វីរុសកូរ៉ូណាឆក់យកជីវិតមនុស្សចំនួន ២៦ នាក់នៅក្នុងប្រទេសចិន ដោយមានករណីឆ្លងជាង ៨០០ ករណីគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២៤ ខែមករា

គ្មានអ្វីត្រូវសង្ស័យទេ ការចងចាំរបស់ប្រជាជនចិនចំពោះបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២០ គឺច្បាស់ជាគ្របដណ្តប់ដោយការថប់បារម្ភទូទាំងប្រទេសជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅវូហាន។ ចាប់តាំងពីចុងខែធ្នូឆ្នាំមុននៅពេលដែលករណីឆ្លងជាច្រើនត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងទីក្រុងវូហានភាគកណ្តាលប្រទេសចិន វីរុសនេះបានឆក់យកជីវិតមនុស្សចំនួន ២៦ នាក់នៅក្នុងប្រទេស ដោយមានករណីឆ្លងជាង ៨០០ ករណីគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២៤ ខែមករា។

ខណៈចំនួនអ្នកស្លាប់កើនឡើង រយៈពេល៤ថ្ងៃកន្លងមកនេះគេសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការយល់ដឹងជាសាធារណៈអំពីជំងឺនេះ ដោយប្រព័ន្ធផ្សព្វផ្សាយចិនបានផ្ញើសារដាស់តឿននិងព័ត៌មានថ្មីៗអំពីការវិវត្តចុងក្រោយជាប់លាប់រហូត។

ក៏មានការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកជុំវិញស្ថានភាពនេះនៅលើប្រព័ន្ធបណ្តាញសង្គមចិនផងដែរ។ ខណៈអ្នកខ្លះជឿថាការរីករាលដាលជាទូទៅស្ថិតក្រោមការគ្រប់គ្រងនិងអបអរសាទរចំពោះសកម្មភាពដែលរដ្ឋាភិបាលបានចាត់យ៉ាងរហ័សនោះ ការសង្ស័យលើចំនួនពិតប្រាកដនៃអ្នកឆ្លងនិងលទ្ធភាពបិទបាំងរបស់រដ្ឋបាលក្នុងតំបន់ក៏លេចឡើងច្រើនដែរ។

កាលពីថ្ងៃព្រហស្បតិ៍ទី២៣មករា ជាថ្ងៃដែលរាល់ការដឹកជញ្ជូនចេញពីទីក្រុងវូហានត្រូវបានលុបចោល ប្រព័ន្ធផ្សព្វផ្សាយចិន Caixin បានចុះផ្សាយបទសម្ភាសន៍ជាមួយលោកគួន អ៊ី អ្នកជំនាញវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យហុងកុង។ ដោយធ្វើឱ្យមនុស្សភាគច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង លោកគួន អ៊ីបានអះអាងថា ការផ្ទុះឡើងនៃវីរុសនេះកំពុងកើតឡើងក្នុងកម្រិតមួយ ដែលហួសពីការទទួលស្គាល់ជាផ្លូវការ។ លោកបានសម្តែងនូវទុទិដ្ឋិនិយមចំពោះប្រសិទ្ធភាពនៃការអនុវត្តការដាក់អ្នកជំងឺនៅដាច់ដោយឡែកនៅវូហាន ព្រោះឥឡូវនេះមនុស្សមួយចំនួនធំបានចាកចេញពីវូហានសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលអាចនឹងឃើញករណីឆ្លងថ្មីៗដ៏ធំនៅប៉ុន្មានសប្តាហ៍ខាងមុខ។

ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីអត្ថបទសម្ភាសន៍របស់គាត់ទទួលបានការចាប់អារម្មណ៍នៅលើអ៊ីនធឺណេត សំណួរជាច្រើនត្រូវបានលើកឡើងជុំវិញភាពគួរឱ្យទុកចិត្តរបស់លោកគួន ខណៈអ្នកខ្លះបានបញ្ជាក់ថាគាត់មិនមានភាពស៊ីចង្វាក់គ្នានៅក្នុងការអត្ថាធិប្បាយរបស់គាត់ ហើយធ្លាប់បាននិយាយកាលពីថ្ងៃទី ១៥ ខែមករាថា វីរុសកូរ៉ូណានៅវូហាននឹងត្រូវបានគ្រប់គ្រង ហើយមិនចាំបាច់ភ័យស្លន់ស្លោទេ។

