ពេទ្យសត្វខេត្តបន្ទាយមានជ័យបន្ត​បង្ក្រាបបានមាន់រស់ដែលនាំចូលពី​ប្រទេសថៃតាមច្រករបៀង

311
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលឬពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តបន្ទាយមានជ័យ ជាបន្តបង្ក្រាបបាននូវមាន់រស់ដែលឈ្មួញលួចនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រករបៀងនៃព្រំ​ដែន​កម្ពុជា ថៃក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី២៣ខែមករាថា នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២០ ក្រុមអន្តរាគមន័នៃមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានធ្វើការស្ទាក់ឃាត់ចាប់បានរថយន្តដឹកមាន់រស់១គ្រឿងម៉ាកនីសាន់១បាំងកន្លះពាក់ស្លាកលេខបាត់បង២A៤៨៩៣ ពណ៌ទឹកប្រាកក់ ដែលផ្ទូកមាន់រស់ចំនួន៩១២ក្បាលស្មើនឹង១១៤ត្រការ។

មាន់រស់ទាំងនេះ ត្រូវបានម្ចាស់និងអ្នកដឹកនេះប្រាប់ថា បានលួចនាំចូលពីប្រទេស​ថៃមកប្រទេសកម្ពុជាតាមច្រករបៀងចម្ការគភូមិចម្ការគឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ (ដែលឈរជើងដោយយោធាកងការពារព្រំដែនលេខ៥០៣)។

កម្លាំងជំនាញបានដេញ ស្ទាក់ឃាត់រថយន្តនោះបាននៅលើផ្លូវជាតិលេខ៥៨ចំនូចមុខវត្តព្រៃចាន់ភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ។ ម្ចាស់រថយន្ត ជាអ្នកបើកបរនិងក៏ជាម្ចាស់ទំនិញមាន់រស់នោះមានឈ្មោះឆោម នាវ ភេទប្រុសរស់នៅភូមិទួលពង្រឃុំទួលពង្រស្រុកម៉ាឡៃ។ ហើយថាគោលដៅនៃការដឹកជញ្ជូនសត្វមាន់រស់នេះ គឺយកទៅបោះដុំឲ្យម៉ូយនៅខេត្តសៀមរាបក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ។

បន្ទាប់មកសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងខាងលើមកបង្ខាំងទុកនៅកន្លែងចត្តា​ឡីស័កនៃការិយាល័យនៃមន្ទីរកសិកម្មខេត្ត ដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរងចាំអនុវត្តនីតិវិធីនិងផាកពិន័យ។

គួរបញ្ជាកថា ការទប់ស្កាត់ បង្ក្រាបនេះ ជាការទទួលខុសត្រូវក្នុងតួនាទី ភារកិចមន្ត្រីជំនាញពេទ្យសត្វ និងជាពិសេសក៏ជាការអនុវត្តតាមការណែនាំរបស់ឯកឩត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យបាល ក៏ដូចជាការយកចិត្តទុកដាក់របស់ឯកឩត្តមអភិបាលខេត្តនិងប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងេសាទខេត្តផងដែរ។ ហើយវិធានការនេះ ត្រូវបានបង្កើនឡើងក្នុងឨកាសរដូវបុណ្យចូលឆ្នាំចិន វៀតណាមនេះ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៩ខែមករាកន្លងមក ក្រុមអន្តរាគមន៍ពេទ្យសត្វខាងលើនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានស្ទាក់បង្ក្រាបបានរថយន្តចំនួន០២គ្រឿង ផ្ទុកជ្រូករស់សរុប ៤២ក្បាល នៅឃុំអូរបីជាន់ បន្ទាប់ពីវាត្រូវលួចនាំចូលតាមច្រករបៀងណងចាន់ភូមិជោគជ័យឃុំអូរបីជាន់ (ដែលឈរជើងដោយកម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ ដែរ ) ។

បទល្មើសរត់ពន្ធ រួមទាំងបទល្មើសលើអនុវិស័យផលិតកម្មនិងបសុព្យាបាលមានមាន់ទា ជ្រូក និងផលិតផលពីបក្សី ពីជ្រូកនៅតែបន្តកើតមានតាមច្រករបៀងមួយចំនួនក្នុងចំណោមច្រករបៀងជាង៦០កន្លែងលើបណ្តោយខ្ដែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងភូមិ​សាស្ត្​រខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា ឈមគ្នានឹងខេត្តស្រះកែវ និងខេត្តបូរីរ៉ាំប្រទេសថៃ។

ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត ហើយច្រករបៀងនៅតែបើក គឺជាការអនុវត្តផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯកភពរដ្ឋបាលខេត្ត ។

ឯមន្ត្រីជំនាញពេទ្យសត្វពុំមានប្រចាំការតាមចក្ររបៀង ហើយក៏មិនទទួលកិច្ចសហការិកងកម្លាំងការពារព្រំដែនដែរ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម