ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានហៅសកម្មជនអាកាសធាតុដូចជានាង ហ្គ្រេថា ថាន់បឺក ជាដើម ថាជា “ហោរាទស្សន៍ទាយសេចក្តីវិនាស” នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃអង្គារទី២១មករា។ ប៉ុន្តែនៅថ្ងៃពុធ គាត់បានបែរជាសោកស្តាយមិនបានមើលសុន្ទរកថារបស់សកម្មជនវ័យជំទង់រូបនេះទៅវិញ។

សំឡេងសុភាពរាបសា រួមជាមួយការសន្យាចូលរួមផែនការដាំដើមឈើ ១ លានលានដើម គឺជាសារឆ្លុះបញ្ចាំងពីវិធីសាស្រ្តផ្សេងពីប្រធានាធិបតីអាម៉េរិក ដែលកាលពីមុនបានចាត់ទុកការប្រែប្រួលអាកាសធាតុជា “ព័ត៌មានក្លែងក្លាយ” ហើយធ្លាប់ប្រាប់នាងថាន់បឺកថា នាងត្រូវការ “ការគ្រប់គ្រងកំហឹង”។

ពីរថ្ងៃដំបូងនៃការប្រជុំប្រចាំឆ្នាំនៅទីក្រុងដាវូសគឺគ្របដណ្តប់ដោយរឿងរ៉ាវក្រឡាប់ចាក់រវាងត្រាំវ័យ ៧៣ ឆ្នាំនិងអ្នកធ្វើយុទ្ធនាការការពារបរិស្ថានអាយុ ១៧ ឆ្នាំ ដោយពួកមេដឹកនាំសាជីវកម្មជាប់នៅចន្លោះកណ្តាលរវាងអ្នកទាំងពីរ ហើយក៏មានការបារម្ភដែរថា មានតែការនិយាយ តែការអនុវត្តជាក់ស្តែងគឺគ្មាន។

នាងថាន់បឺកបានពង្រឹងជំហររបស់នាងបន្ថែទៀតនៅទីក្រុងដាវូស។

ក្មេងស្រីសញ្ជាតិស៊ុយអែតរូបនេះបាននិយាយថា “ផ្ទះរបស់យើងកំពុងឆេះនៅឡើយទេ” ដោយស្រែកថ្កោលទោសចំពោះ “ការមិននិយាយស្តី និង ការសន្យាតែមាត់” របស់ពួកមេដឹកនាំ និង សាររបស់ពួកគេថា ក្មេងៗជំនាន់ក្រោយមិនគួរបារម្ភទេ ស្រពេលដែលក្មេងៗរាប់លាននាក់ទាំងនោះបានចូលរួមការតវ៉ារាល់ថ្ងៃសុក្ររបស់នាងថាន់បឺកនៅជុំវិញពិភពលោក។

នាងនិយាយថា “ភាពអសកម្មរបស់ពួកអ្នកឯងនឹងធ្វើឱ្យអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំង”៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំថាស្តាយមិនបានស្តាប់ថាន់បឺកនិយាយ