មនុស្សម្នាក់ត្រូវបានសម្លាប់និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបាញ់រះនៅក្នុងតំបន់ដ៏មមាញឹកមួយនៃទីក្រុង ស៊ីអាថល សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធទី២២មករា។
ប៉ូលិសបាននិយាយថាខ្មាន់កាំភ្លើងនេះបានរត់គេចពីកន្លែងកើតហេតុនោះហើយប៉ូលិសមិនទាន់រកឃើញអ្នកប្រហារនេះនៅឡើយទេ រីឯមូលហេតុនៃការបាញ់នេះក៏គេនៅមិនទាន់ដឹងដែរ។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យនៃទីក្រុងនេះ បាននិយាយថា ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងជនរងគ្រោះផ្សេងៗទៀត ត្រូវបានដឹកទៅមន្ទីរពេទ្យ។
កាសែត Seattle Times បានរាយការណ៍ថា នេះជាការបាញ់ប្រហារលើកទី៣នៅទីក្រុងស៊ីអាថល ក្នុងរយៈពេលមិនដល់២ថ្ងៃផង។កាលពីថ្ងៃអង្គារ បុរសម្នាក់ ត្រូវបានបាញ់ស្លាប់នៅមណ្ឌលផ្សារទំនើបមួយនៅទីក្រុងនេះ ហើយអ្នកបាញ់ប្រហារនេះ ក៏បានរត់គេចពីកន្លែងកើតហេតុផងដែរ៕ប្រែសម្រួល៖សុខា/sn
រូបភាពពីកន្លែងកើតហេតុបានបង្ហាញក្រុមមន្ត្រីប៉ូលិសជួយសង្គ្រោះជនរងគ្រោះ