ដោយ: ចាន់តូ / ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញភ្លើងឆេះរោលខ្លោច ស្លាប់យ៉ាងអាណោចអាធ័ម មិនដឹងថាមានជនដៃដល់សម្លាប់ហើយដុតបំផ្លាញសាកសពចោល ឬយ៉ាងណានោះទេ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាព្រឹកថ្ងៃទី២៣មករា២០២០ នៅទីវាលផ្នូរកប់សាកសព (ម៉ុងចិន) មុខវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។
សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ម្សិលមិញ គេឃើញមានបុរសម្នាក់ កាន់យួរកំប៉ុងស្រាបៀរ ដើរចូលទីចំណុចកើតហេតុ មួយសន្ទុះក្រោយមក បុរសរូបនោះបានដើរចាកចេញវិញដោយខ្លួនទទេ ហើយទីនោះក៏មានភ្លើងឆេះស្មៅព្រៃ គ្មានអ្នកចាប់អារម្មណ៍ គិតថាក្រែងមានអ្នកជម្រះស្មៅ សម្អាតផ្នូរចិន ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមករា នេះមានពលរដ្ឋដើរដាក់មងទាក់សត្វ ដើរកាត់តាមទីខាងលើ ក៏ប្រទះឃើញមានសាកសពមនុស្ស ភ្លើងឆេះរោលខ្លោចទៅវិញ ប្រាប់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល។
នៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី២៣ នេះ សមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានណាមួយជុំវិញការស្លាប់បុរសរូបនេះដែរ។ នៅក្បែរសាកសព មានសម្បកកំប៉ុងស្រាបៀរ ស្បែកជើង រីឯសាកសពវិញភ្លើងឆេះខ្លោចរោល លែងស្គាល់មុខទៅហើយ ឆេះអាវសល់ខោកាគីជើងខ្លី ហោប៉ៅ៤ ពណ៌ទឹកដោះគោ ដែលជនរងគ្រោះស្លៀក។
ក្រោយពីប្រទះឃើញ កម្លាំងសមត្ថកិច្ចមូលដ្ឋាន លោក ហង្ស មុន្នី អធិការខណ្ឌកំបូល វត្តមានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ និងរង់ចាំសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ។ តែសន្និដ្ឋានបឋម សង្ស័យជាករណីឃាតកម្ម សម្លាប់ហើយដុតបំផ្លាញសាកសព តែទោះជាយ៉ាងណាក្តី រង់ចាំជំនាញពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវពីស្ថាប័នសមត្ថកិច្ចជំនាញ៕ ល/Ha