​វីរុស​ថ្មី​ដូចគ្នា​នឹង​វីរុស​សា​(SARS)​បាន​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​នៅ​ចិន និង​៥៧១​នាក់​ទៀត​បាន​ឆ្លង​វា នៅពេល​វីរុស​ចម្លង​រវាង​មនុស្ស​នេះ ធ្វើដំណើរ​ឆ្ងាយ​​ទៅដល់​កូរ៉េ ជប៉ុន ថៃ​និង​អាម៉េរិក​តាមរយៈ​អ្នកដំណើរ ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​ធំធេង​ដោយ​សារ​វា​កើត​ចំ​ពេល​មនុស្ស​រាប់​​រយ​លាន​នាក់​ធ្វើ​ដំណើរ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។​

​ប្រទេស​ជាច្រើន​បាន​បង្កើន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូលមក​ពី​ចិន ជាពិសេស​ពី​ទីក្រុង​វូ​ហាន​ដែលមាន​ប្រជាជន​១១​លាន​នាក់​ហើយ​ដែល​ឥឡូវ​ត្រូវ​ប​ង្ខាំ​​ង​នៅ​ដាច់​ពី​គេ ។​

​ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​អំពី​វីរុស​នេះ​៖

-​អ្វី​ជា​កូរ៉ូណា​វីរុស​?

​កូរ៉ូណា​វីរុស ជា​ផ្នែក​មួយ​នៃ​ក្រុម​វីរុស​ធំ​មួយ ដែល​បង្ក​ជម្ងឺ​ចាប់ពី​ផ្តាសាយ​ធម្មតា​ដល់​ជម្ងឺ​ធ្ងន់ធ្ងរ ដូ​ជា​ជម្ងឺ​សា​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​កាលពី​ជាង​ដប់​​ឆ្នាំមុន​។​វា​ជា​វីរុស​ចម្លង​តាម​ខ្យល់ រាលដាល​ស្រដៀង​គ្នា​នឹង​វីរុស​ផ្តាសាយ​ដែរ​។​

-​តើ​មាន​រោគសញ្ញា​ដូច​ម៉េច​?

​ឈឺក្បាល ហៀរ​សំបោរ ក្អក ឈឺ​បំពង់ក ដកដង្ហើម​ខ្លីៗ ហើយ​បើ​វីរុស​រាល​ចូល​ផ្លូវដង្ហើម វា​បណ្តាល​អោយ​រលាក​សួត ហើយ​មនុស្ស​ចាស់ អ្នក​មាន​ជម្ងឺ​បេះដូង​និង​​អ្នក​មាន​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ខ្សោយ ងាយ​រងគ្រោះ​ជាង​គេ​ពី​ការវាយលុក​របស់​វា​។​

-​វា​ថ្មី​ទាំងស្រុង​

​ភ្នាក់ងារ​បង្ក​ជម្ងឺ​នេះ​ទំនងជា​មិន​ត្រូវបាន​គេ​ស្គាល់​ពី​មុន​ក្នុងចំណោម​កូរ៉ូណា​វីរុស ដែល​បង្ក​ជម្ងឺ​ផ្សែង​ផ្សេង​ចាប់ពី​ផ្តាសាយ​ធម្មតា ដល់​ជម្ងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​សារ​)​ដែល​បាន​សម្លាប់​មនុស្ស​៣៤៩​នាក់​នៅ​ចិនដីគោក​និង​២៩៩​នាក់​នៅ​ហុងកុង​រវាង​ឆ្នាំ​២០០២​និង​២០០៣​។​

​អាណូត ហ្វុង​តា​ណែត ប្រធាន​នាយកដ្ឋាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ក្រុងប៉ារីស បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​ប្រភេទ​វីរុស​បច្ចុប្បន្ន​ដូច​ជា​នឹង​វីរុស​សា​(SARS) ៨០​ភាគរយ​។​

​ចិន​បាន​ចែករំលែក​បណ្តុំ​ពន្ធុ​នៃ​កូរ៉ូណា​វីរុស​នេះ​ជាមួយ​សហគមន៍​វិទ្យាសា​ស្ត្រ​អន្តរជាតិ​។​វា​ត្រូវ​គេ​ដាក់ឈ្មោះថា​2019-nCoV​។​

-​វា​ចម្លង​រវាង​មនុស្ស​

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​ជឿ​ថា​សត្វ​ជា​ប្រភពដើម​នៃ​ការផ្ទុះ​ជម្ងឺ​នេះ និង​អាជ្ញាធរ​ក្រុង​វូ​ហាន​កំណត់ថា ផ្សារ​លក់​​អាហារ​សមុទ្រ​មួយ​(​រួម​ទាំង​សត្វ​រស់​)​ក្នុង​ទីក្រុង​នេះ​ជា​ប្រភពដើម​។​

