ដោយៈសុផល/ភ្នំពេញៈសម្តេចវិបុលសេនាភក្តី សាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកW.PatrickMurphyឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសកាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះលោកW.PatrickMurphyបានមានប្រសាសន៍ថា៖នេះគឺជាលើទី១ហើយដែលលោកបានមកព្រឹទ្ធសភានិងបានជួបសម្តេចប្រធានព្រឹទ្ធសភាដើម្បីស្វែងយល់អំពីតួនាទីភារកិច្ចនិងសមត្ថកិច្ចរបស់ព្រឹទ្ធសភាព្រមទាំងស្វែងយល់អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជាដែលអនុវត្តតាមរយៈស្ថាប័នព្រឹទ្ធសភា។

លោកW.PatrickMurphyបានគូសបញ្ជាក់ថា«តាមរយៈបេសកកម្មការទូតរបស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជាខ្ញុំនឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងភាពជាដៃគូសំដៅឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវបុព្វហេតុសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងក្របខណ្ឌឯករាជ្យអធិបតេយ្យភាពជាតិរបស់ខ្លួន»។

លោកឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា៖ក្នុងឱកាសខួបលើកទី៧០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកលោកនិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពគ្នាប្រារព្វពិធីខួបលើកទី៧០នេះ ដើម្បីបង្ហាញអំពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងនាមព្រឹទ្ធសភានិងខ្លួនសម្តេចផ្ទាល់សម្តេចវិបុលសេនាភក្តីសាយឈុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកW.PatrickMurphyដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចសង្ឃឹមថា«បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជានឹងរួមចំណែកក្នុងការពង្រឹងពង្រីកនិងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ»។
សម្តេចប្រធានព្រឹទ្ធសភាក៏បានជម្រាបលោកW.PatrickMurphyអំពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានគូសបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយខ្ជាប់ខ្ជួនស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជាតាមដំណាក់កាលនីមួយៗ។

សម្តេចបានបញ្ជាក់ថាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលក្រសួងនិងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកទូតនិងស្ថានទូតអាមេរិកដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងនិងសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថាឆ្នាំនេះជាឆ្នាំខួបលើកទី៧០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក។សម្តេចសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រនិងជូនពរឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកឯកអគ្គរដ្ឋទូតសូមមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា៕S/

ចំណងជើងរូបថត៖ឯកអគ្គរដ្ឋទូតអាម៉េរិកសន្យានឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនិងភាពជាដៃគូឱ្យកាន់តែប្រសើរខណៈសម្តេចសាយឈុំសង្ឃឹមថាបេសកកម្មការទូតរបស់លោកនៅកម្ពុជានឹងរួមចំណែកក្នុងការពង្រឹងពង្រីកនិងជំរុញឱ្យល្អប្រសើរឡើងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