ក្រសួងយោធាតៃវ៉ាន់បាននិយាយថា យន្តហោះរបស់កងទ័ពអាកាសចិនបានបើកកាត់ផ្លូវទឹកមួយ ឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់នៅក្នុងការធ្វើសមយុទ្ធចម្ងាយឆ្ងាយមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករា ។វាជាសមយុទ្ធទ័ពអាកាសចិនលើកដំបូង ចាប់តាំងពីកោះតៃវ៉ាន់បានរៀបចំធ្វើការបោះឆ្នោតនៅខែនេះដែលលទ្ធផលមិនសមតាមបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ចិនអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងអាចប្រើកម្លាំងចាប់មកធ្វើការបង្រួបបង្រួមជាតិឡើងវិញ បើចាំបាច់។ចិនតាមធម្មតាបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងផ្សេងៗទៅជិតៗកោះតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ីនវេន ចូលកាន់តំណែងនៅឆ្នាំ២០១៦។
ចិនប៉េកាំងជឿថា លោកស្រីសាយ ជំរុញឯករាជ្យភាពរបស់កោះនេះ ដោយលោកស្រីបាននិយាយថា តៃវ៉ាន់ជាប្រទេសឯករាជ្យមួយដែលមានឈ្មោះផ្ទាល់ខ្លួនថាសាធារណរដ្ឋចិននិងមិនទទួលស្គាល់គោលការណ៍«មានចិនតែមួយ»។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងយោធាតៃវ៉ាន់ បាននិយាយថា យន្តហោះទម្លាក់គ្រាប់H-6និងយន្តហោះព្រមានជាមុនKJ-500 របស់ចិនបានហោះឆ្ពោះទៅខាងត្បូងកោះតៃវ៉ាន់ ដោយឆ្លងកាត់ច្រកសមុទ្របាស៊ី ឆាណែល ដែលខណ្ឌកោះតៃវ៉ាន់និងហ្វីលីពីន។ក្រោយធ្វើសមយុទ្ធលើមហាសមុទ្រប៉ាស៊ីហ្វិក យន្តហោះទាំងនោះបានវិលទៅចិនវិញ។
សូមបញ្ជាក់ថាក្រោយលោកស្រីសាយជាប់ឆ្នោតជាថ្មីនៅខែនេះ សារព័ត៌មានរដ្ឋចិនបាននិយាយថា ចិនអាចបង្ហាញសាច់ដុំនៅជិតតៃវ៉ាន់ដើម្បីបង្ហាញថា ចិនប៉េកាំងមិនសប្បាយចិត្តនឹងលោកស្រីសាយ៕ប្រែសម្រួល៖វាសនា
វីដេអូស្តីពីសមយុទ្ធកងទ័ពអាកាសចិនជិតកោះតៃវ៉ាន់នាពេលកន្លងមក
យន្តហោះទម្លាក់គ្រាប់H-6របស់ចិនបានហោះឆ្ពោះទៅខាងត្បូងកោះតៃវ៉ាន់