​តែ​ចិន​ក្រោយមក​បាន​អះអាង​ថា មាន​ភស្តុ​ង​តាង​ដែល​ថា​វីរុស​នេះ ឥឡូវ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ទោះ​ជា​អ្នក​ជម្ងឺ​ខ្លះ​មិន​បាន​ប៉ះពាល់​ឬ​ទៅ​កាន់​ផ្សារ​នោះ​ក៏​​ដោយ​។​

​មនុស្ស​ជិត​៦០០​នាក់​នាក់​(៥៧១​នាក់​)​ត្រូវ​បាន​បញ្ជាក់​ថា​ឆ្លង​វីរុស​នេះ ភាគច្រើន​នៅ​ទីក្រុង​វូ​ហាន​។​លី ប៊ីន មន្ត្រី​នៅ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន បាន​​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ជាង​១​ពាន់​នាក់​ស្ថិតក្រោម​ការតាមដាន​វេជ្ជសាស្ត្រ​ដោយ​សង្ស័យ​ថា​ឆ្លង​វីរុស​នេះ​។​

​អ្នកជំនាញ​ម្នាក់​នៅ​មហាវិទ្យាល័យ​ក្រុង​ឡុង​ដ៍ បាន​និយាយថា វីរុស​ទំនង​ជា​ចម្លង​តាម​ដំណក់ទឹក​ក្នុង​ខ្យល់អាកាស ដោយសារ​តែ​អ្នក​ជម្ងឺ​កណ្តាស់​ឬ​ក្អក​។​

​ពួក​វេជ្ជបណ្ឌិត​នៅ​ហុងកុង​បាន​ប៉ាន់ស្មាន​ថា វីរុស​នេះ​បាន​ចម្លង​មនុស្ស​១.៣៤៣​នាក់​នៅ​វូ​ហាន ដែល​ចំនួន​នេះ​ប្រហាក់ប្រហែលគ្នា​នឹង​ការ​វាយ​តំលៃ​របស់​មហា​វិ​​ទ្យា​ល័យ​Imperial College​នៅ​ក្រុង​ឡុង​ដ៍ដែល​ថា​មាន​ចំនួន​១.៧០០​នាក់​បាន​ឆ្លង​។​

-​វា​ស្លូត​ជាង​សា​(SARS)

​បើ​ធៀប​នឹង​វីរុស​SARS កូរ៉ូណា​វីរុស​2019-nCoV​នេះ​ទំនងជា​វាយប្រហារ​តិចជាង និង​ពួក​អ្នកជំនាញ​និយាយថា ចំនួន​មនុស្ស​ស្លាប់​ក៏​ទាប​ជាង​ដែរ​។​

-​អាច​ជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​ដែរឬទេ​?

​អង្គការ​WHO​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ថា ខ្លួន​នឹង​ប្រកាស​ថា​តើ​វា​ជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​ដែរ​អត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​​រង់ចាំ​ទទួល​ព័ត៌មាន​និង​វាយ​តំលៃ​សភាពការណ៍​។​

​វីរុស​នេះ​តាំងពី​មុន​មក ក្រៅ​ពី​ចិន​ត្រូវបាន​គេ​រាយការណ៍​ថា​រកឃើញ​នៅ ថៃ ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ា​កាវ​និង​អាម៉េរិក​។​

​សូមបញ្ជាក់​ថា តាំង​ពី​កកើត​អង្គការ​នេះ​មក វា​ទើប​ប្រកាស​គ្រាអាសន្ន​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​៥​លើក​ប៉ុណ្ណោះ រួម​មាន​ការផ្ទុះ​ជម្ងឺផ្តាសាយបក្សី​បង្កដោយ​​វីរុស​H1N1​នៅ​ឆ្នាំ​២០០៩​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០.០០០​នៅ​ទូទាំង​ពិភពលោក​។​

​ការផ្ទុះ​ជម្ងឺ ស្វិតដៃជើង​នៅ​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គានី​ស្ថាននិង​នី​ហ្សេ​រី​យ៉ា​ក៏​ត្រូវបាន​ប្រកាសថា​ជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​មួយ​នៅ​ឆ្នាំ​២០១៤​។​​បន្ទាប់​មក​ជម្ងឺ អេ​បូឡា នៅ​៣​ប្រទេស​នៃ​ទ្វីបអាហ្វ្រិក​ចាប់ពី​ឆ្នាំ​២០១៤​ដល់​២០១៦ ក៏​ចាត់ទុកជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​អន្តរជាតិ​។​មនុស្ស​ជិត​៣០.០០០​នាក់​បាន​ឆ្លង និង​ជាង​១១.០០០​នាក់​បាន​ស្លាប់​។​

​ជម្ងឺ​ហ្ស៊ី​កា​(Zika)​ដែល​ចម្លង​ដោយសារ​មូស​នៅ​អាម៉េរិក​ខាងត្បូង​នៅ​ឆ្នាំ​២០១៦​ក៏​ត្រូវបាន​ចាត់ទុកជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​អន្តរជាតិ​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​