តាមព័ត៌មានថា ក្លឹប Tottenham អន្ទះសាចង់ចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ ហ្គារ៉េត បេល (Gareth Bale) ពីក្លឹប Real Madrid មកវិញ ប៉ុន្តែមានបំណងចំណាយត្រឹមតែ២៥លានផោន ប៉ុណ្ណោះសម្រាប់ខ្សែបម្រើស្លាបរូបនេះ។
បេល ដែលផ្ទេរពីក្លឹប Spurs មកកាន់ក្របខណ្ឌ La Liga កាលពីឆ្នាំ២០១៣ក្នុងតម្លៃ៨៥លានផោន ហើយនៅសល់កិច្ចសន្យាដល់ឆ្នាំ២០២២។ លោក ចូណាថាន បាណេត (Jonathan Barnet) ភ្នាក់ងាររបស់ បេល បានបដិសេធកិច្ចសន្យាខ្ចីជើងសម្រាប់កីឡាករឆ្នើមរូបនេះ។
ទោះបីជាយ៉ាងណា បេល នៅតែត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញពីប្រទេស អេស្ប៉ាញ ហើយលោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) អ្នកចាត់ការក្លឹប Tottenham អន្ទះសាចង់បានកីឡាករវ័យ៣០ឆ្នាំរូបនេះ។
តាមព័ត៌មានថា បើទោះបីជាលោក ម៉ូរីញ៉ូ មានបំណងសម្រេចកិច្ចព្រមព្រៀងផ្ទេរក៏ដោយ ក៏ក្លឹបគ្មានបំណងចំណាយច្រើនជាង២៥លានផោន ក្នុងការនាំយក បេល មកពីទីក្រុងឡុងដ៍នោះទេ។
លោក បាណេត បាននិយាយថា “បេល គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមក្នុងពិភពលោក។ ហេតុអ្វីក៏កីឡាករឆ្នើមម្នាក់ត្រូវលេងខ្ចីជើង”៕ ប្រែសម្រួល: ពិសិដ្ឋ