ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសអនាថាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងលូ តាមចិញ្ចើមផ្លូវ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
សាកសពជាជនអនាថា ភេទប្រុស អាយុជាង៣០ឆ្នាំ គ្រាន់តែគេហៅឈ្មោះ ក្រហ៊ុប ព្រោះបុរសខាងលើ បាក់ធ្មេញអស់ហើយ នៅកន្លែងកើតហេតុ គ្មានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណឡើយ ផ្ទះសម្បែង សាច់ញាតិ បងប្អូនមិនដឹងនៅឯណា ដើរដេកតាមផ្លូវ ចូលត្បុលនៅក្នុងលូ ធ្វើជាទីជម្រក រស់ដោយសារ ប្រជាពលរដ្ឋ ឲ្យបាយ ទឹក ដើរសុំទាន។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសរូបនេះ ក្នុងសភាពជម្ងឺប្រចាំកាយ យកលូធ្វើជាទីជម្រកស្នាក់នៅ យប់ថ្ងៃ ស្រាប់តែ អស់រយៈពេលច្រើនថ្ងៃមកហើយ ដែលបុរសខាងលើ មកស្នាក់នៅទីនេះ ស្រាប់តែមកដល់វេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃនេះ មិនឃើញចេញពីលូ រកបាយទឹក ដូចសព្វដង ព្រោះថា បុរសខាងលើឃើញដេកក្នុងលូតាំងពីព្រឹកមកម្លេះ ដើរទៅមើលទើបដឹងថាស្លាប់បាត់ទៅហើយ ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង។
សាកសពក្រោយពីសមត្ថកិច្ចពិនិត្យ ឃើញថាស្លាប់ដោយសារជម្ងឺប្រចាំកាយ សមត្ថកិច្ចមូលដ្ឋានសហការជាមួយអាជ្ញាធរ ចាត់ចែងដឹកយកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីសាញ់៕B/