ជនជាតិចិនម្នាក់ត្រូវបានធ្វើតេស្តឃើញផ្ទុកវីរុសវូហាន(វីរុសមានប្រភពចេញពីទីក្រុងវូហាន ប្រទេសចិន)នៅសិង្ហបុរី ហើយម្នាក់ទៀតក៏ទំនងជាមានវីរុសនេះផងដែរ។
បុរសអាយុ៦៦ឆ្នាំ ជាអ្នកក្រុងវូហាន បានមកដល់សិង្ហបុរី ជាមួយគូកន៩នាក់ទៀតកាលពីថ្ងៃចន្ទទី២០មករា និងបានស្នាក់នៅសណ្ឋាគារShangri-La’s Rasa Sentosa ។
ឥឡូវគ្រប់បន្ទប់នៅសណ្ឋាគារដែលបុរសនេះនិងមិត្តភ័ក្តិគេបានស្នាក់នៅត្រូវបានធ្វើអនាម័យ និងបិទមិនអោយអ្នកផ្សេងចូលស្នាក់នៅទេ។
ស្ត្រីចិនអាយុ៥៥ឆ្នាំម្នាក់មិនបានធ្វើដំណើរជាមួយក្រុមនេះទេ តែបង្ហាញថាមានវីរុសនេះដែរក្នុងការធ្វើតេស្តជំហានដំបូង និងកំពុងរង់ចាំការបញ្ជាក់។
កូនប្រុសអាយុ៣៧ឆ្នាំរបស់បុរសខាងលើ កំពុងសង្ស័យថាឆ្លងវីរុសនិងត្រូវបានដាក់នៅដាច់ពីគេ ខណៈអ្នករួមដំណើរ៨នាក់ទៀតបានចាកចេញពីសិង្ហបុរី។
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា មិនមានភស្តុតាងថាមានការឆ្លងវីរុសនេះទៅនរណាម្នាក់នៅសិង្ហបុរីទេ។ក្រសួងក៏បានចេញសេចក្តីណែនាំកុំអោយពលរដ្ឋសិង្ហបុរីធ្វើដំណើរទៅកាន់ខេត្តហ៊ូបេទាំងមូល ៕ប្រែសម្រួល៖វាសនា

ភ្ញៀវចាកចេញពីសណ្ឋាគារShangri-La’s Rasa Sentosa នៅសិង្ហបុរី