នេះគឺជាឧទាហរណ៍ជាក់ស្តែងបង្ហាញពីភាពច្របូកច្របល់ ដែលសាធារណជនបានជ្រួតជ្រាប នៅគ្រាដែលជាតិកំពុងមានអាសន្ន។ ក្នុងគ្រាបែបនេះ ប្រព័ន្ធផ្សព្វផ្សាយអាចត្រូវបានប្រើដើម្បីជូនដំណឹងដល់សាធារណជននិងណែនាំពួកគេឱ្យឆ្លងកាត់វិបត្តិនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក៏អាចបង្កើនការភ័យខ្លាចនិងការមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើងផងដែរ។

គេមិនត្រូវនិយាយថា អ្នករិះគន់ដូចលោកគួនអ៊ីមិនអាចជឿទុកចិត្តបានទេ តាមពិតគេគួរតែស្តាប់និងយកចិត្តទុកដាក់បំផុតចំពោះអ្នករិះគន់ ប៉ុន្តែភាពគួរឱ្យទុកចិត្តបាននៃមតិរបស់លោកគួនអ៊ីគឺហួសពីវិសាលភាពនៃអត្ថបទនេះ។ ចំណុចសំខាន់នៅទីនេះគឺ នៅពេលមានវិបត្តិ សាធារណជនអាចមើលឃើញការផ្សាយព័ត៌មានច្រើនហួសប្រមាណស្ទើរមិនគួរឱ្យជឿ ដែលអាចបង្កើតឱ្យមានឥទ្ធិពលច្រឡំបល់ ដោយសារតែភាពស្មុគស្មាញនិងភាពផ្ទុយគ្នានៃព័ត៌មាន។

វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗត្រូវប្រយ័ត្នប្រយែងចំពោះអ្វីដែលពួកគេបានអានតាមអ៊ីនធឺណេតនិងមិនត្រូវទុកចិត្តអ្វីគ្រប់យ៉ាងដែលពួកគេបានឃើញទេ។ ខណៈដែលរដ្ឋាភិបាលជាទូទៅព្យាយាមចៀសវាងការបង្ហាញឱ្យឃើញថាខ្លួនមានកំហុសនៅក្នុងឧបទ្ទវហេតុសាធារណៈ សាធារណជនក៏មានទំនោរសង្ស័យជានិច្ចផងដែរចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលនិងសង្ស័យថារដ្ឋាភិបាលនិយាយសម្រាលស្ថានការដើម្បីចៀសវាងការរិះគន់។ ហើយនេះអាចជាចំណុចខ្សោយមួយ ដែលចុងក្រោយត្រូវគេយកមកប្រើដើម្បីដុតកំហឹងសាធារណជន ប៉ុន្តែមិនបានជួយបន្ថយស្ថានការណ៍។

ទន្ទឹមនឹងនេះដែរចំពោះរដ្ឋាភិបាល ការឆ្លើយតបដ៏ក្លៀវក្លាក៏ជាធាតុសំខាន់មួយផងដែរដើម្បីនាំប្រទេសឆ្លងកាត់វិបត្តិនេះ។

កាលពីឆ្នាំ ២០០២ និង ២០០៣ នៅពេលដែលប្រទេសចិនកំពុងព្យាយាមដោះស្រាយការរាតត្បាតជំងឺសា រដ្ឋាភិបាលបានរងការរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបយឺតយ៉ាវនិងការស្ទាក់ស្ទើរគ្រាដំបូងក្នុងការបញ្ចេញព័ត៌មាន។

ទោះជាយ៉ាងណា មនុស្សជាច្រើននឹងចង្អុលបង្ហាញថា ឧបទ្ទវហេតុជំងឺសាបានជំរុញឱ្យមាន “បដិវត្តន៍” នៅក្នុងការដោះស្រាយរបស់រដ្ឋាភិបាលចិនជាមួយឧបទ្ទវហេតុសុខភាពសាធារណៈ។ អតីតអ្នកនាំពាក្យក្រសួងសុខភាពសាធារណៈធ្លាប់បាននិយាយថា “តម្លាភាពមានឥទ្ធិពលយ៉ាងសំខាន់ទៅលើថាតើវិបត្តិមួយត្រូវបានដោះស្រាយត្រឹមត្រូវឬអត់”។

