នៅអនុវិទ្យាល័យលំទង
ដោយៈ សួត វិចិត្រ មជ្ឈមណ្ឌលឯកសារកម្ពុជា
ភ្នំពេញៈកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវេទិកាថ្នាក់រៀនមួយស្ដីពី «ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅអនុវិទ្យាល័យលំទង ដែលមានសិស្សានុសិស្សចូលរួមចំនួន៥៣នាក់។ អនុវិទ្យាល័យនេះ មានទីតាំងស្ថិតនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតជាកិច្ចពិភាក្សារវាងសិស្សានុសិស្ស និងគ្រូបង្រៀន ហើយសិស្សា នុសិស្សក៏ត្រូវបានជំរុញ និងលើកទឹកចិត្ដឲ្យធ្វើការកត់ត្រា និងចងក្រងនូវប្រវត្ដិរឿងរ៉ាវរបស់ក្រុមគ្រួសារ សាច់ញាតិ និងប្រជាជនដែលរស់នៅក្នុងសហគមន៍ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហម។ វេទិកានេះក៏ជាកិច្ចការមួយក្នុងចំណោមកិច្ចការជាច្រើនទៀតរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិភាព ការចងចាំ និង ការផ្សះផ្សា។
វេទិកាថ្នាក់រៀននេះ បានប្រព្រឹត្ដទៅអស់រយៈពេលមួយព្រឹក ដោយគិតចាប់ពីម៉ោង៧:៣០នាទី រហូតដល់ម៉ោង១២:០០ថ្ងៃត្រង់។បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាវាគ្មិននៅក្នុងវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នេះ។ ដំបូងលោកបានសំណេះសំណាលជាមួយសិស្សានុសិស្សដែលមានវត្ដមានចូលរួមក្នុងវេទិកាថ្នាក់រៀននេះ។ បន្ទាប់មក ក្រុមការងាររបស់លោកក៏បានចែកសំណួរស្ទាបស្ទង់មតិទៅកាន់សិស្សានុសិស្សចំនួន៥៣នាក់ ដើម្បីស្ទាបស្ទង់ពីចំណេះដឹងរបស់សិស្សានុសិស្សនៅមុនពេលចាប់ផ្ដើមវេទិកាថ្នាក់រៀន។ បន្ទាប់ពីសិស្សបំពេញសំណួរស្ទាបស្ទង់មតិចប់ ការពិភាក្សាអំពីខ្លឹមសារប្រវត្ដិសាស្ដ្រ ក៏បានចាប់ផ្ដើមឡើង ដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្ដទុកដាក់ពីសិស្សានុសិស្ស។ អំឡុងពេលនោះ សិស្សានុសិស្សក៏ត្រូវបានបែងចែកជាក្រុមផ្សេងៗគ្នាសម្រាប់ធ្វើការពិភាក្សាលម្អិតពីប្រវត្ដិសាស្ដ្រ ក្រោមប្រធានបទ «ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» និងប្រវត្ដិសាស្ដ្រដែលបានដកស្រង់ចេញពីសៀវភៅគោល «ប្រវត្ដិសាស្ដ្រសហគមន៍អន្លង់វែង»។ កុនឯកសារ ដែលមានចំណងជើងថា «គុកទួលស្លែង» និងវីដេអូស្ដីពី «ប្លង់គោលស្រុកអន្លង់វែង» ក៏ត្រូវបានចាក់បញ្ចាំងឲ្យសិស្សានុសិស្សទស្សនា។ ក្នុងអំឡុងពេលនោះ ក៏មានកម្រងរូបថតឯកសារអំពីមេដឹកនាំខ្មែរក្រហម និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម ត្រូវបានចាក់បញ្ចាំងឲ្យសិស្សានុសិស្សទស្សនាដែរ។
បន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀននេះ សិស្សានុសិស្សមានមតិយោបល់ដូចតទៅ ៖
.លឹម បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ «ក» នៃអនុវិទ្យាល័យលំទងបានរៀបរាប់ថា «ខ្ញុំបានយល់ដឹងពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យជាច្រើនបន្ទាប់ពីបានចូលរួមវេទិកាថ្នាក់រៀននៅថ្ងៃនេះ ដូចជាយល់ដឹងអំពីការដឹកនាំរបស់បក្សកុម្មុយនីស្ដ ការធ្វើទារុណកម្មមកលើប្រជាជនដោយមិនគិតពីភាពចាស់ជរា ឬកុមារភាព ជាពិសេសខ្មែរក្រហមបានបង្ខំឲ្យធ្វើការងារហួសកម្លាំង។ ក្រៅពីនេះ ខ្ញុំបានយល់ដឹងតាមរយៈខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រពីមន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្មដ៏ឃោរឃៅ និងព្រៃផ្សៃបំផុត។ ខ្សែភាពយន្តឯកសារនេះ បានឆ្លុះបញ្ចាំងឲ្យខ្ញុំបានឃើញអ្នកទោសជាប់ខ្នោះច្រវ៉ាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងគុកទួលស្លែង។ ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុតខ្លាំងណាស់ចំពោះជនរងគ្រោះទាំងនោះ។ ខ្ញុំយល់ថាការសិក្សាប្រវត្ដិសាស្ដ្រអាចធ្វើឲ្យយើងយល់ដឹងពីអំពើល្អ និងអំពើអាក្រក់ ហើយយើងអាចដឹងពីការដឹកនាំរបៀបរបបផ្ដាច់ការ និងសេរី។ ខ្ញុំពេញចិត្ដវេទិកាថ្នាក់ការៀននេះខ្លាំងណាស់ ព្រោះវាជាផ្នែកមួយជួយឲ្យខ្ញុំយល់ដឹងពីប្រវត្ដិសាស្ដ្រនៃរបបកម្ពុជាប្រជាធិបតេយ្យបានកាន់តែច្រើនឡើង។
គុណ សំណាង ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី ៩ «ក» បានរៀបរាប់ថា «ខ្ញុំបានស្គាល់មេដឹកនាំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមមាន ប៉ុល ពត, នួន ជា, ខៀវ សំផន និង អៀង សារី តាមរយៈវេទិកាថ្នាក់រៀននេះ។ ខ្ញុំយល់ថារបបកម្ពុជាប្រជាធិបតេយ្យពិតជាមានភាពឃោរឃៅ និងព្រៃផ្សៃជាទីបំផុតព្រោះមេដឹកនាំទាំងនោះប្រកបដោយភាពផ្ដាច់ការ និងគ្មានភាពអាណិតអាសូរទាល់តែសោះទៅដល់ប្រជាជន។ ខ្សែភាពយន្តឯកសារដែលទើបតែបញ្ចប់អំបាញ់មិញនេះ ខ្ញុំឃើញមានកុមារតូចៗ ចាស់ជរា និងប្រជាជនដែលកំពុងធ្លាក់ខ្លួនឈឺ ត្រូវបានខ្មែរក្រហមធ្វើបាបដូចសត្វធាតុអញ្ចឹង។ ចំណែកឯអ្នកទោសវិញ ត្រូវបានដាក់ច្រវ៉ាក់ជើង និងត្រូវទទួលរងទារុណកម្មរហូតដល់ស្លាប់បាត់បង់ជីវិត។ ការដឹកនាំរបៀបនេះ វាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងខ្លាំង ជាពិសេសបាត់បង់ជីវិតមនុស្ស ហើយសង្គមក៏មិនអាចឈានទៅរកការអភិវឌ្ឍន៍បានដែរ។ វេទិកាថ្នាក់រៀននេះ បានធ្វើឲ្យខ្ញុំយល់កាន់តែច្រើនឡើងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ រួមទាំងការធ្វើទារុណកម្ម ការបង្អត់អាហារ ការធ្វើការហួសកម្លាំង និងការព្រាត់ប្រាស់ក្រុមគ្រួសារ។
.បឿយ ស្រីនាង អាយុ១៥ឆ្នាំ នៃអនុវិទ្យាល័យលំទង បានរៀបរាប់ថា «ក្រោយពីខ្ញុំបានសិក្សាពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យរួចមក ខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនពីអំពើប្រល័យពូជសាសន៍ និងការធ្វើទារុណកម្មរបស់មេដឹកនាំខ្មែរក្រហមមកលើប្រជាជនកម្ពុជា។ ខ្ញុំយល់ថាការសិក្សាប្រវត្ដិសាស្ដ្រក៏អាចធ្វើឲ្យយើងក្លាយទៅជាអ្នកដឹកនាំដ៏ល្អបានដែរ ព្រោះវាបានបង្ហាញពីការដឹកនាំ និងភូមិសាស្ដ្រ។ តាមរយៈវេទិកាថ្នាក់រៀននេះ ខ្ញុំយល់ឃើញថា មេដឹកនាំខ្មែរក្រហមពិតជាមានភាពសាហាវយង់ឃ្នងដោយបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទារុណកម្ម ការបង្អត់អាហារ និងការឃុំឃាំងមនុស្សជាដើម»៕សរន