អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលនគរបាលចរាចរណ៍ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងផាកពិន័យ ចំពោះអ្នកល្មើសច្បាប់។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ ក៏ដោយ ក៏គេសង្កេតឃើញថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនធំ នៅតែប្រកាន់ទម្លាប់ ចាស់មិន ខ្លាចច្បាប់ តែបែរជានាំគ្នាខ្លាច ប៉ូលិសទៅវិញ ។ ដូចនេះបញ្ហា គឺទាមទារឲ្យអ្នកប្រើប្រាស់ ផ្លូវថ្នល់ ត្រូវតែភ្ញាក់រលឹក ដោយមានស្មារតី គោរពច្បាប់ជាធំ ។
ជាងមួយឆ្នាំមកហើយ ដែលនគរបាលចរាចរណ៍ខ្មែរ នៅទូទាំងប្រទេស បានចាប់ផ្ដើមរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ មាត្រាមួយចំនួន នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានលក្ខណៈរឹតត្បិត និងតឹងតែងជាងច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ដោយចំពោះការផាកពិន័យ ។ យោងតាមច្បាប់ថ្មីនេះ ជនណាដែលប្រព្រឹត្តល្មើស ឬរំលោភទៅលើមាត្រាណាមួយ នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវផាកពិន័យ ជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ ឬ អាចនឹងត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ថែមទៀតផង។ ចាប់តាំងពីបើកយុទ្ធនាការ រឹតបន្តឹងការអនុវត្តច្បាប់ នគរបាលចរាចរណ៍ បានត្រួតពិនិត្យយានជំនិះ រាប់សែនគ្រឿង ។ ក្នុងនោះការផាកពិន័យម្ចាស់យានជំនិះដែលប្រព្រឹត្តល្មើសច្បាប់ បានធ្វើឡើងជាបន្តបន្ទាប់។
ក៏ប៉ុន្តែតួលេខនៃចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវបែរជាមានការកើន ឡើងទៅរិញ។ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញ ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០១៩ មានការកើនឡើងចំនួន ៤៥៤ លើក ស្មើនឹង ២៦% បណ្តាលឲ្យមនុស្សស្លាប់កើនឡើង ១២% ស្មើនឹង ២២០ នាក់ និង របួស១,៣៧១ នាក់ស្មើនឹង២៩% បើប្រៀបទៅឆ្នាំ ២០១៨ ។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកហេតុផលថា ដោយសារកត្តាសេដ្ឋកិច្ច ចំនួនមធ្យោបាយធ្វើដំណើរ នៅឆ្នាំ ២០១៩ បានកើនឡើង ៣៧% ដោយមធ្យោបាយធ្វើដំណើរ សរុបទូទាំងប្រទេស មានចំនួន ៥.៣៣៨.៣៩៤ គ្រឿង ក្នុងនោះ ម៉ូតូមានចំនួន ៤.៥៥៥.២២៤ គ្រឿង ស្មើនឹង ៨៣ % រថយន្តគ្រប់ប្រភេទ មានចំនួន ៧៨៣.១៧៣ គ្រឿង។ បរិមាណយានយន្តគ្រប់ប្រភេទ មានការកើនឡើង ដូច្នេះគឺជាកត្តាជម្រុញឲ្យចរាចរណ៍ នៅទូទាំងប្រទេស មានភាពមមាញឹក និងចង្អៀត ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើង ទៅតាមហ្នឹងដែរ។
សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាត់ទុកថាតួលេខនេះជាតួលេខមួយ ដែលត្រូវតែប្រកាស អាសន្នហើយសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវប្រកាសអាសន្ន ព្រោះវាកើនឡើងច្រើនពេក។ សម្តេចបានបន្តថា វាត្រូវដល់ពេល ប្រកាសអាសន្នហើយ យើងមិនអាចបន្តឲ្យជីវិតមនុស្ស ស្លាប់ កើនឡើង ២២០ នាក់ ជារៀងរាល់ឆ្នាំនោះទេ ។ សម្តេចបានចាត់ទុក វិធានដែលបានដាក់ចេញ កន្លងមក អនុវត្តន៍គ្មានប្រសិទ្ធភាព ។ សម្តេចក្រឡាហោម បានស្នើថា ឆ្នាំ២០២០នេះគឺជាឆ្នាំអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យបានតឹងរឹងជាងឆ្នាំណាៗទាំងអស់ បើប្រៀបធៀបទៅឆ្នាំកន្លងទៅ ។
ទោះបីមានការលើកឡើងថា ដោយសារកត្តាផ្លូវថ្នល់ កត្តាយានយន្ត និងកត្តាសេដ្ឋកិច្ចរីកចំរើន លឿន ទើបធ្វើឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង វាជាការត្រឹមត្រូវមួយអាច ទទួលយកបាន។ ក៏ប៉ុន្តែបើយើងនាំគ្នាពិនិត្យ ឲ្យបានម៉ត់ចត់ ជាងនេះបន្តិច យើងនឹងឃើញថា កត្តាដែលបង្កគ្រោះថ្នាក់ ធំបំផុតនោះ គឺដោយសារតែអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មិនថា ប្រជាពលរដ្ឋធម្មតានោះទេ សូម្បីមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ មួយចំនួនធំ មិនមានស្មារតី គោរពច្បាប់នោះទេ ។ គេជឿថា បើទោះបីកត្តាសេដ្ឋកិច្ច រីកចំរើន ចំនួនយានយន្ត កើនឡើង កត្តាផ្លូវថ្នល់តូចចង្អៀត ក៏ដោយចុះ តែបើមានស្មារតី គោរពច្បាប់នោះ គ្រោះថ្នាក់ចរាចរណ៍ វាមិនអាចមានតួលេខ ខ្ពស់បែបនេះទេ ។
