សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ

298
ចែករម្លែក

ដោយ:សុផល/ត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ គឺកម្ពុជាមាន ឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា (រូបថត:សុផល)

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាព គឺជាធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម។

នៅចំពោះមុខព្រះសង្ឃនិងពលរដ្ឋជាច្រើនរយនាក់ សម្តេច បានលើកឡើងថា “អនាគត​របស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែងនិងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជ​ន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ជម្រាបពលរដ្ឋថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវក្នុងការបើកចំហនិងលើកទឹកចិត្តដល់ អ្នកវិនិយោគជាតិនិងអន្តរជាតិគ្រប់ប្រភេទ។យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោល ដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា រោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនពលរដ្ឋ នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបានថវិកា​សរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់ ។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមសកម្មភាពអាទិភាពរបស់ខ្លួន។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ សម្តេចបានមានប្រសាសន៍ថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម