបនិងកិច្ចប្រជុំកំពូលរបស់លោក ដូណាល់ត្រាំនៅប្រទេសស្វីសជាទីដែលប្រធានាធិបតីអាម៉េរិកបានផ្តោតលើការរីកចំរើនឡើងនៃសេដ្ឋកិច្ចនៃប្រទេសរបស់លោក៕ប្រែសម្រួល៖សុខា/sn
មួយផ្នែកនៃទីតាំងមូលដ្ឋានទ័ពអាកាសអាម៉េរិកAl Asad នៅអ៊ីរ៉ាក់ទទួលរងការខូចខាត ដោយការវាយប្រហារមីស៊ីលដោយអ៊ីរ៉ង់កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២០។ទាហានអាម៉េរិកនៅមូលដ្ឋាននេះមិនបានបាត់បង់ជីវិតទេដោយសារត្រៀមខ្លួនជាមុនក្រោយទទួលការព្រមាន តែរងការកន្លកខួរដោយសារកម្លាំងផ្ទុះកាំជ្រួចផ្លោងជាងដប់គ្រាប់