ពួកមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា ហុងកុងនឹងប្រែក្លាយជំរំលំហែកាយពីរ រួមទាំងបន្ទាយទាហានមួយផងដើម្បីធ្វើជាកន្លែងដាក់អ្នកសង្ស័យឆ្លងកូរ៉ូណាវីរុស ដែលកំពុងបង្កការភ័យខ្លាចនៅចិនដីគោក។
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ បាននិងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្លាំងចំពោះវីរុសដែលបានសម្លាប់មនុស្ស១៧នាក់និងចម្លងមនុស្សជិត៦០០នាក់នៅចិន។
ទីតាំងខាងលើនេះ ធ្លាប់ប្រើសំរាប់ដាក់អ្នកកើតជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(សារ)កាលពី១៧ឆ្នាំមុន។កាលណោះ មនុស្សជិត៣០០នាក់ត្រូវវីរុសសាសម្លាប់នៅហុងកុង។
តាំងពីមុនមក មនុស្ស២នាក់នៅក្នុងទីក្រុងនេះត្រូវបានរកឃើញថាផ្ទុកកូរ៉ូណាវីរុសថ្មី ដែលស្រដៀងគ្នានឹងវីរុសសា។អ្នកទាំងពីរបានទៅទីក្រុងវូហាន របស់ចិនកាលពីពេលថ្មីៗ។បច្ចុប្បន្នពួកគេត្រូវបានព្យាបាលនៅដាច់ពីគេក្នុងងមន្ទីរពេទ្យមួយ។
ទីក្រុងល្បែង ម៉ាកាវ ដែលសំបូរអ្នកទេសចរទៅពីចិនដីគោក ក៏រកឃើញអ្នកផ្ទុកវីរុសនេះ២ករណីផងដែរ។
តាមពិតអ្នកដែលត្រូវបានបញ្ជាក់ថាមានវីរុសនេះ ត្រូវព្យាបាលដោយយកចិត្តទុកដាក់ក្នុងបន្ទប់ដោយឡែកនៅមន្ទីរពេទ្យរបស់ហុងកុងរីឯជំរំនិងបន្ទាយទាហាននេះត្រៀមសំរាប់ដាក់ជនសង្ស័យ ឬអ្នកកំពុងរង់ចាំលទ្ធផលតេស្តរកមើលវីរុសក្នុងខ្លួនតែប៉ុណ្ណោះ។វិធីនេះត្រូវបានអនុវត្តកាលពីផ្ទុះជម្ងឺសាកាលពីជាងដប់ឆ្នាំមុន។
ក្នុងពេលជាមួយគ្នាដៃទ្វារ ប៊ូតុង បង្កាន់ដៃជណ្តើរយន្ត និងទ្វារជណ្តើរយោងនៅក្នុងអាគារខ្ពស់ៗរបស់ទីក្រុងនេះ រួមទាំងស្ថានីយរថភ្លើងក្រោមដី ត្រូវធ្វើអនាម័យជាច្រើនដងក្នុង១ថ្ងៃ៕ប្រែសម្រួល៖វាសនា
អ្នកដំណើរទៅពីចិនដីគោក ត្រូវបានប្រទេសទទួលមានការប្រុងប្រយ័ត្ននិងពិនិត្យសុខភាព