ជាការពិត ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាមរយៈការផាកពិន័យ ដូច្នេះបានក្លាយទៅជាដង្កៀប ចាប់បង្ខំឲ្យប្រជាពលរដ្ឋ អនុវត្តតាម ។ ប៉ុន្តែជាការកត់សម្គាល់ បើទោះបីជាមានការផាកពិន័យ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេសង្កេត ឃើញថា អ្នកប្រើប្រាស់ផ្លូវមួយចំនួ ធំនៅតែមិនខ្លាចនឹង ប្រព្រឹត្តល្មើសច្បាប់ ។ មិនមែនដោយសារការផាកពិន័យ ធូររលុងហើយ ប្រើប្រាស់ផ្លូវមិនទាន់ សម្របខ្លួនបានទៅនឹងច្បាប់ថ្មី ដែលតឹងតែងនោះទេ ។ គឺមកពីសង្គមកម្ពុជា ដែលនិយមនាំគ្នា ខ្លាចប៉ូលិស ជាងខ្លាចច្បាប់តែម្ដង ។ ចំណុចនេះ ក៏អាចនិយាយ បានថា មកពីទម្លាប់ផងដែរ បើទោះបីជានគរបាលចរាចរណ៍បើកប្រតិបត្តិការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ ហើយក៏ដោយ គេនៅតែសង្កេតឃើញថា អ្នកប្រើប្រាស់ផ្លូវ នៅកម្ពុជា នៅតែមិនគោរពច្បាប់ចរាចរណ៍ដដែល នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
មនុស្សមួយចំនួន មិនបានយកច្បាប់ជាធំឡើយ តែបែរជានាំគ្នាប្រព្រឹត្ត តាមការនឹក ឃើញ និងប្រើកម្លាំងបាយ ឬកម្លាំងអំណាច រៀងៗខ្លួនទៅវិញ។ នៅតាមផ្លូវ គេនៅតែប្រទះឃើញ ការជិះបញ្ច្រាសផ្លូវ មិនគោរពភ្លើងសញ្ញាចរាចរណ៍ ។ អ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ។ អ្នកជិះម៉ូតូខាងក្រោយ ដែលមិនពាក់មួកសុវត្ថិភាព ។ អ្នកបើកបរដោយគ្រឿងស្រវឹង និងមិនពាក់ខ្សែក្រវាត់ និយាយទូរស័ព្ទ និងមិនលើក កម្ពស់ស្មារតីប្រុងប្រយ័ត្ន ពេលបើកបររថយន្ត ជាដើម។
បញ្ហានេះ គេក៏ពិបាកនឹងបន្ទោស អ្នកប្រើប្រាស់ផ្លូវ តែឯងណាស់ ដែលនៅប្រកាន់ទម្លាប់ចាស់ មិនព្រមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ ការអនុវត្តច្បាប់មិនបានទូលំទូលាយស្មើភាពគ្នា ចំពោះប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក៏ជាមូលហេតុសំខាន់មួយដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅតែរក្សាទម្លាប់ប្រើប្រាស់ផ្លូវបែបចាស់ដដែល។
មួយវិញទៀត ការផាកពិន័យបែបធូររលុង វាក៏ជាទម្លាប់មួយផងដែរនៅពេលដែលសមត្ថកិច្ច ចរាចរណ៍ នៅតែយកលុយ ដោយគ្មានវិក្កយបត្រ គឺអ្នកប្រើប្រាស់ផ្លូវក៏មិនខ្លាចនឹងបោះបង់ ចោល ទម្លាប់ចាស់នោះដែរ ។
ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ ដែលនគរបាលចរាចរណ៍ បានធ្វើកន្លងមកនេះ គឺជារឿងគួរឲ្យលើកទឹកចិត្ត ព្រោះវាបានធ្វើឲ្យពលរដ្ឋខ្មែរ ងាកមកចាប់អារម្មណ៍ស្វែងយល់ពីច្បាប់ ។ ប៉ុន្តែការស្វែងយល់ពីច្បាប់ នៅមិនទាន់គ្រប់គ្រាន់ទេ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែតាំងចិត្តផ្លាស់ប្ដូរទម្លាប់របស់ខ្លួន បើមិនទាន់បានទាំងស្រុង ក៏ត្រូវធ្វើជាបណ្ដើរៗដែរ ។ ព្រោះបើពុំដូច្នោះទេ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ដងផ្លូវ ខ្លួនឯង គឺជាអ្នកដែលខាតបង់ ។ ខាតបង់ដោយសារប្រព្រឹត្តល្មើសច្បាប់ ហើយត្រូវរងការផាកពិន័យ ឬអាក្រក់ជាងនេះ គឺខាតបង់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីទម្លាប់ មិនគោរពច្បាប់ចរាចរណ៍របស់ខ្លួនឯង ។
ដូចនេះចំណុចគោលសំខាន់បំផុត ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ ជីវិតមនុស្ស គឺត្រូវធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ មានស្មារតីភ្ញាក់រលឹក ចេះគោរពច្បាប់ ។ ចំណែក អ្នកអនុវត្តច្បាប់ចរាចរណ៍វិញ នគរបាល ត្រូវតែធ្វើឲ្យបានជាប់លាប់ និងធ្វើការពិន័យឲ្យបាន តឹងរឹង តាមច្បាប់កំណត់ ។ ទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ទៅដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេសនៅតំបន់ដាច់ស្រយាល ក៏ជារឿងចាំបាច់ មិនអាចខ្វះបានដូចគ្នាដែរ៕ ដោយ៖តារារិទ្ធ