ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ថៃ ផេត ទ្រី (Phat Trey) ដែលទើបតែឆ្លងដែន មកប្រកួតនៅសង្វៀនស្រុកខ្មែរ ជាលើកដំបូង ជាមួយ លាប រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយ មានជ័យ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នៅរសៀល ថ្ងៃទី២៥ មករា ខាងមុខ នេះ ។ គេបានធ្វើជាអ្នកក្លាហាន ដោយប្រកាសថា នឹងធ្វើឲ្យ លាប រដ្ឋា ស្គាល់ពីទម្ងន់ កណ្ដាប់ដៃរបស់គេ ។
រដ្ឋា ក៏ជាអ្នកលេងកណ្ដាប់ដៃ មួយរូប ដែលមិនធម្មតាដែរ មានអ្នកប្រដាល់ ជាច្រើន ដែលសន្លប់ ដោយសារកណ្ដាប់ដៃ របស់គេ មិនតែប៉ុណ្ណោះ អ្នកដែលប្រកួតជាមួយ រដ្ឋា តែងតែរកគ្រប់វិធី ដើម្បីរារាំងអ្នកប្រដាល់ រូបនេះ កុំឪ្យមានឱកាស បញ្ចេញកណ្ដាប់ដៃ ។

ពេលនេះ ស្រាប់តែ អ្នកប្រដាល់ចំណូលថ្មី ផេត ទ្រី បានបង្ហាញពីភាពក្លាហានថា នឹងប្រើកណ្ដាប់ដៃ លេងជាមួយ រដ្ឋា ឲ្យដឹងដៃម្ដង ។ ការដែលមកជាន់ ដីស្រុកខ្មែរដំបូង ទំនងជាខ្លាំងរបស់គេ មែនទេដឹង បានជាក្លាហានបែបនេះ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៥៩ដង ឈ្នះ៤៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា លាប រដ្ឋា វិញគេមានប្រវត្តិប្រកួត ចំនួន៧១ដង ឈ្នះ៥៦ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ ជំនួបនេះ ទោះបី ផេត ទ្រី ក្អេងក្អាងយ៉ាងនេះក៏ដោយ ក៏គេជឿថា រដ្ឋានឹងឈ្នះ ជាមិនខាន។ សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។

ផាន់ គ្រាន់ ក្លិបម្កុដរាជសីហ៍ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃ យ៉ត មឿង (Yorth Moeung) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ។ ផាន់ គ្រាន់ ដែលខិតខំទម្លាក់ទម្ងន់ ពី ៦៥ ដល់ ៦៣,៥០ គីឡូក្រាមនោះ ពេលនេះ ទម្ងន់របស់គេ លោតដល់ ៦៥ គីឡូក្រាម វិញហើយ ។ ការឡើងទម្ងន់ បែបនេះហើយ ដែលធ្វើឲ្យ ផាន់ គ្រាន់ មួយរយៈនេះ ការប្រកួតរបស់គេ ជួបបរាជ័យ ភាគច្រើននោះ។ សម្រាប់ការប្រកួត មួយនេះ មិនដឹងថា ផាន់ គ្រាន់ អាចប្រជែងបានជ័យជំនះ ឬក៏យ៉ាងណាទេ មួយរយៈនេះ គេច្រើនតែចាញ់គូប្រកួត មុនទឹកទី៥ ។
អ្នកប្រដាល់កម្ពុជា រូបនេះ មានប្រវត្តិប្រកួត ចំនួន១៣៧ដង ឈ្នះ១១១ដង ចាញ់២៣ដង និងស្មើពិន្ទុ២ដង ។ ចំពោះអ្នកប្រដាល់ថៃ យ៉ត មឿង វិញនោះ គេមានប្រវត្តិប្រកួត ចំនួន៧១ដង ឈ្នះ៥៧ដង ចាញ់១៣ដង និងស្មើពិន្តុ១ដង ។ នរណា ជាអ្នកឈ្នះ ក្នុងការប្រកួតនេះ ? ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិ វិញនោះ សេក ថាវរី ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ សោម ពិសិដ្ឋ ក្លិបអេភូថងកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ តូច ទូ សមាគមប្រដាល់ ក្រសួងការពារជាតិ ស្វាគមន៍ការប្រកួត សងសឹករបស់ លួន សុខខេង ក្លិបពុទ្ធសេរីវង្ស ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ។
សារ៉ាយ ចំរើន ក្លិបរាជសីហ៍ ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ កែវ សំរិទ្ធ ក្លិបខេត្តរតនគីរី ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ៕v