ពិធីសែនចូលឆ្នាំថ្មីចិនឆ្នាំនេះ ធ្វើឡើង នាថ្ងៃសុក្រ ទី២៤ ខែមករានេះហើយ។ ពិធីចូល ឆ្នាំចិន រយៈពេលបីថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៥-២៧ ខែមករា។ ជារៀងរាល់ឆ្នាំ ខ្មែរកាត់ចិន និងជនជាតិ ចិនដែលរស់នៅកម្ពុជាយើង តែងតែប្រារព្ធពិធីចូលឆ្នាំថ្មី យ៉ាងអធិកអធម ក្នុងនោះបងប្អូន ខ្មែរយើង ដែលជាប់ខ្សែស្រឡាយចិន និងតាមទម្លាប់ពីកុងម៉ាមក បានរៀបចំពិធីសែន និងអ្នកខ្លះ បានធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាដើម។
ជាការកត់សម្គាល់នៅថ្ងៃសែនចូលឆ្នាំចិន គេក៏តែងតែឃើញសឹងគ្រប់ផ្ទះ ប្រជាពលរដ្ឋខ្មែរយើងបានរៀបចំសែន ហើយអ្នកមិនសែនក៏ស្កាត់ជួបជុំបងប្អូនមិត្តភក្តិ ដើម្បីជួបជុំ និងផឹកស៊ីជាក្រុមៗ។
និយាយពីការផឹកស៊ីគ្រឿងស្រវឹងវិញ គឺស្ទើរតែគ្រប់ផ្ទះ មិនថា នៅភ្នំពេញ ឬនៅខេត្ត និងនៅ ជនបទណាទេ។ពិសេសនោះ ឲ្យតែមានពិធីជួបជុំ ហើយពេលនេះ សែនចូលឆ្នាំចិនទៀត គឺប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ទាំងចាស់ ទាំងក្មេង និងទាំងស្រី ទាំងប្រុស បានជួបជុំ ផឹកស៊ីយ៉ាងសប្បាយរីករាយ។
ក៏ប៉ុន្តែសូមមេត្តា កុំផឹកឲ្យស្រវឹងពេក។បើស្រវឹង សូមមេត្តា កុំបើកបរ សូម្បីតែជិះកង់ ហើយ ទោះបីជាដើរឆ្លងកាត់ផ្លូវក៏ដោយក៏សូមកុំឲ្យសោះ។ ពេលស្រវឹង មិនត្រឹមតែគ្រោះថ្នាក់តែ ខ្លួនឯងទេ គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង។ ក្រៅពីអ្នកស្រវឹងចរាចរណ៍តាម ដងផ្លូវ ក៏មមាញឹកជាងថ្ងៃធម្មតា ។ដូច្នេះអ្នកបើកបរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យ និងកុំបើកបរលឿនៗពេក។
របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន កាលពី ឆ្នាំ២០១៩ រាប់ចាប់ពីថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ៦៧លើក បណ្តាលឲ្យស្លាប់ ៣៦នាក់ និងរបួស ៨៩នាក់។ បើធៀបនឹងឆ្នាំមុន គឺអំឡុងពេលចូលឆ្នាំចិន នៅឆ្នាំនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង តែចំនួនអ្នកស្លាប់ និងអ្នករបួស បានថយចុះ។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេលបួនថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពីឆ្នាំ២០១៨ គឺចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៦៦លើក បណ្តាលឲ្យស្លាប់ ៤៤នាក់ និងរបួស ៩១នាក់។
ក្រៅពីនេះបើមានការជួបជុំផឹកស៊ីហើយ ពិសេសនៅតាមជនបទភូមិឃុំនានា សូមមេត្តាកុំ បង្កជម្លោះ។ ជម្លោះមិនមានអ្វីចំណេញទេ ហើយរឹតតែមិនគួរទៀតនោះ គឺបង្កជម្លោះហើយ ថែមទាំងបង្កហិង្សាវាយកាប់ចាក់ ឬក៏រហូតដល់បាញ់បណ្តាលឲ្យរបួស ឬក៏ស្លាប់ ក៏សូមមេត្តាកុំឲ្យសប្បាយក្លាយជាទុក្ខឲ្យសោះ។
ក៏ដូចគ្នាដែរ អំឡុងពេល ពិធីសែនចូលឆ្នាំចិននេះ ក៏សូមប្រជាពលរដ្ឋ ពិសេសអ្នកនៅភ្នំពេញ មេត្តាប្រុងប្រយ័ត្នភ្លើងតាមរយៈការដុតក្រដាសសែន ទៀនធូប និងភ្លើង អគ្គិសនី ជាដើម។ ការដុតក្រដាសសែន គួរតែមានធុងដែក ត្រឹមត្រូវ ហើយមុនពេលចាកចេញពីផ្ទះក៏គួរពិនិត្យ ភ្លើងទៀន ពិសេសភ្លើងអគ្គិសនី។
យ៉ាងណាក៏ដោយ ប្រពៃណី ចូលឆ្នាំចិន ជារៀងរាល់ឆ្នាំនេះ បានបង្កើនចំណូលមិនតិចទេ ពិសេសចំណូលដល់អ្នកលក់គ្រឿងតុបតែងលម្អផ្ទះ និងសាច់បន្លែ ជាដើម។ ក្រៅ ពីនេះ ក៏ផ្តល់ចំណូលដល់ជាតិ និងតំបន់ទេសចរណ៍ តាមរយៈការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ខ្មែរយើង។ ក្នុងនោះ នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំ ក្រៅពីដើរលេងតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ ក្នុងស្រុកហើយ ក៏បានជិះយន្តហោះ ចេញទៅលេងនៅបរទេសថែមទៀតផង។
ជារួម ការរៀបចំសែនចូលឆ្នាំថ្មីចិន ការជួបជុំផឹកស៊ី ការដើរលេងទាំងក្នុងនិងទាំងក្រៅស្រុកក្នុង អំឡុងពេលចូលឆ្នាំចិននេះ សូមធ្វើដោយប្រុងប្រយ័ត្ន ប្រកបដោយសេចក្តីសុខ ហេងហេង និងរកស៊ីមានបានគ្រប់ៗគ្នាតទៅទៀត។ សូមសប្បាយដោយការទទួលខុសត្រូវ និងចូរចង ចាំថា ចូលឆ្នាំចិន មិនគួរខ្មែរយើងស្រវឹង ហើយក៏រឹតតែមិនគួរសប្បាយ ក្លាយជាទុក្ខនោះទេ៕ ដោយៈ ម៉េងឆៃ