ឧទាហរណ៍ជាក់ស្តែង ចាប់តាំងពីការផ្ទុះជំងឺសាក្នុងឆ្នាំ ២០០៣ របបក្រុងប៉េកាំងបានបង្កើតប្រព័ន្ធព័ត៌មានទូទាំងប្រទេសសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ ដែលភ្ជាប់មន្ទីរពេទ្យនិងគ្លីនិកនៅទូទាំងប្រទេស និង រាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្សេងៗទាន់ពេលវេលា។

អ្វីដែលចិនបានរៀនសូត្រពេលផ្ទុះជំងឺសាបានជួយឱ្យមានវឌ្ឍនភាពក្នុងការដោះស្រាយជាមួយវីរុសកូរ៉ូណានៅវូហាន។ គេត្រូវទទួលស្គាល់ជាទូទៅថា លើកនេះរដ្ឋាភិបាលចិនបានធ្វើសកម្មភាពលឿនជាងមុនបើប្រៀបធៀបទៅនឹងការផ្ទុះឡើងនៃជំងឺសា។

វាពិតជារឿងលើកទឹកចិត្តមួយដែលប្រព័ន្ធផ្សព្វផ្សាយចិនឥឡូវនេះផ្តល់ព័ត៌មានថ្មីៗអំពីករណីឆ្លងនិងបញ្ជូនការជូនដំណឹងអំពីការធ្វើដំណើរ។ កាលពីថ្ងៃព្រហស្បតិ៍ព័ត៌មានលម្អិតអំពីជនរងគ្រោះដែលបានស្លាប់ដោយសារវីរុសនេះត្រូវបានអាជ្ញាធរចែករំលែក។ គណៈកម្មការសុខភាពជាតិរបស់ចិនក៏បានបោះពុម្ពផ្សាយផែនការនិងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលវីរុសកូរ៉ូណានៅវូហានកំណែទីបីផងដែរ។ តម្លាភាពក្នុងការបង្ហាញព័ត៌មានគឺធានាឱ្យសាធារណជនមានការយល់ដឹងបានល្អអំពីស្ថានភាពហើយនឹងចាត់វិធានការការពារជាមុនដើម្បីកាត់បន្ថយហានិភ័យ។

ទន្ទឹមនឹងនេះដែរដើម្បីបង្អាក់បំលាស់ទីរបស់ប្រជាជននៅទូទាំងប្រទេស រដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍គ្មានការពិន័យចំពោះការលុបចោលសំបុត្ររថភ្លើង។ ខណៈដែលស្ថានភាពកំពុងវិវត្ត វិធានការសកម្មទាំងនេះគួរតែបន្តធ្វើ។

ទោះយ៉ាងណា ត្បិតមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏វាដូចជាលឿនពេកក្នុងការវិនិច្ឆ័យការអនុវត្តការងាររបស់រដ្ឋាភិបាលនៅគ្រានេះ។

ប៉ុន្តែរឿងមួយគឺច្បាស់ណាស់មែនទែន មិនថាវាជាការរីករាលដាលនៃជំងឺសាឆ្នាំ ២០០៣ ព្យុះទឹកកកឆ្នាំ ២០០៨ ដែលធ្វើឱ្យបណ្តាខេត្តភាគខាងត្បូងរបស់ចិនជាប់ទ្រឹង ឬ រញ្ជួយដីនៅវិនជួននោះទេ វាមានសារសំខាន់បំផុតដែលរដ្ឋាភិបាលគួរតែឆ្លើយតបចំពោះវិបត្តិសាធារណៈក្នុងលក្ខណៈក្លៀវក្លា ហើយរដ្ឋាភិបាលគួរតែរៀនពីកំហុសពីអតីតកាលរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពក្នុងការទប់ទល់នឹងព្រឹត្តិការណ៍ស្រដៀងគ្នានាពេលអនាគត៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ CGTN