ដោយ:វិបុល/ភ្នំពេញ ៖ សន្ដិភាពជាកត្តាស្នូល ដែលនាំឲ្យមានវឌ្ឍនភាពយ៉ាងគួរឲ្យកត់សម្គាល់ លើគ្រប់ផ្នែក ក្រសួងសុខាភិបាល បានបង្ហាញការប្ដេជ្ញាថា នឹងឈានទៅសម្រេចឲ្យបាន នូវសេវាសុខាភិបាលឌីជីថល ដើម្បីដោះស្រាយបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ទទួលបានប្រសិទ្ធភាពខ្ពស់។
នេះជាការអះអាងរបស់មន្រ្ដីនាំពាក្យសុខាភិបាល លោកស្រី ឱ វណ្ណឌីន តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី”។
លោកស្រីឱ វណ្ណឌីន បានលើកឡើងថា ក្រោយពីប្រទេសជាតិទទួលបានសន្ដិភាពពេញលេញ ក្រសួងសុខាភិបាល កសាងបាននូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដយ៉ាងសំបូរបែប ធនធានមនុស្សប្រកបដោយគុណភាព គោលនយោបាយសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងការងារនិយ័តកម្មឱសថបានយ៉ាងល្អប្រសើរ ដើម្បីធានាការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត។
លោកស្រី ក៏បានថែ្លងទៀតថា “…ក្រសួងសុខាភិបាល កំពុងតែខិតខំពិចារណា ដើម្បីដាក់ចេញនូវផែនការ ធ្វើទំនើបកម្មមន្ទីរពេទ្យរបស់យើងជាបន្ដទៀត…មានន័យថា យើងមានខ្លះហើយ ហើយយើងធ្វើទំនើបកម្មបន្ថែមទៀត…យើងកំពុងតែគិតគូរដោយធ្វើទំនើបកម្ម Digital Health (សុខាភិបាលឌីជីថល)…យើងកំពុងតែគិតគូរ ទាំងការគ្រប់គ្រងនៅតាមបណ្ដាមន្ទីរពេទ្យ ក៏យើងបានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលនេះ…ហើយយើងក៏កំពុងពិនិត្យលទ្ធភាពធ្វើបន្ដទៀត ជាមួយនឹងដៃគូរ ក្នុងការបង្កើតApplication ផ្សេងៗ ជាពិសេសដើម្បីបង្កើន និងជំរុញ នូវការប្រើប្រាស់បន្ថែមទៀតសម្រាប់ទប់ស្កាត់ជំងឺមិនឆ្លង…៕/B/