នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប​ ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណី អំពើ​​លួចមានស្ថានទម្ងន់ទោសបញ្ជូនទៅ​តុលាការ​

ដោយ:គូលែន/សៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប រួមនឹងនគរបាលប៉ុស្ដិ៍សាលាកំរើក និងសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវរកឃើញបទល្មើសជាក់ស្ដែង បន្ទាប់ពីមានភស្តុងតាងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងបទសមគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់ករម៉ូតូ) ហើយជនសង្ស័យបញ្ជូនទៅតុលាការរួចហើយដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ នួន សក្កិចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកព្រហកមទណ្ឌ បាននិយាយថា ដោយយោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះឈ្មោះ ខឹម សុកកឿន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិយាយថា នៅថ្ងៃទី២១ ខែមករា ឆ្នឹ២០២០ វេលាម៉ោង០៦.១០នាទី នៅចំណុចហាងម៉ាស្សាយីហោ១៦៨ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក គាត់បានបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ លេខតួលេខម៉ាស៊ីន ៥៦២១៦៤១ ដោយម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS។

លោកបានបន្តថា តាមការស្រាវជ្រាវ រកទីតាំងម៉ូតូ ដែលជនសង្ស័យលួចយកទៅទុក គឺនៅក្នុងបន្ទប់ជួលជនសង្ស័យខាងលើ ។ ក្រោយពីរកទីតាំងខាងលើឃើញរួចហើយ មន្ត្រីនគរបាលយុត្តិធម៌ធ្វើការនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភៀវ សុងឹម ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងបទសមគំនិតក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់ករម៉ូតូ) ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេរបន្ទប់ស្នាក់នៅជនសង្ស័យខាងលើក៏រកឃើញ ផ្លែតួនឺវីសកែច្នៃ សម្រាប់កាច់សោរកម៉ូតូចំនួន ០៥ដើម, សោរខ្សៀលេខ​៨​ចំនួន​៣ដើម, តួនឺវីសដងជ័រពណ៌ខ្មៅចំនួន ០៣ដើម, សោរមាត់លេខ១០.១២.១៤.១៧ ចំនួន ០៣ដើម, សោរមាត់ជាប់សោរចិញ្ចៀនលេខ១៤ ចំនួន ០១ដើម, មួកការពារ ចំនួន ០៤ , កូនសោរម៉ូតូ ចំនួន ០៤គ្រាប់, ប័ណ្ណសម្គាល់យានយន្ត(ម៉ូតូ) ចំនួន ០១សន្លឹក, លិខិត​​​​​​​​​​​​​​​​​​​​​លក់ម៉ូតូ ចំនួន១សន្លឹក, វិក័យប័ត្ររបស់ហាងលក់ម៉ូតូយីហោចំណាន ចំណាប់ ចំនួន១សន្លឹក, វ៉ីសចាប់ផ្លាកលេខមួយចំនួន, ខោ អាវជនសង្ស័យមួយចំនួន, គ្រាប់ដែកឆក់ សម្រាប់ចាក់បន្ទះសោរសុវត្ថិភាព ចំនួន ០៨គ្រាប់ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងធ្វើចំណាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យបន្តទៀត ។

ខាងសមត្ថកិច្ចបានស្នើរសុំបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប មេត្តាប្រុងប្រយ័ត្នលើមធ្យោបាយ(ម៉ូតូ)របស់ខ្លួន ព្រោះជនល្មើសបានគេចខ្លួនបាត់មិនទាន់ធ្វើការចាប់បាននោះទេ ហើយជនល្មើសនេះមានជំនាញយ៉ាងស្ទាត់ខាងកាច់សោករម៉ូតូ អត្តសញ្ញាណដូចមានក្នុងរូបថតនេះស្រេច និងស្នើសុំបងប្អូនទាំងអស់បើស្គាល់និងឃើញស្នាក់ក្នុងភូមិសាស្ត្រណាមួយសុំមេត្តាសហការរាយការណ៍មកដល់កម្លាំងនគរបាលមូលដ្ឋានដែលខ្លួនរស់នៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular