អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាថា ជំងឺបង្កឡើងដោយវីរុសនៅចិននៅមិនទាន់ជាគ្រោះអាសន្នសុខភាពសកលមួយនៅឡើយទេ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានចេញការវាយតម្លៃរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរចិនបិទខ្ទប់ទីក្រុងចំនួន៣បន្ថែមនិងលុបចោលពិធីសាធារណៈធំៗ និងការជួបជុំនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីចិន ដើម្បីកុំឲ្យការឆ្លងរាលដាលកាន់តែរីកធំឡើង។

ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហ្សឺណែវ អគ្គនាយកអង្គការWHOបាននិយាយថា នៅពេលការឆ្លងរាលដាលវីរុសនេះជាវិបត្តិមួយនៅចិន «វានៅមិនទាន់ជាគ្រោះអាសន្នសុខភាពសកលមួយនៅឡើយទេ»។
កាលពីថ្ងៃ២៣មករា ទូរទស្សន៍ចិនបាននិយាយថា មនុស្ស៦៤៣នាក់បានឆ្លងកូរ៉ូណាវីរុសតាំងពីមុនមកនៅចិន និង១៨នាក់បានស្លាប់។វាបានចម្លងមនុស្សសរុបជាង៦៥០នាក់នៅទូទាំងពិភពលោក។
ករណីមនុស្សផ្ទុកវីរុសនេះត្រូវបានរកឃើញនៅយ៉ាងតិច៧ប្រទេស ដោយសិង្ហបុរីនិងវៀតណាមជាប្រទេសចុងក្រោយគេដែលរកឃើញមនុស្សផ្ទុកកូរ៉ូណាវីរុស ហើយជប៉ុនកាលពីថ្ងៃ២៣មករាបានប្រកាសអំពីការរកឃើញមនុស្សផ្ទុកវីរុសនេះទី២ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន។
កាលពីថ្ងៃ២៣មករា ចិនបានបិទខ្ទប់ទីក្រុងទី២ បន្ទាប់ពីក្រុងវូហាន និងរឹតត្បិតការធ្វើដំណើរនៅទីក្រុង៣ទៀត ដើម្បីទប់ស្កាត់ការចម្លងកូរ៉ូណាវីរុសនេះកាន់តែរាលដាល។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អាជ្ញាធរចិនបានចាប់ផ្តើមបិទទីក្រុងវូហានដែលជាប្រភពផ្ទុះវីរុស ដោយលុបចោលការហោះហើរនិងសេវារថភ្លើងចេញពីទីក្រុងដែលមានមនុស្ស១១លាននាក់ ។នៅពេលល្ងាច ពួកមន្ត្រីបានបិទស្ថានីយរថភ្លើងនៅទីក្រុង ហឿចូវ រឹតត្បិតការធ្វើដំណើរនៅទីក្រុងតូចៗ២ទៀតនិងមានផែនការបិទទីក្រុ ហួងហ្កាង ដែលមានប្រជាជន៧,៥លាននាក់ នៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីវូហាន។
ស្ថានីយរថភ្លើងនៅហួងហ្កាង ត្រូវបិទរហូតដល់មានការជូនដំណឹងថ្មី។គ្រប់យានយន្តត្រូវត្រួតពិនិត្យ និងរង្គសាល និងរោងភាពយន្តបានបិទ៕ប្រែសម្រួល៖វាសនា/Ha
អាកាសយានដ្ឋានក្រុងវូហានស្ងាត់ក្រោយបិទ និងយានយន្តនៅទីក្រុងផ្សេងទៀតក្នុងខេត្តហ៊ូបេ ត្រូវបានត្រួតពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុស