ភ្នំពេញ៖ ផលិតកម្មអិលឌី ភិចឈ័រ (LD Picture) បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើការ ផលិតភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ” រួចមកអ្នកនិពន្ធវ័យក្មេងនៅក្នុងផលិតកម្ម នេះគឺលោក នួន ម៉ូលីន បានបញ្ចេញស្នាដៃថ្មីរបស់ខ្លួនដោយស្នាដៃនេះជាភាពយន្តបែបភ័យ រន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ”។ ក្នុងកម្មវិធីប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការនូវខ្សែ ភាពយន្តមួយនេះក្រោមវត្តមានផលិតករសិល្បករជាច្រើនកុះករចូលរួម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំំ២០២០ នៅផ្សារទំនើបអ៊ីអន១ ស្នាដៃរបស់ផលិតកម្មនេះត្រូវបានសម្ពោធត្រៀម ចាក់បញ្ចាំងចំថ្ងៃអបអរចូលឆ្នាំថ្មីប្រពៃណីចិន។
អ្នកនិពន្ធរឿង លោក នួន ម៉ូលីន បានថ្លែងឱ្យដឹងថានេះគឺជាភាពយន្តទី២ដែលលោកបានខិតខំ និពន្ធ ជាច្រើនខែ មុនពេលត្រូវបានយកទៅផលិតជាភាពយន្ត ។ ភាពយន្តនេះបានឆ្លុះបញ្ចាំង ពីតថភាពនៃសង្គមបច្ចុប្បន្នមួយចំនួន ដូចជាការប្រើប្រាស់ពាក្យ ពេចន៍នៅលើបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក។ លោកថាក្រៅពីមានឈុតឆាកភ័យរន្ធត់ជាច្រើនភាពយន្តនេះបាន បង្កប់ដោយខ្លឹមសារអប់រំមួយចំនួនបន្ថែមទៀតពិសេសទំនាក់ទំនងឆ្លុះបញ្ចាំងពីការស្រលាញ់ បងប្អូន នៅក្នុងក្រុមគ្រួសារមួយ។ លោករំពឹងទុកថាភាពយន្តនេះនឹងទទួលបានការពេញចិត្ត ច្រើនពីទស្សនិកជន ពិសេសអ្នកដែលធ្លាប់គាំទ្រ និងនិយមទស្សនាភាពយន្តខ្មែរ។
កញ្ញា ប៊ូ ច័ន្ទដាណែត ដែលជាតារាសម្តែងក្នុងភាពយន្តនេះបានបង្ហាញពីការពេញចិត្តខ្លាំងនឹងស្នាដៃថ្មីមួយនេះរបស់ផលិតកម្ម ដែលកញ្ញាលើកឡើងថាជាភាពយន្តមាន គុណភាព ក្រោមការយកចិត្តទុកដាក់ពីផលិតករ ខណៈតារាសម្តែងក៏ជាសិល្បករប្រុសស្រីល្បីឈ្មោះ។ បើទោះបីជានេះគឺជាការសម្តែងភាពយន្តខ្នាតធំរបស់ខ្លួនមែនប៉ុន្តែកញ្ញាថា ក្នុងភាពយន្តនេះ មានលក្ខណៈពិសេសស្ទើរគ្រប់ឈុត សំខាន់គឺបង្កប់ដោយទស្សនៈអប់រំស៊ីជម្រៅដែលកញ្ញា រំពឹងថាទស្សនិកជននឹងទទួលបានទស្សនីយភាពថ្មីប្លែក និងទទួលបានគំនិតល្អៗក្រោយ ទស្សនាភាពយន្តមួយនេះចប់។
សូមបញ្ជាក់ដែរថា ចុងឆ្នាំ ២០១៩ ភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ” បានក្លាយជាភាពយន្ត ដែលទទួលបានពានរង្វាន់ច្រើនបំផុត ហើយក៏ជាភាពយន្តដែលត្រូវបាននាំចេញទៅចាក់ បញ្ចាំងនៅលើរោងកុននៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ ខណៈភាពយន្តស្នាដៃទី២ របស់ផលិតករ នួន ម៉ូលីន នេះគឺរឿង “ថេកចុងក្រោយ” បាននិងកំពុងចាក់បញ្ចាំងចាប់ពី ថ្ងៃទី២៣ខែមករាឆ្នាំ ២០២០នេះតទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕ ដោយ: បូរិន