កំលោះក្រមុំឥណ្ឌាមួយគូដែលត្រូវដឹកដៃគ្នាចូលរោងការខែក្រោយនេះហួសចិត្ត និងតក់ស្លុត យ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់កូនក្រមុំ និងឪពុករបស់កូនកំលោះលួចពង្រត់គ្នាបាត់។
កូនក្រមុំ និងកូនកំលោះដែលមកពីរដ្ឋហ្គូចារ៉ាត (Gujarat) ប្រទេសឥណ្ឌា បានសម្រេចលុប ចោលអាពាហ៍ពិពាហ៍របស់ខ្លួន ដែលត្រូវចូលរោងនៅសប្ដាហ៍ទី២ នៃខែកុម្ភៈ បន្ទាប់ពីដឹងថា ឪពុកម្ដាយរបស់ពួកគេលួចពង្រត់គ្នា។
កាសែត The Times of India បានចុះផ្សាយថា ឪពុកកូនកំលោះវ័យ ៤៨ ឆ្នាំដែលជាពាណិជ្ជករវាយនភណ្ឌបានបាត់ខ្លួនជាមួយម្ដាយកូនក្រមុំវ័យ ៤៦ ឆ្នាំកាលពីថ្ងៃទី១០ ខែមករា។
កាសែតដដែលបានចុះផ្សាយថាឪពុកម្ដាយទាំងសងខាងស្គាល់គ្នាតាំងពីវ័យកុមារហើយពួកគេ ក៏ជាអ្នកជិតខាងគ្នាដែរនៅតំបន់ជាយក្រុងកាតាហ្គាម (Katargam) ក្នុងក្រុងស៊ូរ៉ាត (Surat)៕ ប្រែសម្រួលៈខុម

