រឿង​ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ ខេត្ត​ជាប់​ព្រំដែន​ត្រូវ​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ និង​ត្រូវ​ដឹក​ពលករ​ទៅកាន់​លំនៅដ្ឋាន​វិញ​ ​

1519
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ​ជា​ផ្លូវការ​ពាក់ព័ន្ធ អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ ត្រឡប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​អាជ្ញាធរ​ថៃ​រកឃើញ​ពលករ​ខ្មែរ​ទាំងនោះ​ពុំមាន​ឯកសារ​គ្រប់​​គ្រាន់​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។​
​ ​
​យោងតាម​លិខិត​ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាលខេត្ត​ពាក់ព័ន្ធ សម្ដេច​ក្រឡាហោម ស ខេង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរខេត្ត​​ជាប់​ព្រំដែន​ជាមួយ​ភាគី​ថៃ ត្រូវ​ជួបប្រជុំ​ជាបន្ទាន់​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន នៃ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ ត្រឡប់មក​កម្ពុជា​វិញ​ដោយ​​ស្នើ​ឲ្យ​ភាគី​ថៃ​យកចិត្តទុកដាក់ លើ​ការដឹកជញ្ជូន ការគោរព​សិទ្ធិ​ពលរដ្ឋ សុវត្ថិភាព សុខភាព និង​ស្បៀងអាហារ ឲ្យ​បាន​សមស្រប​។​
​ ​
​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សហការ​ស្រាវជ្រាវ តាមរក​ចាប់ខ្លួន​មេក្លោង​ដែល នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្រប់​តាមច្បាប់​ជា​ធរមាន​។​
​ ​
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ផ្សេងៗ ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​ថៃ ដើម្បី​ដោះស្រាយ​ដឹក​ពលករ មាន​លំនៅ​ក្នុង​ដែនដី​របស់ខ្លួន ពី​ព្រំដែន​មកកាន់​លំនៅឋាន​វិញ​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម