ដោយៈសួត វិចិត្រ/ ភ្នំពេញៈកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើតវេទិកាស្ដីពី «សិទ្ធិស្ដ្រី» នៅក្នុងភូមិគោកសំព័រ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលមានប្រជាជនចូលរួមសរុបចំនួន២០នាក់។
វេទិកាស្តីពីសិទ្ធិស្ដ្រីនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់នូវសិទ្ធិចូលរួមរបស់ស្ដ្រីនៅក្នុងសហគមន៍ ការឈរឈ្មោះជាអ្នកតំណាង និងការដឹកនាំលើវិស័យនានា ដែលស្ដ្រីគួរតែត្រូវបានរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។ ស្ដ្រីរមែងទទួលបានការគាំពារពីសង្គម ដែលអាចឲ្យស្ដ្រីជៀសផុតពីការទទួលរងនូវអំពើហិង្សា និងភាពរឹតត្បិតទៅលើមុខងារ ឬតួនាទីរបស់ស្ដ្រីក្នុងសហគមន៍ទាំងមូល។
វេទិកានេះចាប់ផ្ដើមឡើងដោយមតិសំណេះសំណាលរបស់បណ្ឌិតលីសុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងជាវាគ្មិនផ្នែកប្រវត្ដិសាស្ដ្រទៅកាន់ប្រជាជនដែលមានវត្ដមាននៅក្នុងអង្គវេទិកានេះ។បណ្ឌិត លី សុខឃាង បានឆ្លៀតឱកាសសួរសុខទុក្ខស្ត្រីដែលបានចូលរួម ព្រមទាំងបានបង្ហាញនូវគម្រោងកិច្ចការនានារបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងដែលធ្លាប់បានអនុវត្ដកន្លងមក។ ក្នុងនោះដែរ ក៏មានសៀវភៅ «ប្រវត្ដិសាស្ដ្រសហគមន៍អន្លង់វែង» ចំនួន១០ក្បាល ដែលត្រូវបានចែកជូនប្រជាជននៅក្នុងវេទិកានេះ។
ក្រោយពីកិច្ចសំណេះសំណាលត្រូវបានបញ្ចប់ កម្មវិធីក៏ចាប់ផ្តើមលើកយក អំពីប្រវត្ដិសាស្ដ្រសហគមន៍អន្លង់វែងមកពិភាក្សា លើកអំពីបញ្ហាប្រឈមរបស់ស្ដ្រីក្នុងសហគមន៍ និងលើកអំពីដំណើរការអភិវឌ្ឍន៍សហគមន៍អន្លង់វែងតាមបែបប្រវត្ដិសាស្ដ្រតាមរយៈប្លង់គោលស្រុកអន្លង់វែង។ កិច្ចពិភាក្សានេះ បានអនុញ្ញាតឲ្យប្រជាជនចោទជាសំណួរ និងការបញ្ចេញមតិយោបល់ទៅលើបញ្ហាទាំងឡាយណាដែលប្រជាជននៅក្នុងសហគមន៍ធ្លាប់បានជួបប្រទះ។
អ្នកស្រី អូន វុទ្ធី អាយុ៣៨ឆ្នាំ រស់នៅភូមិគោកសំព័រ មានតួនាទីទទួលបន្ទុកកិច្ចការនារី បានបង្ហាញការយល់ឃើញថា «នាងខ្ញុំបានធ្វើការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិស្ដ្រីជាច្រើនក្នុងភូមិគោកសំព័រនេះ។ ខ្ញុំសង្កេតឃើញថា កាលពីប៉ុន្មានឆ្នាំមុនអំពើហឹង្សាក្នុងគ្រួសារគឺមានការកើនឡើងច្រើន ពីព្រោះនៅតំបន់នេះមានភាពដាច់ស្រយាលខ្លាំង។ អំពើហឹង្សា កើតឡើងភាគច្រើន គឺដោយសារខ្វះភាពអធ្យាស្រ័យ និងការយោគយល់គ្នារវាងភាគីប្ដីប្រពន្ធ។ ប៉ុន្ដែក្រោយមកយើងបានបង្កើតក្រុមការងារសម្របសម្រួលទៅលើកិច្ចការទាំងអស់នេះ ហើយបានមើលឃើញពីភាពធូរស្រាលកាន់តែច្រើនឡើង។ ការលើកកម្ពស់សិទ្ធិស្ដ្រីនេះ មានគោលបំណងសំខាន់ក្នុងការគាំពារនូវសិទ្ធិ សេរីភាព និងភាពស្មើគ្នាចំពោះមុខច្បាប់ ឬសកម្មភាពចូលរួមក្នុងសង្គមរវាងបុរស និងស្ដ្រី។ ខ្ញុំយល់ថា ស្ដ្រីក៏មានតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គមតាមរយៈការបង្កើតឲ្យមានក្រុមនារីចុះល្បាតព្រៃឈើ និងការការពារធនធានធម្មជាតិនៃព្រៃសហគមន៍សង្ឃរុក្ខវ័ន ដែលជាគម្របព្រៃឈើជាងបីម៉ឺនហិកតា ដោយរួមសហការជាមួយក្រុមការងាររបស់ព្រះសង្ឃនៅទីនោះ។ ក្រៅពីនេះ ស្ដ្រីក៏មានតួនាទីនៅក្នុងការអភិរក្សធនធានជលផលក្នុងបឹងទំនប់ថ្មី ដើម្បីទប់ស្កាត់នូវរាល់ការនេសាទខុសច្បាប់។ ចំណែកឯក្រុមសមាគមន៍សិល្បៈក្នុងភូមិគោកសំព័រ ក៏មានវត្ដមានស្ដ្រីក្នុងកិច្ចការនេះដែរ។ ទោះជាយ៉ាងនេះក្ដី គ្រប់កិច្ចការងារទាំងអស់ដែលធ្វើឡើង ក៏ពុំមែនមានតែការចូលរួមរបស់ស្ដ្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមពីបុរសដែរ។ ខ្ញុំមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមពីបុរស ពីព្រោះបុរសក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានការគោរពនូវសិទ្ធិសេរីភាពរបស់ស្ដ្រី»។
តាមរយៈការសាកសួរនៅក្នុងកិច្ចពិភាក្សានេះ ស្ដ្រីភាគច្រើននៅក្នុងភូមិគោកសំព័រ បានសម្ដែងនូវទុក្ខលំបាករបស់ខ្លួន និងបញ្ហាប្រឈមដែលសហគមន៍បានជួបប្រទះ។ នៅក្នុងនោះដែរ បញ្ហាជំងឺបានក្លាយទៅជាបញ្ហាមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ ដែលកំពុងតែប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងជំងឺពោះវៀន ជាដើម។បញ្ហាទាំងអស់នេះ បានបង្កើតជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជន គួបផ្សំនឹងការខ្វះខាតស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលបង្ហាញពីការរាំងស្ទះដល់ការរស់នៅរបស់ប្រជាជន និងការរៀនសូត្ររបស់សិស្សានុសិស្សនៅភូមិនេះផ្ទាល់។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការចូលរួមរបស់ស្ដ្រីទៅលើសកម្មភាពអភិវឌ្ឍន៍សហគមន៍ ដែលនៅមានកម្រិតនៅឡើយ និងមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ។ ស្ដ្រីភាគច្រើនបានយល់ស្របថា កត្ដាចំណេះវិជ្ជាគឺជាបញ្ហាចម្បងដែលស្ដ្រីក្នុងភូមិនេះបានជួបប្រទះ និងមិនអាចឲ្យខ្លួនឈរឈ្មោះជាអ្នកតំណាងបាន។ ក្រៅពីនេះ ការអសកម្មភាពរបស់ស្ដ្រីក៏បណ្ដាលមកពីការអសមត្ថភាព និងអឆន្ទៈក្នុងការចូលរួមដោយខ្លួនឯង។ ស្ដ្រីមួយចំនួនហាក់សម្ដែងពីបញ្ហាចំណងគ្រួសារ ទៅនឹងជីវិតផ្ទាល់ខ្លួនដែលមិនអាចលះបង់នូវពេលវេលាឲ្យពេញលេញបានក្នុងការចូលរួមធ្វើសកម្មភាពក្នុងសហគមន៍។ ភាពថមថយនៃការចូលរួមរបស់ស្ដ្រី ក៏បណ្ដាលមកពីការខ្វះខាតនូវភាពជ្រោមជ្រែង និងលើកកម្ពស់ពីមជ្ឈដ្ឋានជុំវិញ ដើម្បីឲ្យស្ដ្រីចូលរួមដោយសមភាព។
តាមរយៈវេទិកាស្តីពី «សិទ្ធិស្ដ្រី» ខាងលើ បានបង្ហាញឲ្យឃើញនូវដំណើរការនៃការចូលរួមរបស់ប្រជាជនក្នុងសហគមន៍ ជាពិសេសស្ដ្រីនៅក្នុងមូលដ្ឋានដែលបានចូលរួមសម្ដែងនូវឆន្ទៈផ្ទាល់ខ្លួនអំពីភាពអសកម្មក្នុងសហគមន៍ និងការយល់ឃើញរបស់ខ្លួនទៅលើបញ្ហាប្រឈមនានាដែលស្ដ្រីបានជួបប្រទះ ដែលប៉ះពាល់ទៅដល់សិទ្ធិទាំងឡាយដែលខ្លួនមាន ដើម្បីលើកស្ទួយសហគមន៍ឲ្យមានស្ថេរភាព និងការអភិវឌ្ឍ៕សរន