ដោយ:គូលែន/សៀមរាប ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

ពិធី ប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ – ២០២៣ សម្រាប់តំបន់សៀមរាប គឺមានការចូលរួមពីលោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ។

លោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បាននិយាយថា នេះជាលើកទី២ នៅតំបន់សៀមរាប នៃការផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ខណៈលើកទី១ នៅតំបន់តាកែវបានផ្សព្វផ្សាយរួចហើយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ កន្លងទៅ ហើយការរៀបចំវគ្គផ្សព្វផ្សាយនេះឡើង ដើម្បីសម្រេចគោលដៅធំៗចំនួន៣ ។

លោកបានបន្តថា គោលដៅទាំង៣នោះគឺ ទី១ គឺដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតឡើងនៅក្នុងការអនុវត្ត ផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨កន្លងទៅ , ទី២ គឺដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានា ដល់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយ អទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តារបៀបវារៈសាកល អនុសញ្ញា និងកម្មវិធីអន្តរជាតិនានានៅតាមវិស័យ និងទី៣ គឺដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំឆ្នាំ នូវការអនុវត្តផែនការទាំងនោះផងដែរ ។

លោកបានបន្តថា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្ត ដូចមានចែងនៅក្នុងយុទ្ធសាស្រ្ត ចតុ កោណតំណាក់កាលទី៤ ដែលបានកំណត់ថា យុទ្ធសាស្រ្ត ចតុកោណ តំណាក់កាលទី៤ នឹងត្រូវអនុវត្តតាមរយៈនៃផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដូច្នេះវិធីសាស្រ្តនៃការកំណត់ខ្លឹមសាររបស់ផែនការ គឺត្រូវបានកែលម្អដោយផ្តោតទៅលើ៣ចំណុច ៖ ទី១. ការផ្សារភា្ជប់នូវសកម្មភាពអាទិភាព ដែលត្រូវបានអនុវត្តដោយក្រសួង-ស្ថាប័ននីមួយៗ ជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា , ទី២. ការកំណត់តម្លៃដែលត្រួវចំណាយលើការអនុវត្តសកម្មភាពទាំងនោះ គឺដោយផ្អែកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទី៣. ការប៉ាន់ស្មាននូវបរិមាណធនធានសារុបពីគ្រប់ប្រភពទាំងអស់ ដែលអាចមាន ឬ ដែលចាំបាច់ត្រូវតែធ្វើការកៀរគរ ដើម្បីសម្រេចឲ្យបាន នូវរាល់ចំណុចគោលដៅទាំងឡាយរបស់ផែនការ ហើយសង្ឃឹមថា តាមរយៈនៃការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តនេះ នឹងផ្តល់បាននូវចំណេះដឹង និងបទពិសោធន៍សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់ មានសមត្ថភាពប្រើប្រាស់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅតាមអង្គភាព-ស្ថាប័ន របស់ខ្លួនផ្ទាល់។

លោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមាន ការចូលរួមសហការ និងផ្ដល់អនុសាសន៍​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈនៃអង្គសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាច្រើនលើកច្រើនសារនាពេលកន្លងមក ខណៈដែលផែនការយុទ្ធសាស្ត្រនេះ បានដើរតួនាទីយ៉ាង​​សំខាន់នៅក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦- ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍៕B/