ដោយ:សុខុម/ស្ទឹងត្រែង:អ្នកបើកម៉ូតូដឹកត្រីម្នាក់បានប៉ះជាមួយរថយន្តកូរ៉េមួយតោនកន្លះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅត្រង់ចំណុចផ្លូវកោងជិតផ្លូវបំបែក(T)ផ្លូវជាតិលេខ៧តភ្ជាប់ផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២០។
នគរបាលចរាចរផ្លូវគោកបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរនេះអ្នកបើកបរម៉ូតូឈ្មោះ ទិម វិច្ឆិកាភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិពន្ធជាឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះ។ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួននៅពេលជួបហេតុការណ៍។ទោះបីជាយ៉ាងណាសមត្ថកិច្ចស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តនោះហើយ។
នគរបាលបន្តឱ្យដឹងទៀតថាបើតាមសាក្សីនៅកន្លែងកើតហេតុគេឃើញមានរថយន្តកូរ៉េមួយតោនកន្លះពណ៌ខៀវពាក់ស្លាកលេខ.យ1743.ភព2បើកក្នុងទិសដៅពីត្បូងមកជើងមកដល់ចំណុចផ្លូវកោងក៏បត់ចូលទៅកន្លែងធ្វើរថយន្ត។ខណៈនោះក៏មានម៉ូតូម៉ាកអិចស៊ីនធ័រពណ៌សគ្មានស្លាកលេខមកពីក្រោយក្នុងល្បឿនលឿនស្របទិសគ្នាបានបុកពីចំហៀងរថយន្តពេញទំហឹងម៉ូតូប៉ើងចូលព្រៃនិងមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់មកនគរបាលចរាចរផ្លូវគោកបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយទៅតាមនីតិវិធី៕S/